ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានបើកកិច្ចប្រជុំ ពិភាក្សាមួយជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីត្រៀមកម្លាំងក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់នៅពេលបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ ។
កិច្ចប្រជុំនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៣ កក្កដា ២០១៨នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកនាយឧត្តមសេនីយហ៊ុយ ពិសិដ្ឋ តំណាងក្រសួងការពារជាតិ តំណាងបញ្ជាការដ្ឋានកងអង្គរក្សអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះគឺបានពិភាក្សាលំអិតលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនគណបក្សនយោបាយទាំងអស់ ដែលនឹងចេញធ្វើសកម្មភាពដង្ហែក្បួន បិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយមានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំដង្ហែក្បួន បិទយុទ្ធនាការឃោសនា បោះឆ្នោតនោះដែរ។
ពាក់ព័ន្ធនឹងកិច្ចការងារខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះដែរ ក៏បានសេចក្ដីជូនដំណឹងមួយស្ដីពី ការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងការដង្ហែក្បួន បិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ របស់គណបក្សនយោបាយនេះផងដែរ។
បើតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកក្កដាខាងមុខ នឹងមានគណបក្សនយោបាយជាច្រើន ធ្វើការជួបជុំ និងដង្ហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការជួបជុំសមាជិក រហូតដល់ប្រមាណ២៥០.០០០នាក់ និងនៅទីលានប្រជាធិបតេយ្យ មានការជួបជុំសមាជិក រហូតដល់ប្រមាណ២០.០០០នាក់ ព្រមទាំងមានការជួបជុំសមាជិកនៅតាមទីស្នាក់ការគណបក្សមួយចំនួនផងដែរ ។
បន្ទាប់ពីការជួបជុំបណ្ដាគណបក្សនយោបាយ រួចដង្ហែនឹងត្រូវធ្វើឡើងនៅតាមមហាវិថីកម្ពុជាក្រោម មហាវិថីសម្ដេចមុនីរ៉េត កំណាត់វិថីសម្ដេចសុធារស កំណាត់មហាវិថីម៉ៅសេទុង កំណាត់មហាវិថីព្រះមុនីវង្ស កំណាត់មហាវិថីព្រះសីហនុ តិរវិថីព្រះស៊ីសុវត្ថិ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ផ្លូវណតប្រ៊ីត ផ្លូវចោមចៅ ផ្លូវលេខ២៧១ ផ្លូវលេខ៧០ និងផ្លូវសំខាន់ៗមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ។
នដើម្បីធានាបរិយាកាសនៃការបិទយុទ្ធនាការឃោសនាបោះឆ្នោត មានភាពល្អប្រសើរ និងស្នើភាពគ្រប់គណបក្សនយោបាយ ពិសេសការដង្ហែក្បូនរបស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្តោះអាសន្ន តាមទីតាំងជួបជុំមួយរយៈខ្លី និងបញ្ចៀសចរាចរតាមកន្លែងកកស្ទះ មួយចំនួន។
ដូចនេះស្នើសូមបងប្អូនប្រជាពលរដ្ឋដែលគ្រោងធ្វើដំណើរ ទៅកន្លែងជួបជុំ និងតាមមហាវិថី តិរវិថី និងផ្លូវសំខាន់ៗ មួយចំនួនខាងលើ មេត្តាបញ្ចៀសចរាចរជាបណ្តោះអាសន្ន បើសិនជាមិនចាំបាច់ពុំគួរធ្វើដំណើរឆ្លងកាត់ តាមកន្លែងជួបជុំ និងផ្លូវដង្ហែរបស់គណបក្សទាំងនោះ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ក្បួនដង្ហែត្រូវបានបញ្ចប់៕ ដោយ៖ សំរិត