ភ្នំពេញ៖ មន្ត្រីយោធាដែលសម្លាប់ប្រពន្ធរួច ដុតចោលក្នុងពាងត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនមកដល់តុលាការហើយ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះលោកសៀង សុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរ មូលហេតុពិតប្រាកដដែលធ្វើឲ្យបុរសជាប្តីហ៊ានសម្លាប់ប្រពន្ធខ្លួនឯង រួចយកទៅដុតចោលក្នុងពាងបង្កធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍កន្លងទៅនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ព្រោះតែរឿងប្រចណ្ឌ។
យោងតាមចម្លើយសារភាពរបស់បុរសជាប្តីឈ្មោះ សុង ទូច អាយុ៤៥ឆ្នាំដែលជាជនដៃដល់ថា ខ្លួនគេ និងប្រពន្ធឈ្មោះ ទឹម សោភា ហៅញ៉ាញ់អាយុ៣៤ឆ្នាំ តែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយខ្លួនចោទប្រពន្ធថាលួចមានសាហាយជាមួយប្រុសថ្មី ជាមួយគ្នានិងអ្នកទិញ លក់ដីដូចគ្នានោះរហូតដល់រៀបចំផែនការសម្លាប់ប្រពន្ធចោលតែម្តង។
គួរបញ្ជាក់ផងដែរថានៅម៉ោងប្រមាណ១០ ទៅម៉ោង១១យប់ ថ្ងៃទី១២ ខែវិច្ឆិកាខណៈដែលប្រពន្ធខ្លួនកំពុងដេកលង់លក់ នៅលើគ្រែ ក្នុងបន្ទប់បានយកពូថៅដែលត្រៀមទុកជាស្រេចវាយ នឹងខ្នងពូថៅចំសៀតផ្កាម្ខាងៗ៣ -៤ពូថៅ។ ហើយខ្លាចជនរងគ្រោះមិនស្លាប់គេក៏កាប់បន្ថែមចំបំពង់ក៣-៤ពូថៅទៀត រួចលើកសាកសពចុះមកក្រោមផ្ទះនិងដាក់ចូលក្នុងពាង ហើយបានទៅទិញសាំងយកមកដុត ដោយឃើញថាឆេះមិនទាន់អស់ខ្លួនក៏ចាក់សាំងដែលនៅសល់ក្នុងពីដុងនោះបន្ថែមទៀតតែសំណាងអាក្រក់ត្រូវខ្ទាតសាំងឆាបឆេះមុខ និងដៃខ្លួនឯង។
ក្រោយពេលធ្វើសកម្មភាពរួច ខ្លួនគេក៏យកលុយចំនួន៦០០ដុល្លារចិញ្ជៀនពេជ្រ១វង់និងម៉ូតូម៉ាកគុបជ្រុង១គ្រឿងរត់គេចទៅដេកនៅផ្ទះសំណាក់ម្តុំទំនប់ទួលគោកមួយយប់ជាមួយស្រី ហើយក៏ត្រូវស្រីនោះលួចលុយអស់ទើបនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៣ វិច្ឆិកាខ្លួនក៏បន្តជិះម៉ូតូចេញពីផ្ទះសំណាក់សំដៅទៅខេត្តកំពង់ស្ពឺហើយបានយកម៉ូតូផ្ញើនឹងមិត្តភក្តិ ហើយក៏បានស្នាក់នៅ១យប់។លុះស្អែកឡើងថ្ងៃទី១៤ វិច្ឆិកាខ្លួនក៏បន្តដំណើរដោយជិះតាក់ស៊ីឆ្ពោះទៅលាក់ខ្លួននៅផ្ទះមិត្តភក្តិម្នាក់ទៀតមានមុខរបរជាអ្នកនេសាទនៅទំនប់រលក ខេត្តព្រះសីហនុដោយស្នាក់នៅមួយយប់ លុះថ្ងៃទី១៦ វិច្ឆិកាក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕
ដោយ៖ ចាន់ធឿន