អេសស៊ីជីគាំទ្របាល់ទាត់កុមារ តាមរយៈការហ្វឹតហាត់ “Kick and Share” នៅខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ ក្រុមហ៊ុនអេសស៊ីជីបានបន្តបង្ហាញនូវសេចក្តីតាំងចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់យុវជនកម្ពុជាឲ្យមានលទ្ធភាពអាចសម្រេចក្តីសុបិនរបស់ខ្លួនផ្នែកកីឡាបាល់ទាត់ តាមរយៈកម្មវិធីហ្វឹកហាត់បាល់ទាត់ “Kick and Share” ជាមួយនឹងកំពូលកីឡាករបាល់ទាត់កម្ពុជា មានដូចជា អន ចាន់ប៉ូលីន សឿត បារាំង និងអ៊ុក សុវណ្ណ ដែលប្រព្រឹត្តទៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨នៅឯខេត្តកំពត ដោយមានការចូលរួមពីកុមារប្រមាណ ២០០ នាក់។

អេសស៊ីជី ដែលជាពហុសាជីវកម្មឈានមុខគេនៅអាស៊ាន បានជួយគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាបានជួយលើទឹកចិត្តឲ្យយុវជនទូទាំងប្រទេសចំណាយពេលទំនេររបស់ខ្លួនក្នុងសកម្មភាពវិជ្ជមាន ដូចជាការលេងបាល់ទាត់ជាដើម។

លោក ផារ៉ាម៉េត ភីមផាប៊ូត (Paramate Pimpaboote) នាយកប្រតិបត្តិការរោងចក្រកំពតស៊ីម៉ង់ត៍  ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អេសស៊ីជីបានមានប្រសាសន៍ថា៖ ព្រឹត្តិការណ៍ក្នុងថ្ងៃនេះជាតឹកតាងបង្ហាញពីការប្ដេជ្ញា និងសេចក្តីតាំងចិត្តរបស់យើងដើម្បីក្លាយជាក្រុមហ៊ុនល្អក្នុងសហគមន៍ដែលយើងធ្វើប្រតិបត្តិការអាជីវកម្ម។ យើងខ្ញុំសង្ឃឹមថា កុមារទាំងអស់នេះនឹងសម្រេចនូវក្តីសុបិនរបស់ខ្លួនក្នុងការក្លាយជាកីឡាបាល់ទាត់អាជីបទៅថ្ងៃមុខ។បាល់ទាត់ជាកីឡាពេញនិយមនៅក្នុងតំបន់ ហើយជាកីឡាដែលប្រជាជនកម្ពុជារាប់លាននាក់និយមចូលចិត្តលេង និងទស្សនា។ ក្រុមហ៊ុនអេសស៊ីជីមានកម្មវិធីជាច្រើនសម្រាប់ជួយគាំទ្រដល់កីឡាបាល់ទាត់នៅកម្ពុជា ដូចជាការឧបត្ថម្ភដល់ក្រុមជម្រើសជាតិ និងការរៀបចំការប្រកួតលក្ខណៈមិត្តភាពរវាងក្រុមតារាបាល់ទាត់ចម្រុះ K-Cement All Stars ដែលប្រមូលផ្ដុំទៅដោយតារាបាល់ទាត់នៅក្នុងលីគរបស់កម្ពុជា ប្រកួតជាមួយនឹងក្លឹបបាល់ទាត់កំពូលរបស់ថៃ SCG Muangthong United

កាលពីឆ្នាំមុន តារាបាល់ទាត់របស់ SCG Muangthong United ក៏បានចំណាយពេលជួយបង្ហាត់ដល់កុមារកម្ពុជារាប់រយនាក់ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញ ដែលនេះជាផ្នែកមួយនៃដំណើរទស្សនកិច្ចតំបន់អាស៊ាន ដែលរៀបចំឡើងដោយក្រុមហ៊ុន SCG ដែលជាក្រុមហ៊ុនគ្រប់គ្រងលើម៉ាកយីហោអេសស៊ីជី និងខេ-ស៊ីមេន។

លោក ផារ៉ាម៉េត ភីមផាប៊ូត បានបន្ថែមទៀតថា៖ អេសស៊ីជីមានសេចក្តីតាំងចិត្តក្នុងការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់សហគមន៍ ដែលយើងប្រកបអាជីវកម្ម និងធ្វើប្រតិបត្តិការ ហើយយើងមានជំនឿមុតមាំថា កីឡា និងសកម្មភាពកម្សាន្តផ្សេងៗ គឺជាផ្នែកដ៏មានតម្លៃក្នុងជីវិត។ មូលហេតុនេះហើយ ដែលយើងបានផ្ដួចផ្ដើមនូវគម្រោងអភិវឌ្ឍន៍ធនធានមនុស្សនានា ដើម្បីជួយផ្ដល់អនាគតភ្លឺស្វាងដល់ប្រជាជនដែលរស់នៅក្នុងសហគមន៍ផ្សេងៗ រួបទាំងនៅកម្ពុជាផង។ ហើយយើងសង្ឃឹមថា កម្មវិធីហ្វឹកហាត់បាល់ទាត់ Kick and Share នឹងបំផុសឲ្យកុមារចូលរួមកាន់តែច្រើនជាងមុនក្នុងការលេងកីឡា ហើយក្លាយជាតារាបាល់ទាត់អាជីពរបស់កម្ពុជាទៅថ្ងៃអនាគត

កម្មវិធីហ្វឹកហាត់បាល់ទាត់ Kick and Share គឺជាកិច្ចសហការរវាងក្រុមហ៊ុនអេសស៊ីជី និងក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលជាក្លឹបបាល់ទាត់ឈានមុខគេនៅកម្ពុជា។ គ្រូបង្វឹក និងកីឡាកររបស់ក្លឹបបានជួយផ្ដល់នូវគន្លឹះ និងបច្ចេកទេសនានានៃការលេងបាល់ទាត់ ដល់កុមារដែលបានចូលរួម។ បន្ទាប់ពីការហ្វឹកហាត់ ក្រុមហ៊ុនអេសស៊ីជីក៏បានឧបត្ថម្ភសម្ភារកីឡាបាល់ទាត់ដល់កុមារ ដើម្បីជួយឲ្យពួកគេហ្វឹកហាត់នូវបច្ចេកទេសថ្មីៗនៅអំឡុងពេលទំនេរ។

កាលពីខែឧសភា អេសស៊ីជី ក៏បានរៀបចំវគ្គហ្វឹកហាត់បាល់ទាត់ ដែលមានកុមារជាង ៣០០ នាក់ចូលរួមរៀនជំនាញ និងបច្ចេកទេសនៃការលេងបាល់ទាត់។

ក្រុមហ៊ុន អេសស៊ីជី បានអនុវត្តកម្មវិធីហ្វឹកហាត់បាល់ទាត់ “Kick and Share” នេះជាច្រើនឆ្នាំមកហើយ ដោយក្នុងនោះ កុមាររាប់រយនាក់មកពីទីកន្លែងផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដូចជានៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកំពតជាដើម បានទទួលអត្ថប្រយោជន៍ពីវគ្គហ្វឹកហាត់នេះ។ វគ្គហ្វឹកហាត់នេះ ជូយបំពេញបន្ថែមដល់គម្រោងផ្នែកអប់រំរបស់ក្រុមហ៊ុន អេសស៊ីជី ដែលបានផ្ដល់អាហារូបករណ៍ជាង ៨០០ កន្លែងដល់យុវជនកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន។ គម្រោងទាំងពីរនេះ ជាតឹកតាងបង្ហាញអំពីសេចក្តីប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន អេសស៊ីជី ក្នុងការជួយអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីកន្លែងដែលមានប្រតិបត្តិការរបស់ក្រុមហ៊ុន ហើយក៏បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះយុវជន ដែលដើរតួនាទីសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print