ភ្នំពេញ៖ម្ចាស់បទ”មិនស្រលាញ់អូនមិនបាន” លោកចាន់ សម័យដែលធ្លាក់ខ្លួនក្រីក្រតោកយ៉ាក និងខ្លួនឈឺនោះគឺទទួលបានសំណាងខ្ពស់ហួសពីការគិតក្រោយពីប្រមុខរដ្ឋាភិបាលផ្តល់ជំនួយទឹកប្រាក់ច្រើនរួមទាំងការលើកទឹកចិត្តនោះ។ ថ្មីៗនេះលោកទទួលដំណឹងល្អមួយថ្មីទៀតគឺត្រូវអ្នកផលិតកម្មវិធីអញ្ជើញឲ្យចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសបារាំងជាថ្មីដើម្បីរកប្រាក់កម្រៃជួយខ្លួនឯង និងគ្រួសារ។
សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចជួយឧបត្ថម្ភតារាចម្រៀងរូបនេះ១ម៉ឺនដុល្លារអាមេរិក។ស្របគ្នានឹងសប្បុរសជនជាច្រើនជួយឈឺឆ្អាលលោកក៏ទទួលបានដីមួយឡូតិ៍ពីឧកញ៉ា ឡេង ណាវ៉ាត្រាផងដែរដើម្បីសង់លំនៅដ្ឋានផ្ទាល់ខ្លួន។ មិនត្រឹមតែប្រជាជនខ្មែររស់នៅក្នុងប្រទេសនោះទេដែលចាប់ផ្តើមចាប់អារម្មណ៍លើតារាចម្រៀងរូបនេះឡើងវិញសូម្បីអ្នកផលិតកម្មវិធីខ្មែរនៅបរទេសក៏កំពុងតែខិតខំជួយតារាចម្រៀងរូបនេះដើម្បីមានលទ្ធភាពជួយខ្លួនឯងនិងគ្រួសារតាមរយៈការផ្តល់ឱកាចេញទៅច្រៀងរាំនៅលើទឹកដីនៃបណ្តាប្រទេសមានប្រជាជនខ្មែររស់នៅផងដែរ។
ជាក់ស្តែងលោកនឹងដឹកដៃតារាចម្រៀងស្រីវ័យក្មេង២នាក់ទៀតទៅច្រៀងនៅ ប្រទេសបារាំង ដែលការ ចេញទៅច្រៀងនៅប្រទេសបារាំងចំនួន២ខែកន្លះទៅ៣ខែ ដោយលោកនឹងទៅជាមួយតារាចម្រៀងស្រី២នាក់ផ្សេងទៀតមានកញ្ញា គីលី និង កញ្ញា ស្រីពេជ្រ។
លោក មុត ឧត្តមដែលស្និទ្ធនឹងអ្នករៀបចំកម្មវិធីនៅប្រទេសបារាំងបានថ្លែងថាគម្រោងនៃការចេញទៅនោះ ពួកគេមិនត្រឹមតែច្រៀងនៅប្រទេសបារាំង១នោះទេ គឺពួកគេនឹងដើរច្រៀងនៅប្រទេសជាច្រើនទៀតនៅប៉ែកអឺរ៉ុប មានស្វីស អូទ្រីស អាឡឺម៉ង់ ជាដើម ។ លោក បានឲ្យដឹងទៀតថា វីសា របស់អ្នកទាំង៣ ទទួលបានរួចហើយ រង់ចាំតែថ្ងៃឡើងយន្តហោះតែប៉ុណ្ណោះ ដោយពួកគេនឹងចេញទៅនៅដើមខែកញ្ញា ខាងមុខនេះ។ជាមួយគ្នានោះ លោក មុត ឧត្ដម រំពឹងថា បន្ទាប់ពីបានទៅច្រៀងនៅប្រទេសបារាំង លោក ចាន់ សម័យ នឹងអាចមានជីវភាពកាន់តែប្រសើរឡើងវិញ ព្រោះការចេញទៅច្រៀងរបស់លោកនឹងទទួលបានប្រាក់ខែ ក៏ដូចជាប្រាក់ធីបដែលបងប្អូនខ្មែរនៅទីនោះឲ្យលោកជាក់ជាមិនខាន។
គួរបញ្ជាក់ដែរថា តារាចម្រៀងចាន់ សម័យ គឺជាតារាចម្រៀងប្រុសល្បីឈ្មោះខ្លាំងកាលពីអំឡុងជាងមួយទសវត្សរ៍មុននៅផលិតកម្មព្រះវិហារ គ្រាដែលលោកបានច្រៀងបទ ចម្រៀងក្នុងភាពយន្តភាគចិនល្បីឈ្មោះមួយដែលគេហៅថា”F4”នោះ។ លោកក៏ធ្លាប់បានសាងស្នាដៃលើការងារសិល្បៈជាច្រើនរួមទាំងការចេញបម្រើការកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅស្រុកផងដែរ ប៉ុន្តែលោកបានបាត់មុខពីការងារសិល្បៈជាច្រើនឆ្នាំក្រោយពីធ្លាក់ខ្លួនក្រ មានជំងឺប្រចាំកាយនិងមិនអាចចេញច្រៀងបានរហូតមានការទម្លាយលើបណ្តាញទំនាក់ទំនងសង្គមនាំឲ្យមានការភ្ញាក់ផ្អើលខ្លាំងដល់មហាជន និងអ្នករួមអាជីព៕ ដោយ វឌ្ឍនា