ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះពិនិត្យគោលដៅ ការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅផ្លូវនរោត្ដម សង្កាត់ជ័យជំនះ និងផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាលិទ្ធផលឃាត់ខ្លួនជនជាតិវៀតណាមចំនួន២១នាក់ រកឃើញគ្មានឯកសារត្រឹមត្រូវ និងលួចស្នាក់នៅប្រកបរបរដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋានបានបន្តទៀតថា កម្លាំងនគរបាលជំនាញ បានពិនិត្យឃើញមាន ជនបរទេសចំនួន៤១នាក់ មាន០២សញ្ជាតិ ជនជាតិវៀតណាម៣៤នាក់ ស្រី០២នាក់ និងកូរ៉េ០៧នាក់ ក្នុងនោះ មានឯកសារត្រឹមត្រូវ(លិខិតឆ្លងដែន និងប័ណ្ណការងារ) ចំនួន២០នាក់ ស្រីម្នាក់ និងគ្មានឯកសារត្រឹមត្រូវ បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ ចំនួន២១នាក់ ស្រីម្នាក់ (ជនជាតិវៀតណាម) ។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្រោយប្រតិបត្តិការជនជាតិវៀតណាម ចំនួន២១នាក់ ស្រីម្នាក់ ខាងលើត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធី ៕ ស តារា
18