ជនជាតិបរទេស២១នាក់ ត្រូវសមត្ថកិច្ចរកឃើញ​​គ្មានឯកសារត្រឹមត្រូវ និងលួចស្នាក់នៅប្រកបរបរដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះពិនិត្យគោលដៅ ការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅផ្លូវនរោត្ដម សង្កាត់ជ័យជំនះ និងផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាលិទ្ធផលឃាត់ខ្លួនជនជាតិវៀតណាមចំនួន២១នាក់ រកឃើញ​​គ្មានឯកសារត្រឹមត្រូវ និងលួចស្នាក់នៅប្រកបរបរដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋានបានបន្តទៀតថា ​កម្លាំងនគរបាលជំនាញ បានពិនិត្យឃើញមាន​ ជនបរទេសចំនួន​៤១នាក់ មាន០២សញ្ជាតិ ជនជាតិវៀតណាម​៣៤​នាក់ ស្រី​០២នាក់ និងកូរ៉េ​០៧នាក់ ក្នុងនោះ មានឯកសារត្រឹមត្រូវ(លិខិតឆ្លងដែន និងប័ណ្ណការងារ) ចំនួន​២០នាក់ ស្រីម្នាក់ និង​​គ្មានឯកសារត្រឹមត្រូវ បានលួចស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ ចំនួន​២១នាក់ ស្រីម្នាក់ (ជនជាតិវៀតណាម) ។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្រោយប្រតិបត្តិការជនជាតិវៀតណាម ចំនួន​២១នាក់ ស្រីម្នាក់ ខាងលើ​ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធី ៕ ស តារា

...

18

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print