ខេត្ដកំពង់ធំ៖ រថយន្ដកាមរីបាឡែន មួយគ្រឿងដឹកជញ្ជូនឈើគ្រញូងចេញពី ខេត្ដសៀមរាបឆ្ពោះទៅខេត្ដកំពង់ចាម ខណៈដែលកំពុងធ្វើចរាចរណ៍នៅលើ កំណាត់ផ្លូវជាតិលេខ៦មកដល់ចំណុច គល់ស្ពានព្រៃប្រស់ ស្ថិតនៅភូមិ ព្រៃប្រស់ ឃុំព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្ដ កំពង់ធំ ក៏ត្រូវបានសមត្ថកិច្ចជំនាញ ផ្នែករដ្ឋបាលព្រៃឈើស្ទោងសហការជាមួយកម្លាំងតំបន់ប្រតិបត្ដិការសឹករង កំពង់ធំ បង្ក្រាបបានកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
លោក តុង យី នាយផ្នែករដ្ឋបាលព្រៃ ឈើបានឱ្យដឹងថា មុនពេលឃាត់រថយន្ដ នេះបានលោកបានទទួលព័ត៌មានពី បណ្ដាញថាមានរថយន្ដប្រភេទកាមរី បាឡែន ពណ៌ស្ករ មួយគ្រឿងពាក់ស្លាក លេខភ្នំពេញ2AC-4578 ដឹកជញ្ជូនឈើ ប្រណីតដោយខុសច្បាប់ចេញពីខេត្ដ សៀមរាបហើយក៏បានរាយការណ៍ជូន លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្ដកំពង់ធំទើបកិច្ចសហ ការបង្ក្រាបបទល្មើសនេះបានចាប់ផ្ដើមតាំងពីម៉ោង១រំលងអធ្រាត្ររហូតដល់ ម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១០ ខែវិច្ឆិកា ទើបអាចបង្ក្រាប រថយន្ដដឹកបទល្មើសនេះបាន ។
លោក បានបន្ដថា ពេលដែលសមត្ថកិច្ចមេព្រៃ ដាក់កម្លាំងស្ទាក់ចាប់នៅស្ពានកំពង់ថ្ម រថយន្ដដឹកបទល្មើសនេះបានបើកត្រឡប់ក្រោយចូលវត្ដទួលវិហារដើម្បីលាក់ ខ្លួន ។ ក្រោយមកក៏បានបើកត្រឡប់ក្រោយ ទៅខេត្ដសៀមរាបវិញទើបលោកបញ្ជាឱ្យមន្ដ្រីរបស់លោកដាក់រថយន្ដញំងនៅកណ្ដាលស្ពានព្រៃប្រស់ ។ ចំណែកឯរថ យន្ដដឹកបទល្មើសបានបើកបុកយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្ដរបស់មេព្រៃខូចខាតយ៉ាងដំណំហើយជនល្មើសមានរថយន្ដ ចំនួន៥គ្រឿងយកមកបិទមុខបិទក្រោយ បង្កផលវិបាកដល់សមត្ថកិច្ច។ មិនតែ ប៉ុណ្ណោះថែមទាំងបានរំដោះយកបក្ខពួក ម្នាក់ដែលសន្លប់ក្នុងហេតុការណ៍បើក បុករថយន្ដរបស់សមត្ថកិច្ច ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមរថយន្ដដឹកបទល្មើសឈើគ្រញូងនេះ គឺជាក្រុមរបស់សមត្ថកិច្ចមួយរូបនៅ ខេត្ដកំពង់ធំដែលជាឈ្មួញរកស៊ីដឹកឈើ គ្រញូងនិងរត់ការដឹកឈើគ្រញូងដុះស្លែយូរមកហើយ ។
មន្ដ្រីដែលចុះបង្ក្រាបបទល្មើសខាង លើបានឱ្យដឹងថា ករណីចុះបង្ក្រាបរថ យន្ដដឹកឈើប្រណីតនេះសមត្ថកិច្ចរឹបអូសបានឈើគ្រញូងចំនួន៣០ដុំស្មើនឹង៧០០គីឡូក្រាម ដែលលាក់ទុក្នុងរថយន្ដកាមរី បាឡែនត្រូវបានបញ្ជូនយកទៅរក្សាទុក នៅផ្នែករដ្ឋាបាលព្រៃឈើស្ទោង ។ ចំណែកអ្នកបើករថយន្ដដឹកបទល្មើសឈើប្រណីតត្រូវបានបក្ខពួករំដោះចេញពីកន្លែងកើតហេតុហើយសមត្ថកិច្ចបាននិងកំពុងតាមចាប់ខ្លួនខណៈសមត្ថកិច្ចបានស្គាល់អត្ដសញ្ញាណមេខ្លោងរកស៊ីដឹកឈើខុស ច្បាប់ប្រចាំខេត្ដកំពង់ធំដែលជាមន្ដ្រី សមត្ថកិច្ចនោះ ៕
ដោយ៖ ប៊ុន រិទ្ធី