ខេត្តកណ្ដាល ៖ ជនសង្ស័យជាមុខសញ្ញាប៉ុនប៉ងលួច និងប្រើស្លាកលេខក្លែងក្លាយម្នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួល ចាប់ខ្លួន ខណៈដែលសមត្ថកិច្ចចុះល្បាតតាមភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង ។ ករណីចាប់ខ្លួនខាងលើនេះ បានថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៥ និង១០នាទី ស្ថិតក្នុងភូមិព្រៃរកាឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ភិន សីហា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រមាត់ដី ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតរថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-0621,សោរខ្សៀ ០១ ,ដែកសំប៉ែតសម្រាប់កាច់សោរចំនួន០១ និងដែកសម្រាប់ឆ្កិះសោរចំនួន១ ។
ប្រភពដដែលបន្តថា នៅវេលាម៉ោង៥ និង១០នាទីទៀបភ្លឺ កម្លាំងជំនាញអឋាននគរបាលស្រុកអង្គស្នួល បានចុះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនគ្រប់គ្រង លុះជិះមកដល់ចំណុចកើតហេតុ សមត្ថកិច្ចបានជួបជនសង្ស័យ ក៏ហៅឲ្យឈប់ រួចសួរនាំ ដោយបានឃើញសមត្ថកិច្ច ភ្លាមនោះជនសង្ស័យក៏នាំគ្នាបើករថយន្ត និងម៉ូតូគេចខ្លួន ខណៈនោះកម្លាំងក៏បានដេញតាមរហូតដល់ផ្សារថ្នល់ទទឹង ឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើ និង ត្រួតពិនិត្យលើរថយន្ត រកឃើញ ឧបករណ៍សម្រាប់ កាច់សោក និងដែកឆ្កិះសោ នៅក្នុងប្រអប់រថយន្តឈានដល់ចាប់ខ្លួនជនសង្ស័យខាងលើយកមកអឋាននគរបាលស្រុកចាត់ការតាមនីតិវិ់ ។
គួរបញ្ជាក់ថា ជនសង្ស័យខាងលើនេះ គឺបានប្រើប្រាស់គ្រឿងញៀនអស់រយះពេលជាង១ឆ្នាំមកហើយ ៕ ស្អាងជ័យ