យប់មិញ ក្រុមឧកញ៉ា សឹង សំអុល, ប៉ោ សំអឿន និងឧកញ៉ាតុប វីដា ត្រៀមចេញឈើ១០ឡាន យីឌុប ត្រូវបែកការណ៍

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ មេឈ្មួញទាំង៣រូប គឺឧកញ៉ា សឹង សំអុល, ឧកញ៉ាប៉ោ សំអឿន និងឧកញ៉ាតុប វីដា នៅតែមានចេតនាដឹកជញ្ជូនបទល្មើសព្រៃឈើ ស្របពេល​ច្បាប់បាននិងកំពុងរឹតបន្តឹងទប់ស្កាត់បទល្មើស​ធនធានធម្មជាតិ​យ៉ាងសកម្មនោះ ។ នៅយប់ ថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ រថយន្ត​យីឌុបចំនួន១០គ្រឿងរបស់ក្រុមឧកញ៉ាទាំងបីរូបនេះបានលើកឈើពេញប្រៀប នៅចំណុច​ម្តុំព្រៃខ្មោច ចន្លោះក្រុមហ៊ុន៩៥ ស្រុកកោះញែក ខេត្តមណ្ឌលគិរី រួច​ចេញបាន៦គ្រឿង មកដល់​ស្រុកពេជ្រាដា បម្រុងឆ្លងទៅប្រទេស​វៀតណាម ក៏មានករណីបែកធ្លាយ ធ្វើឲ្យសមត្ថកិច្ច អាជ្ញាធរ និងជំនាញពាក់ព័ន្ធមួយចំនួន ដែលបានប្រយោជន៍​ពី​រត់ការ​ភ័យស្លន់ស្លោ និងរួមគំនិតគ្នាជាមួយឈ្មួញដើម្បីផ្តល់ព័ត៌មានបិទបាំងចំពោះសមត្ថកិច្ចផ្សេងទៀត ចៀសវាង​ការបង្ក្រាប ដឹកជញ្ជូនឈើក្នុងបទល្មើសជាក់ស្តែង ។

រថយន្តយីឌុបទាំង៦គ្រឿងនេះ​ត្រូវបានពួកគេបង្ខំចិត្ត​យកទៅ​លាក់ទុក​នៅ​ចំណុចចម្ការម្រេចរបស់កូរ៉េ ឈ្មោះ វ៉ាយអូប្លាយ ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ។

ដោយឡែកសមត្ថកិច្ចមួយក្រុមទៀត បាន​តាមប្រមាញ់ដើម្បីឈានដល់ការបង្ក្រាបការដឹកជញ្ជូន​ឈើខុសច្បាប់នេះ ប៉ុន្តែជាលទ្ធផល ទោះជា​ល្បីខ្ទរខ្ជាររឿងឡានដឹកឈើនេះពេញខេត្តមណ្ឌលគិរីក៏ដោយ ក៏ សមត្ថកិច្ច​មិនអាចបង្ក្រាបបាន បន្ទាប់ពីក្រុម​សមត្ថកិច្ច និងជំនាញផ្សេងទៀត​បានអះអាងថា រថយន្តទាំងនោះ ដឹក​ឈើជន្លង់ម្រេច ដើម្បីជាលេស រហូតដល់រថយន្តទាំង៦គ្រឿង​នោះ ទម្លាក់ឈើចោល ហើយ​បាន​បើកទៅកាន់កន្លែងក្រុមហ៊ុន យូនីគ្រីន វិញដោយសុវត្ថិភាព ។​

សមត្ថកិច្ចមួយរូប ដែលសុំមិនបញ្ចេញឈ្មោះបាន​បង្ហើបថា តាមពិតចម្ការម្រេចរបស់កូរ៉េឈ្មោះ វ៉ាអូប្លាយ មិនអាច​ជាកន្លែងទទួលយកឈើ​ជន្លង់ម្រេចដាំបន្តទៀតទេ ដោយសារបច្ចុប្បន្ន ជាទីតាំង​ដែល​ជាំទឹក ដូច្នេះការលើកឡើងរបស់សមត្ថកិច្ចបង្វែរទៅជាឡាន​ដឹកឈើប្រណីត ទៅជា​រថយន្តដឹកឈើជន្លង់ គឺ​មាន​ចេតនា បំបាត់ភស្តុតាង កើតឡើង​ដោយអំពើពុករលួយ លក្ខណៈប្រព័ន្ធ ។

មិនត្រឹមតែ​សកម្មភាពដឹកឈើនេះ​ធូរលុងសម្រាប់​ទឹកដីខេត្តមណ្ឌលគិរីប៉ុណ្ណោះទេ ជាក់ស្តែងពេលឈ្មួញកំពុងលើកឈើនៅម្តុំព្រៃខ្មោច ជិត​ក្រុមហ៊ុន៩៥បណ្តើរៗ គេក៏បានឃើញវត្តមាន ឧកញ៉ាតុប វីដា កំពុងចូលរួមកម្មវិធីទទួលទានអាហារពេលល្ងាចជាមួយនឹងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីយ៉ាងរំភើយ ។

ចំណុចនេះ គេក៏ពុំដឹងថា លោកស្នងការត្រូវរ៉ូវគ្នាជាមួយឈ្មួញ ឬក៏លោកមិនទទួលបានព័ត៌មានពីសកម្មភាពលើកឈើ ដឹកជញ្ជូនឈើរហូតដល់ផ្អើលពេញខេត្តមណ្ឌលគិរីនាយប់ថ្ងៃទី៥ ខែសីហា នោះឬមួយយ៉ាងណាទេ ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ក្រុមរបស់ឧកញ៉ាទាំង៣រូបខាងលើ បាន​ឲ្យរថយន្តបាកុង និងរថយន្តកែច្នៃជាច្រើនគ្រឿងចូលទៅកាន់តំបន់ភ្នំព្រេច តាមផ្លូវ​ក្រុមហ៊ុនយូនីគ្រីន ក្នុងគោលបំណងទៅអូស​ និងដឹក​ជញ្ជូនឈើ ដើម្បីយកមកដាក់​ក្នុងក្រុមហ៊ុនយូនីគ្រីន ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ក្រោយមក ក៏មានរថយន្តយីឌុបចំនួន១០គ្រឿងបានចូលទៅដឹកឈើ ដែលកាប់អារ ច្រៀកជាឡាំងថ្មីៗ នៅចំណុចម្តុំព្រៃខ្មោចជិតក្រុមហ៊ុន៩៥ ហើយដឹកចេញបាន៦គ្រឿង ក៏បែកការណ៍ ។

លោកឧត្តមសេនីយ៍ទោ សាន្ត គឹមអឿន មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី នាយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ តាមទូរស័ព្ទជាមួយអង្គភាពនគរដ្រេហ្គនលោកបានទទួលស្គាល់ជុំវិញសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់នេះ ដោយ​លោកឧត្តមសេនីយ៍ទោបញ្ជាក់យ៉ាងដូច្នេះថា តាម​​ពិត​គេ​សុំ​ខ្ញុំមែន រឿងឡានដឹកឈើនោះ ប៉ុន្តែខ្ញុំបានប្រាប់​ទៅពួក​គេថា ខ្ញុំគ្មានតួនាទីអី​ហាម​ឃាត់អ្នកឯងទេ ចង់ដឹក ចង់ចេញ ជារឿងរបស់អ្នកឯង ខណៈខ្ញុំជាកម្លាំងសហការ ដើម្បីបង្ក្រាប​ ដូច្នេះគួរតែខាងលោកឯងសុំ​ទៅ​ជំនាញទៅ បើគេអនុញ្ញាតជារឿងរបស់គេ ។

លោក សាន្ត គឹមអឿន បន្តថា ខ្ញុំមានតែភារកិច្ចចូលរួមសហការបង្ក្រាប​ឲ្យតែជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធត្រូវការ ដូច្នេះឡានឈើ​អ្នកឯងទៅណាមកណា ជារឿងរបស់អ្នកចុះ ។

ប្រភព​មិនច្បាស់ការ​ប៉ុន្តែអាចទទួលយកបានបាន​បញ្ជាក់ថា ក្នុងយប់នេះ ក្រុមឧកញ៉ាទាំង៣រូបខាងលើសុខចិត្តចំណាយ​ប្រាក់ខាត ដើម្បី​យករថយន្តយីឌុបទាំងនោះទៅដឹកឈើជន្លង់ម្រេច ហើយ​​ទុកឱកាសឲ្យក្រុមអ្នកសារព័ត៌មាន សមត្ថកិច្ច អាជ្ញាធរជំនាញ តាមផ្តិតរូបភាព និងពិនិត្យជាក់ស្តែងចុះ ថាតើពួកគេដឹកឈើល្មើសច្បាប់ ឬដឹកជន្លង់ម្រេច​ដើម្បី​តម្រូវការក្នុងស្រុក​? បើ​ករណីនេះ ត្រូវបានគេឃើញគ្រប់គ្នាហើយថា ជាឈើជន្លង់ម្រេច បន្ទាប់មក​នឹងមានវិធានការ​ដឹកឈើល្មើសច្បាប់នោះតែម្តង ខណៈឈើជាច្រើនត្រូវបានឧកញ៉ាទាំង៣រូបនេះ​កំពុងប្រមូល​ទិញពីការកាប់បំផ្លាញ​នៅ​ តំបន់អភិរក្សភ្នំព្រេច ។

នៅខេត្តមណ្ឌលគិរី សកម្មភាពកាប់បំផ្លាញព្រៃឈើ​និងការដឹកជញ្ជូននៅតែបន្តកើតមានជាហូរហែ ទោះជាសមត្ថកិច្ចថ្នាក់លើ​ប្រឹងធ្វើកិច្ចការបង្ក្រាប​ក៏ដោយ ប៉ុន្តែអាជ្ញាធរខេត្ត សមត្ថកិច្ច ជំនាញនៅទីនោះ ហាក់បីដូចជា​សង្ឃឹមតែប្រភពចំណូលពីបទល្មើសព្រៃឈើ ទៅជា​វប្បធម៌ដ៏អាក្រក់ក្នុងការហែកប្រយោជន៍ចែកគ្នាដោយអំពើពុករលួយ​លក្ខណៈប្រព័ន្ធទៅហើយ ។ ក្នុងនោះអាចនិយាយបានថា ការគ្រប់គ្រងរបស់អាជ្ញាធរខេត្ត ក្នុងនាមជា​គណៈបញ្ជាការឯកភាពខេត្ត ហាក់ធូរលុង ខ្វះការទទួលខុសត្រូវ ប៉ុន្តែ​នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នេះ អង្គភាព​នគរដ្រេហ្គន http://nkdnews.com មិនអាចទាក់ទងបានទេពីលោក ស្វាយ សំអ៊ាង អភិបាល​នៃគណៈអភិបាលខេត្តមណ្ឌលគិរី ថា តើឧកញ៉ា​សឹង សំអុល, ឧកញ៉ាតុប វីដា និងឧកញ៉ាប៉ោ សំអឿន មានច្បាប់ដឹកជញ្ជូនឈើ​ឆ្លងទៅប្រទេសវៀតណាម និង​មានសិទ្ធិកាប់​ប្រមូលទិញឈើនៅ​តំបន់អភិរក្សភ្នំព្រេច ឬមួយយ៉ាងណា? ពីព្រោះអី ក្រុមហ៊ុនម៉ាស្ទឺរខេសាន់ របស់ឧកញ៉ាសឹង សំអុល ក៏ដូចជាក្រុមហ៊ុនយូនីគ្រីន របស់ឧកញ៉ាតុប វីដា គ្មាន​ព្រៃឈើ​ គ្មានឈើនៅក្នុងឃ្លាំង មានតែ​រណាយន្ត ដែលទើបនឹងដំឡើងថ្មីៗ ទុកសម្រាប់អារច្រៀកឈើ ដែល​គេសង្ស័យថា ឈើទាំងនោះ ត្រូវអូសចេញពីតំបន់​អភិរក្សភ្នំព្រេចតែប៉ុណ្ណោះ ។

ក្រុមមន្ត្រីមាត់ដាច់នៅសាលាខេត្តមណ្ឌលគិរី​បាននិយាយដោយចំអកថា បទល្មើសនេះ ស្រួលទប់ស្កាត់ ប៉ុន្តែ​ពិបាក​ត្រង់ថា អ្នកមានតួនាទីបង្ក្រាប មិនដេកលក់ ប្រឹងធ្វើដេកលក់ ចរិកកន្ទេលធំបន្លំដេក ក្នុងនោះ​ឲ្យតែគណៈបញ្ជាការឯកភាពខេត្តរិតបន្តឹង និងឲ្យកងកម្លាំងប្រដាប់អាវុធទទួលខុសត្រូវ ជំនាញមានវិធានការពិនិត្យផ្លូវច្បាប់ ហើយ​ឲ្យអាជ្ញាធរនៅ​ទីតាំងណាមួយ ដែលមានបទល្មើសត្រូវទទួលខុសត្រូវ គឺ​បទល្មើសកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូនឈើ ពិតជា​មិនអាច​ឈ្មួញទាំងនោះថ្លើមពាស់មេឃ ហ៊ានដឹកឈើឆ្លងកាត់ក្នុងខេត្តមួយនេះឡើយ ។

ហេតុអីបានជា​ត្រូវនិយាយបែបនេះ? ពីព្រោះថា ការដឹកជញ្ជូនឈើ មិនមែន​ជាការហោះឆ្លងកាត់​នៅឯលើមេឃនោះទេ គឺ​សកម្មភាពរបស់ពួកគេ​មានជាក់ស្តែង​តាំងពីរ​សកម្មភាពអារផ្តួលរំលំក្នុងព្រៃ សកម្មភាព​យក​រថយន្តបាកុង និងរថយន្តស្តូចទៅអូស ចូល​តាមក្រុមហ៊ុន ច្រៀកអារជាឡាំង និងលើកដាក់ឡានចេញ​ទៅតាមគោលដៅរបស់ពួកគេនិមួយៗដើម្បីឆ្លងទៅប្រទេស​វៀតណាម ដូច្នេះ​រឿងអី​ដែល​ពិបាកបង្ក្រាប ឬមើលមិនឃើញ ។

ចំណុចនេះហើយ ដែលគេដាក់ភាពសង្ស័យថា បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីអាចលួចដំណើរការបានម្តងម្កាល សុទ្ធតែជា​អំពើពុករលួយ កើតឡើងជាលក្ខណៈប្រព័ន្ធរវាងសមត្ថកិច្ចអាជ្ញាធរជំនាញជាច្រើនស្ថាប័ន ដែលមានតួនាទីបង្ក្រាប បានឃុបឃិតគ្នាជាមួយឈ្មួញ ។ ក្នុងនោះប្រភពពីប្រទេសវៀតណាម​ ដែលអាចជឿទុកចិត្តបានធ្លោយឲ្យដឹងថា បន្ទាប់ពីឧកញ៉ាសឹង សំអុល ចាប់ដៃគ្នាជាមួយឧកញ៉ាប៉ោ សំអឿន ឧកញ៉ាតុប វីដា រួមគ្នាជាក្រុមតែមួយ​ក្នុងការដឹកជញ្ជូនឈើ​នៅខេត្តមណ្ឌលគិរីនេះ គេបានឃើញវត្តមានឧកញ៉ាតុប វីដា បានទៅទំនាក់ទំនងជាមួយថៅកែឈើ​វៀតណាម និងបានយកប្រាក់​មករត់ការ ស្ទើរ​គ្រប់សមត្ថកិច្ច និងអាជ្ញាធរទៅហើយ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ រថយន្តយីឌុបចំនួន៦គ្រឿង បានដឹកឈើចេញ​ពី​ចំណុចព្រៃខ្មោច ជិត​ក្រុមហ៊ុន៩៥​ក្នុងដីចម្ងាយប្រហែល១០គីឡូម៉ែត្រ ដឹកចេញមកដល់ស្រុកពេជ្រាដា បម្រុងឆ្លងទៅប្រទេសវៀតណាម បាន​ក្លាយទៅជា​រឿងបែកការ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ សាន្ត គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី មិនទទួលយក​ប្រយោជន៍ ។

ក្នុងនោះឧកញ៉ាតុប វីដា ដែលកំពុងស្រក់​ទឹក​មាត់នឹងការដឹកជញ្ជូនឈើហើយ មានឱកាសចូលរួម​កម្មវិធីទទួលទានអាហារពេលល្ងាចជាមួយលោកស្នងការនាយប់ថ្ងៃចេញឈើ ក៏ក្លាយទៅជា សាបមាត់សាបក ខណៈរត់ការចន្លោះប្រហោង ផែនការចេញឈើ​ក្លាយទៅជាផែនស្ករ ម្នាក់ៗ ភ័យលស់ព្រលឹង ប៉ុន្តែពួកគេនៅតែមាន​ឱកាសដើម្បី​បង្វែរទិសដៅពីសកម្មភាពដឹកឈើប្រណីត ឲ្យទៅជា​ការដឹកជញ្ជូនឈើជន្លង់ម្រេច ទាំង​គេគ្រប់គ្នាដឹងថា នៅចម្ការម្រេចកូរ៉េឈ្មោះ វ៉ាយអូប្លាយ មិនមែន​ជាទីតាំង​ត្រូវការ​ឈើជន្លង់ម្រេចនោះ​ទៀតទេ ខណៈដីជាំទឹក ៕ សុខ ខេមរា 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print