ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០៦ សីហា ២០១៨ លោក សាយ សម្ភស្សសេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចេញដីការឃុំខ្លួនចោរលួចកាច់កម៉ូតូ និងអ្នកទទួលទិញម៉ូតូពីចោរជាច្រើនគ្រឿង ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួច “និងពីបទ”ទទួលផលចោរកម្ម”ដែលប្រព្រឹត្តនៅ ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី០៣ សីហា ២០១៨ តាឦមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៩៩ ,៤០០ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទទី០១មានឈ្មោះ ផូង កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិ ខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ទី០២ឈ្មោះ សែត ផុល ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប នៅភូមិព្រែកហូរលិច ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកឯជនរងគ្រោះឈ្មោះ ភិន ខេត ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ នៅភូមិព្រៃមាន ឃុំ រស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូទុកនៅមុខបន្ទប់ជួល ហើយឡើងទៅសំរាក នៅក្នុងបន្ទប់កូនស្រីនៅជាន់ទី២ ពេលនោះជនសង្ស័យមកដល់មិនឃើញម្ចាស់ ក៏ធ្វើសកម្មភាពកាច់ សោ.កម៉ូតូជិះរត់គេចខ្លួនបាត់។ លុះដល់ម៉ោង៥ល្ងាច កូនស្រីជនរងគ្រោះចេញពីធ្វើការមកដល់បន្ទប់ ទើបបានដឹងថាបាត់ម៉ូតូ ហើយក៏ផ្អើលឆោឡោរាយការណ៍ជូនសមត្ថកិច្ច ។ ក្រោយពីទទួលបានព័ត៌មាន នេះភ្លាមកម្លាំងសមត្ថកិច្ចយើងបានធ្វើការតាមរក និងទំនាក់ទំនងផ្សព្វផ្សាយជាមួយសមត្ថកិច្ចជាប់ ព្រំប្រទល់ដើម្បីជួយសហការ លុះដល់ម៉ោង១៩ និង១៥នាទីថ្ងៃដដែល សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈកំពុងដោះផ្លាកលេខម៉ូតូចេញ ហើយប្រគល់ជូនសមត្ថកិច្ចយើង ដើម្បីបន្តនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ដោយធាក់បំបាក់សោ.ក យកកូនកន្ត្រៃដោះផ្លាកក រួច កាត់ខ្សែភ្លើងតសោម៉ូតូបញ្ឆេះជិះរត់គេចខ្លួន ។ កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពកាច់សោ.កម៉ូតូ ហើយ យកទៅលក់ឲ្យឈ្មោះ សែត ផុល បានចំនួន០៨គ្រឿងមកហើយ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ទើបនៅថ្ងៃទី០៤ សីហា ២០១៨ វេលាម៉ោង១០ និង ៤០នាទី កម្លាំងអធិការដ្ឋាននគរ បាលស្រុកអង្គស្នួល សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្តកណ្តាល ឈាន ទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សែត ផុល និងធ្វើការឆែកឆេរផ្ទះរកឃើញវត្ថុតាងមួយចំនួន ពាក់ព័ន្ធបទ ល្មើសទទួលផលចោរកម្ម ។
បញ្ជាក់ជនសង្ស័យឈ្មោះ ផូង កុសល ធ្លាប់ជាប់ពន្ឋនាគាព្រៃសរយះពេល១ឆ្នាំ ពីបទអំពើលួច ចេញមកវិញក្នុងឆ្នាំ ២០១៦៕ ឆ ដា