Decathlon ចង់ឃើញកម្ពុជាជាកន្លែងលេងកីឡាដ៏សម្បូរបែប

ចែករំលែក៖

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃប្រជាជនកម្ពុជាចាប់ផ្តើមស្រលាញ់សុខភាពតាមរយៈការថែទាំសុខភាព ពិសេសការហាត់ប្រាណ។ Decathlonក្រុមហ៊ុនលក់សម្លៀកបំពាក់ និងសម្ភារៈកីឡារបស់ប្រទេសបារាំង បានប្រកាសពីគោលបំណងក្នុងការជួយជំរុញឲ្យកម្ពុជាក្លាយជាកន្លែងលេងកីឡាដ៏សម្បូរបែប។

​ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី០៦ខែសីហានេះក្នុងឱកាសដែលក្រុមហ៊ុនលក់សម្លៀកបំពាក់ និងសម្ភារៈកីឡារបស់ប្រទេសបារាំងបានប្រកាសបើកដំណើរការហាងដ៏ធំបំផុតនៅកម្ពុជា ដែលមានទីតាំងនៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអនម៉លសែនសុខ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីសំណាក់មន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងមន្ត្រីស្ថានទូតបារាំងប្រចាំនៅកម្ពុជាចូលរួមផងដែរ។

លោក Guillaume Cutuliនាយកប្រតិបត្តិនៃក្រុមហ៊ុន Decathlonប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា «យើងបានបំពេញការងារនៅប្រទេសកម្ពុជាជាងប្រាំពីរឆ្នាំមកហើយដែលបានផ្តោតសំខាន់ទៅលើការគ្របគ្រងការផលិតសម្ភារៈកីឡារបស់យើងជាមួយនឹងក្រុមហ៊ុនដៃគូឧស្សាហកម្មនានានៅក្នុងស្រុក។លោកបានបន្តថា «ដោយហេតុថា ប្រជាជនកម្ពុជាទូទៅទាំងប្រុសទាំងស្រីសុទ្ធសឹងតែនិយមលេងកីឡា ម្យ៉ាងទៀតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងរីកចម្រើនទៅមុខព្រមទាំងតម្រូវការអតិថិជនកំពុងមានការកើនឡើងទៀតនោះ បានផ្តល់ឱកាសដ៏ស័ក្តិសមបំផុតក្នុងការវិនិយោគទៅលើការបើកហាងលក់ទំនិញនៅក្នុងប្រទេសមួយនេះ»។លោក Guillaume Cutuli បានបញ្ជាក់ថា «យើងចង់ធ្វើឲ្យ Decathlon ក្លាយជាស្លាកសញ្ញាដែលទទួលបានការចូលចិត្ត និងពេញនិយមនៅក្នុងប្រទេសកម្ពុជា។គោលដៅធំបំផុតរបស់យើងគឺ ការចែកចាយសម្ភារៈកីឡាជាច្រើនប្រភេទជាមួយនឹងតម្លៃទាបសមរម្យបំផុតសម្រាប់ប្រជាជនកម្ពុជាដែលនិយមកីឡាទាំងប្រុសទាំងស្រីគ្រប់រូប។»

Decathlon កម្ពុជាក៏គ្រោងនឹងវិនិយោគទៅលើទីផ្សារលក់ទំនិញតាមអនឡាញក្នុងស្រុក ដែលនឹងអនុញ្ញាតិឲ្យអតិថិជនគ្រប់រូបអាចជាវផលិតផលពីគេហទំព័ររបស់ខ្លួនផងដែរ។ ហាងទំនិញរបស់យើងក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ«ការលក់គ្រប់បែប» ដើម្បីជម្រុញឲ្យមានកិច្ចការទំនាក់ទំនង និងការផ្តល់ជូនសេវាកម្មដ៏ល្អប្រសើរជូនអតិថិជន។ ដោយសារតែ អាកប្បកិរិយា និងការរំពឹងទុករបស់អតិថិជនមានការផ្លាស់ប្តូរជាប្រចាំ យើងចង់ផ្តល់ជូននូវបទពិសោធន៍ដ៏ល្អឥតខ្ជោះជូនអតិថិជនទាំងនៅហាងផ្ទាល់និងទីផ្សារអនឡាញ។

Decathlon កម្ពុជាក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងសហគមន៍ក្នុងតំបន់ដោយធ្វើការវិនិយោគទៅលើកម្មវិធីអភិវឌ្ឍសហគមន៍ និងការបង្កើតភាពជាដៃគូជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាអង្គការមិនទទួលប្រាក់ចំណូលផងដែរ។ ក្រុមហ៊ុនក៏បានជ្រើសរើសយុវជនដែលឋិតក្រោមតំបន់អាទិភាពដើម្បីទទួលបានឱកាសការងារពីក្រុមហ៊ុន ក្រោយពីបានឆ្លងកាត់ការហ្វឹកហាត់ជាច្រើនលើកច្រើនសារ។

គួរបញ្ជាក់ដែរថាDecathlon ដែលជាក្រុមហ៊ុនលក់សម្ភារៈកីឡាមួយក្នុងចំណោមក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំបំផុតនៅលើពិភពលោក កំពុងតែបោះជំហ៊ានបន្តទៅមុខដើម្បីបំពេញនូវពាក្យស្លោករបស់ខ្លួនដែលថា «ធ្វើឲ្យមនុស្សគ្រប់គ្នាមានឱកាសលេងកីឡា » ខណៈក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំមួយនេះនឹងបើកហាងទំនិញទីមួយរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី ១១ ខែសីហាខាងមុខនេះ។ក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំសម្បើមមួយនេះដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំងនៅឆ្នាំ ១៩៧៦ សព្វថ្ងៃមានហាងទំនិញជាង ១៣០០ហាងនិងដំណើរការក្នុង៤២ប្រទេសផ្សេងៗទំនិញរបស់ក្រុមហ៊ុនទី១៧ប្រចាំតំបន់អាស៊ានហើយក៏ជាហាងទំនិញដំបូងបំផុតដែលក្រុមហ៊ុនគ្រោងនឹងសម្ពោធនៅប្រទេសកម្ពុជា។ក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត Decathlon គ្រោងនឹងពង្រីកខ្លួននៅរាជធានីភ្នំពេញ ហើយបន្ទាប់មកទៀត គ្រោងនឹងបន្តពង្រីកបន្ថែមនៅតាមខេត្តក្រុងនានានៅក្នុងប្រទេស ដូចជាខេត្តសៀមរាបជាដើម។ជាការពិតណាស់ចាប់តាំងពីឆ្នាំ២០១១មកDecathlon បានបង្កើនការផលិតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាជាមួយដៃគូផ្នែកផ្គត់ផ្គង់ដែលបានវិនិយោគជាមួយក្រុមការងារក្នុងស្រុកដើម្បីធ្វើការគ្របគ្រងគុណភាពការផលិតក៏ដូចជា ការធានាឲ្យបាននូវការគោរពក្រមប្រតិបត្តិក៏ដូចជា លក្ខខណ្ឌការងារទៅលើទីតាំងដៃគូខុសៗគ្នារបស់ពួកគេ៕

ដោយ វឌ្ឍនា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print