ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានរាយការណ៍ថា ហេតុការណ៍ផ្ទុះ និងអគ្គិភ័យបានកើតឡើងនៅភាគខាងឦសាន ប្រទេសចិនបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស២១នាក់ និងម្នាក់ទៀតនៅបាត់ខ្លួន ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួបានផ្សព្វផ្សាយថា ភ្លើងបានចាប់ផ្តើមឆាបឆេះកាលពីថ្ងៃទី២០ ខែវិច្ឆិកា ស្ថិតនៅអណ្តូងរ៉ែមួយកន្លែងដែលគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋនៅក្នុងទីក្រុង Jixi ខេត្ត Heilongjiang ។
សេចក្តីរាយការណ៍បឋមអះអាងថា មនុស្ស២២នាក់បានជាប់គាំងនៅក្នុងអណ្តូងរ៉ែក្រោមដីនោះ ។ មូលហេតុបណ្តាលឲ្យអគ្គិភ័យកើតឡើង គឺគេមិនទាន់ដឹងនៅឡើយ ។
ប្រទេសចិនជាប្រទេសដែលឈរលំដាប់ខ្ពស់ជាងគេបំផុតស្តីអំពីគ្រោះថ្នាក់អណ្តូងរ៉ែ ដែលបុគ្គលិករាប់រយនាក់បានបាត់បង់ជីវិតក្នុងមួយឆ្នាំៗ ។ ប៉ុន្តែទោះបីយ៉ាងណា ប្រព័ន្ធសុវត្ថិភាពការងារនៅតាមអណ្តូងរ៉ែក្នុងប្រទេសនេះមានលក្ខណៈប្រសើរក្នុងអំឡុងឆ្នាំចុងក្រោយនេះ បន្ទាប់ពីអាជ្ញាធរបានអនុវត្តយ៉ាងតឹងរ៉ឹងទៅលើច្បាប់ស្តីពីប្រព័ន្ធសុវត្ថិភាពការងារនោះ ។
ទីភ្នាក់ងារស៊ីនហួបាននផ្សព្វផ្សាយថា អំឡុងពេលហេតុការណ៍អគ្គិភ័យកើតឡើង កម្មករអណ្តូងរ៉ែ៣៨នាក់បានជាប់នៅទីនោះ ប៉ុន្តែក្នុងចំណោមពួកគេ១៦នាក់ត្រូវភៀសខ្លួនទាន់ពេល ។ អាជ្ញាធរអះអាងថា អគ្គិភ័យនៅទីនោះស្ថិតក្រោមគ្រប់គ្រងរួចហើយ ។
កាលពីឆ្នាំមុន មនុស្ស២៤នាក់បានបាត់បង់ជីវិត និង៥៤នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍ភ្លើងឆេះនៅអណ្តូងរ៉ែភាគឦសាបប្រទេសចិន ខេត្ត Liaoning នោះផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត