ខេត្តកំពង់ធំ ៖ ប្រភពច្បាស់ការមួយបានអោយដឹងថា អ្នកបង់លុយត្រូវទុកមិនបង្រ្កាប់តែអ្នកមិនបង់លុយត្រូវកាប់បំផ្លាញ ដើម្បីអោយចូលខ្លួនចចារគ្នាសិន នេះជាល្បិចចាស់ (កៀងត្រីបញ្ចូលសោង)។
ថ្មីៗនេះនាយផ្នែករដ្ឋបាលជលផលប្រាសាទសំបូរខេត្តកំពង់ធំ ចុះបង្រាបបទល្មើសនេសាទបំភាន់ ភ្នែកមហាជន និងកាង បទល្មើស តូច ធំ ធ្វើឲ្យមហាជនដាក់ការសង្ស័យថា បានទទួលលាភសក្ការៈ ពីក្រុមអ្នកនេសាទខុសច្បាប់ និងចូលរួមប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យបាត់បង់ពូជត្រី ក្នុងរដូវបិទនេសាទ។
បើទោះបីជារាជរដ្ឋភិបាលកម្ពុជាបិទឡូរនេសាទ ទាំងអស់ទូទាំងប្រទេស ក៏ដោយក៏ទិន្និផល ត្រីហាក់ដូចជាមិនសូវមានការកើនឡើងមកវិញដែរ ព្រោះមានមន្រ្តីជលផលមួយចំនួនឃុបឃិតជាមួយ អ្នកនេសាទខុសច្បាប់ និងទទួលលាភពីអ្នកទាំងនោះឲ្យប្រព្រឹត្តិបទល្មើសតាមអំពើចិត្ត។
ជាក់ស្តែងកាលពី ថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ មានមន្រ្តីជលផល មួយក្រុមដឹកនាំ ដោយលោក គូ ប៊ុន ទឹង នាយផ្នែករដ្ឋបាលជលផល ប្រាសាទសំបូរ ដែលទទួលបញ្ជាដោយផ្ទាល់ពីលោក ប៉ែន វណ្ណរិទ្ធ នាយកខណ្ឌជលផលខេត្តកំពង់ធំ បានចុះទៅបង្រ្កាបទីតាំងមួយចំនួន នៅក្នុងតំបន់ ដូចជា អន្លង់ព្រីង ស្នូកចាប៉ី និងបឹងត្រើយបង្កង ស្ថិតនៅក្នុងទីតាំងភូមិសាស្រ្ត ស្រុកសន្ទុក និងស្រុកបារាយ៍ ខេត្តកំពង់ធំ។ ប៉ុន្តែនៅទីតាំងជិតគ្នា ត្រង់ចំណុចនេះដែរ បែរជាមិនមានការចុះបង្រ្កាប ទុកឲ្យរបាំងសាច់អួនលាតសន្ធឹងកាត់ទទឹងបឹង រាប់គីឡូម៉ែតមើលដាច់កន្ទុយភ្នែក និងមានទីតាំងមួយចំនួនទៀតជាន់ពន្លិចក្នុងទឹកជារូបភាពកាប់បង្គោលមួយចំនួនតូច ដូចជាធ្វើសកម្មភាព ចុះបង្រាប បិទបាំងភ្នែកមហាជន បើទោះបីជាមន្ត្រីជលផល ទាំងអស់នេះបានដឹងអំពីទីតាំងទាំងអស់នេះយ៉ាងច្បាស់ ក៏ដោយ។
សកម្មភាពទាំងអស់នេះបានធ្វើអោយមហាជនជាពិសេសអ្នកនេសាទផ្សេងទៀត ដាក់ការសង្ស័យថា “ការបញ្ជាដោយផ្ទាល់របស់ លោកនាយខណ្ឌជលផលខេត្តកំពង់ធំ ទៅកាន់លោក គូ ប៊ុនទឹង នាយផ្នែកជលផលប្រាសាទសំបូរ ចុះបង្រ្កាបលួចលាក់បំពួនបទល្មើស និងទទួលលាភសក្ការៈពីក្រុមអ្នកនេសាទ ខុសច្បាប់ទាំងអស់នេះ”។
ឃើញសកម្មភាពមិនប្រក្រតីបែបនេះ ក្រុមអ្នកនេសាទដាក់ម៉ង សន្ទូច មានការសង្ស័យ និងរាការណ៍ មកលោក ជល ថាច នាយរងខ័ណ្ណជលផលខេត្តកំពង់ធំ ទើបលោកដឹកនាំកងកម្លាំងចុះត្រួតពិនិត្យ បង្ក្រាបសាជាថ្មី រយៈពេលពីរថ្ងៃ បន្ទាប់ពីការចុះបង្រ្កាបរបស់លោក គូ ប៊ុនទឹង បានរកឃើញថា ការចុះបង្រ្កាបរបស់ លោក គូ ប៊ុនទឹង ដែលបញ្ជាដោយផ្ទាល់របស់លោក ប៉ែន វណ្ណរិទ្ធ ពិតជាមានការបំភាន់ភ្នែកមហាជនពិតមែន។
ជាមួយគ្នានេះដែរ ក្នុងសកម្មភាពចុះបង្រ្កាបនេះ លោក ជល ថាច បានអនុវត្តន៍នៅទីតាំងជានពន្លិច និងទីតាំងក្បែរនោះ មានដូចជា បឹងព្រៃរាំង បឹងឆ្តោ បឹងខាន់ បឹងប្រចៅ អន្លង់ព្រីង បឹងគ្វៀត ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក និងស្រុកបារាយណ៍ និងបានកាប់បំផ្លាញ រុះរើរបាំងសាច់អួន ចំនួន១ ៥០០ ម៉ែត, ឡុក ចំនួន១៣, លូ ចំនួន១៥មាត់,បង្គោលចំនួន៧០០ ដើម និងចាក់ត្រីលែងចំនួន២០គីឡូក្រាមផងដែរ ៕ ប៊ុនរិទ្ធី