ប្រាក់ទួរគីធ្លាក់ថ្លៃដល់ទៅ២០ភាគរយ អាចប្រឈមនិងវិបត្តិ

ចែករំលែក៖

ប្រាក់Lira របស់ទួរគីបន្តធ្លាក់ថ្លៃខ្លាំងបើប្រៀបធៀបនឹងប្រាក់ដុល្លារ នៅថ្ងៃចន្ទ ទី១៣ ខែសីហានេះ ក្រោយពេលប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បន្តដាក់ទណ្ឌកម្មទៅលើទួរគី។

បច្ចុប្បន្នប្រាក់Lira រហូតដល់ទៅ៧,២៣ដុល្លារ ទើប ទិញបាន១ដុល្លារអាមេរិក នៅថ្ងៃទី១៣ខែសីហានេះ ។ ប៉ុន្តែក្រោយពេលធានាគាជាតិទួរគីបានចូលរួមធ្វើឲ្យតម្លៃប្រាក់ប្រសើរឡើងវិញបន្តិច ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុទួរគី លោក BeratAlbayrakបានបញ្ជាក់ថា លោកមានវិធានការដើម្បីធ្វើឲ្យ ទីផ្សារហិរញ្ញវត្ថុមានភាពល្អប្រសើរឡើងវិញ ដើម្បីបន្ធូរបន្ថយក្តីបារម្ភ របស់វិនិយោគិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។

អាមេរិកបានដាក់ទណ្ឌកម្មទៅលើទួរគី ក្រោយពេលដែលទួរគីមិនព្រមដោះលេង អាចារ្យផ្សព្វផ្សាយសាសនា ជនជាតិអាមេរិក ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធនិងការធ្វើរដ្ឋប្រហារ។ ពាក់ព័ន្ធនិងទំនាក់ទំនងជាមួយអាមេរិក សារព័ត៌មាន BBC បានផ្សាយថា ប្រធានាធិបតីទួរគី លោក អឺដូហ្កាន់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងព្យាយាមចង់ឲ្យទួរគី លុតជង្គង់សូមទោសតាមរយៈការព្រមានដាក់ទណ្ឌកម្មមកលើទួរគី ជុំវិញការឃុំខ្លួនអាចារ្យគ្រឹស្ទសាសនាជនជាតិអាមេរិកម្នាក់។

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងទួរគី បានផ្ទុះឡើងក្រោយតុលាការទួរគី សម្រេចបន្តឃុំខ្លួនអាចារ្យគ្រឹស្ទសាសនាជនជាតិ អាមេរិកម្នាក់ឈ្មោះ Andrew Brunson ដោយចោទថា អាចារ្យរូបនេះមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម និងការធ្វើរដ្ឋប្រហារ មិនបានសម្រេចនៅទួរគី កាលពីឆ្នាំ២០១៦។ ប៉ុន្តែ កាលពីថ្ងៃសុក្រកន្លងទៅ ទីក្រុងវ៉ាស៊ីនតោន នៅតែទទូចឲ្យទីក្រុងអង់ការ៉ា ដោះលែងពលរដ្ឋរបស់ខ្លួនជាបន្ទាន់ ហើយមិនតែប៉ុណ្ណោះថែមទាំងតម្លើងពន្ធនាំចូលដែក និងអាលុយមីញ៉ូមទ្វេដងពីប្រទេសទួរគី ទៀតផង។

តែទោះជាយ៉ាងនេះក្ដី ថ្លែងប្រាប់សារព័ត៌មានអាមេរិក New York Times ប្រធានាធិបតីទួរគី លោក អឺដូហ្កាន់ ក៏បានព្រមានតប វិញដែរថាបើសិនជាសហរដ្ឋអាមេរិក មិនផ្លាស់ប្ដូរគោលនយោបាយររបស់ខ្លួនបច្ចុប្បន្នទេ នោះទួរគីនឹងស្វែងរកមិត្ត ឬសម្ព័ន្ធមិត្តថ្មី។ លោក អឺដូហ្កាន់ បានលើកឡើងដូច្នេះថា៖«យើងនឹងមិនធ្វើសម្បទានអ្វីទាល់សោះចំពោះភាពយុត្តធម៌ ហើយនឹងមិនធ្វើបែបនេះជា ដាច់ខាត…ម្យ៉ាងវិញទៀត បើសិនជាសហរដ្ឋអាមេរិក មិនគោរពអធិបតេយ្យភាពរបស់យើង ឬក៏មិនផ្លាស់ប្ដូរគោលនយោបាយ បច្ចុប្បន្នរបស់ខ្លួនទេ នោះយើងមានតែត្រួវរកមិត្ត ឬសម្ព័ន្ធមិត្តថ្មី»។

គួរបញ្ជាក់ថា បើទោះជាមិនបានបញ្ជាក់ថា មិត្តថ្មីជានរណា ប៉ុន្តែកាលពីថ្ងៃសុក្រ លោក អឺដូហ្កាន់ ត្រូវបានគេរាយការណ៍ថា បានធ្វើ កិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុង អង់ការ៉ា កំពុងរីកចំរើនទៅមុខ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print