តំបន់រមណីយដ្ឋានកៀនស្វាយក្រៅ បង្អួតសម្រស់ខ្លួនគឺសំរាមអណ្តែតពេញផ្ទៃទឹក

ចែករំលែក៖

ខេត្តកណ្តាល៖ រមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយក្រៅជារមណីយដ្ឋានដ៏ចំណាស់មួយមានទីតាំងនៅជាប់វត្តកៀនស្វាយក្រៅ ស្ថិតក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ។ កន្លងមករមណីយដ្ឋាននេះមានលក្ខណៈបែបធម្មជាតិ និងធ្លាប់ទទួលរងនូវការរិះគន់ និងបាតុភាពពីភ្ញៀវទេសចរណ៍ផងដែរដោយសារតែមានអ្នកហៅភ្ញៀវមួយចំនួនគិតលុយពីភ្ញៀវទេសចរថ្លៃកប់ពពក។

រយៈពេល៥ឆ្នាំកន្លងមកនេះរមណីយដ្ឋានវត្តកៀនស្វាយក្រៅត្រូវបានកែសម្រួលឲ្យប្រសើរឡើងក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរស្រុកកៀនស្វាយ និងខេត្តកណ្តាល ដោយស្ថាបនាទៅជាផ្សារធំទូលាយ រៀបចំខ្យូសឲ្យមានរបៀបរៀបរយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសបង្កើតឡសម្រាប់ដុតកាកសំណល់ផ្សេងៗដើម្បីការពារបរិស្ថានអនាម័យឲ្យបានស្អាត។ ប៉ុន្តែស្របពេលដែលទឹកជំនន់កើនឡើងនាពេលនេះ បានធ្វើឲ្យរមណីយដ្ឋានវត្តកៀនស្វាយក្រៅមានការចាប់រម្មណ៍ពីភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន។ តែអ្វីដែលធ្វើឲ្យភ្ញៀវទេសចរខកចិត្តពេលមកកម្សាន្តនៅក្នុងរមណីយដ្ឋានគឺបញ្ហាសំរាមអណ្តែតពេញផ្ទៃទឹកធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងអនាម័យ ពេលខ្លះជះក្លិនស្អុយអសោចទៅលើភ្ញៀវទេសចរណ៍ថែមទៀតផង។ នេះជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យភ្ញៀវទេសចរបញ្ចេញទស្សនៈរិះគន់ទៅលើអ្នកគ្រប់គ្រងរមណីយដ្ឋាន ជាពិសេសអាជ្ញាធរស្រុកកៀនស្វាយ និងខេត្តកណ្តាល រួមទាំងស្ថាប័នពាក់ព័ន្ធទៅលើការងារគ្រប់គ្រងរមណីយដ្ឋានផងដែរ។

ដូចឃើញក្នុងរូបភាពនេះ រមណីយដ្ឋានវត្តកៀនស្វាយក្រៅមើលទៅលើផ្ទៃទឹកគួឲ្យទាក់ទាញណាស់ ប៉ុន្តែមួយផ្នែកទៀតនៅជាប់គល់ស្ពានកោះប្រាក់ និងនៅក្បែរោងអង្គុយលំហែកាយពោរពេញទៅដោយសំរាមអណ្តែតពេញលើផ្ទៃទឹកដែលធ្វើឲ្យភ្ញៀវទេសចរណ៍ខកចិត្តយ៉ាងខ្លាំង។

ដោយមើលឃើញជាក់ស្តែងភ្ញៀវទេសចរច្រើនគ្រួសារដែលអង្គុយលំហែកាយនៅក្នុងរោងលើផ្ទៃទឹកបានសំណូមពរឲ្យអាជ្ញាធរស្រុកគួរតែរកវិធីដោះស្រាយពីបញ្ហាសំរាមអណ្តែតលើផ្ទៃទឹកផងដើម្បីការពារបរិស្ថានអនាម័យឲ្យបានស្អាត ជាពិសេសមន្ទីរទេសចរណ៍ខេត្តកណ្តាលដែលគ្រប់គ្រងរមណីយដ្ឋានទូទាំងខេត្តគួរតែចាត់វិធានការរៀបចំទុកដាក់សំរាម និងកាកសំណល់ផ្សេងៗនៅតាមរមណីយដ្ឋានឲ្យបានត្រឹមត្រូវ ។ ជាក់ស្តែងដូចជារមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយក្រៅពេលនេះ សំរាមអណ្តែកពេញផ្ទៃទឹកហើយ៕សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print