ភ្នំពេញ៖ដោយក្តីអាណិតអាសូរចំពោះអ្នកជំងឺប្រើសបេះដូងជួបការលំបាក នៅល្ងាចថ្ងៃចន្ទទី១៣ ខែសីហា នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ និងសហការី ចុះសួរសុខទុក្ខ និងនាំយកផ្លែឈើ ទឹកដោះគោ និងថវិកាមួយចំនួន ផ្តល់ជូន អ្នកស្រី ទិត្យ រី អាយុ២៧ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដើម្បីជួយសម្រាលដល់ការហូបចុកក្នុងកំឡុងពេលកំពុងព្យាបាល ។ នេះបើយើងតាមហ្វេសប៊ុកផ្លូវការរបស់កាកបាទក្រហមកម្ពុជា ។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី ១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះស្ថានភាពជំងឺរបស់អ្នកស្រី ទិត្យ រី ព្រមទាំងផ្តាំផ្ញើឱ្យអ្នកស្រីខិតខំថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយវិលទៅរស់នៅជួបជុំគ្រួសារឡើងវិញ។
អ្នកស្រី ទិត្យ រី ព្រមទាំងកូនប្រុស និងប្តី បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមានមេត្តាធម៌ មានក្តីករុណា គិតគូរ និងលើកទឹកចិត្តដល់ប្រជាជនរងគ្រោះដោយគ្មានការរើសអើងអ្វីឡើយ។ អ្នកស្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតដែលខិតខំវះកាត់ព្យាបាលដោយយកចិត្តទុកដាក់ និងមិនមានការចំណាយថវិកាអ្វីឡើយ៕