សមត្ថកិច្ចចម្រុះខេត្តកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ខណៈអ្នកប្រព្រឹត្តរត់គេចខ្លួនអស់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដើម្បីទប់ស្កាត់ការហិនហោចមច្ឆាជាតិ នារដូវត្រីពងកូន ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកព្រៃឈរបានបើកកិច្ចបង្រ្កាបបទល្មើសនេសាទចំនួន២ករណី ស្ថិតក្នុងភូមិសាស្ត្រឃុំមៀន ស្រុកព្រៃឈរ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថាមានជនទុច្ចរិតប្រើប្រាស់ឧប្បករណ៍នេសាទខុសច្បាប់ ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាមឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃចន្ទ ០២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ។ លោកថា ដោយមានកិច្ចសហការពីកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងកម្លាំងនគរបាលប៉ុស្តិ៍ឃុំមៀន កម្លាំងសឹករងស្រុកព្រៃឈរ សហគមន៍នេសាទសាមគ្គីឃុំមៀន សហគមន៍នេសាទវិហារធំ បានចុះបង្រ្កាបបានបទល្មើសជលផលបានចំនួន០២ករណី ។ លោកបន្ថែមថា ចំពោះអ្នកប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនអស់។

ករណីទី១ ៖ បង្ក្រាបនៅចំណុចទំនប់តាកុដ ភូមិកេះ និងភូមិកំពង់សំរិត ឃុំមៀន ស្រុកព្រៃឈរ ក្នុងនោះកម្លាំងដកហូតវត្ថុតាងរួមមាន ៖ លូស្បៃមុងចំនួន ៣៣មាត់ របាំងស្បៃមុងប្រវែង ១៦៥០ម៉ែត្រ បង្គោលចម្រឹងឫស្សីចំនួន ៤៩៥ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់៩២គីឡូក្រាម ។

ករណីទី០២ ៖ បង្ក្រាបនៅចំណុចនៅចំណុចបឹងធំ ភូមិកំពង់សំរិត ឃុំមៀន ស្រុកព្រៃឈរ ក្នុងនោះកម្លាំងដកហូតលូស្បៃមុងចំនួន០៧មាត់ របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ បង្គោលចម្រឹងឬស្សីចំនួន១០៥ដើម ចាក់លែងកូនត្រីចម្រុះទម្ងន់០៩គីឡូក្រាម ៕ វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print