អាចនិយាយបានថា អង់គ្លេសគឺជា សម្ពន្ធមិត្តស្លាប់រស់ និងជាទីទុកចិត្តបំផុត របស់អាមេរិកនៅលើពិភពលោក តែពេល នេះអាមេរិក ក៏បានគំរាមកំហែងដល់សម្ពន្ធមិត្តដ៏សំខាន់មួយនេះដែរ ដោយសារ តែខ្លាច អង់គ្លេសងាកចេញពីខ្លួនដូចប្រទេសអឺរ៉ុបផ្សេងទៀត។
ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទីក្រុងឡុងប្រទេសអង់គ្លេស លោក Woody Johnson បានព្រមានថា ទីក្រុងឡុង ត្រូវតែកៀកស្មាជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់ ប្រសិនបើមិនចង់ ប្រឈមមុខនឹងលទ្ធផលអាក្រក់នៅក្នុង វិស័យពាណិជ្ជកម្មនោះទេ ។
អត្ថបទវិភាគមួយដែលបានចុះផ្សាយនៅលើសារព័ត៌មាន Sunday Telegrah របស់អង់គ្លេស ឯកអគ្គរដ្ឋទូតអាមេរិក បានសរសេរថា «អាមេរិកកំពុងតែដាក់ គំនាប ហើយយើងចង់ឲ្យអង់គ្លេស ឈរ ខាងអាមេរិក គាំទ្រគោលនយោបាយរបស់អាមេរិកនៅលើពិភពលោក ។ដល់ពេល ដែល អង់គ្លេស ត្រូវចាកចេញពីកិច្ចព្រមព្រៀងបរមាណូ អីុរ៉ង់កាលពីឆ្នាំ២០១៥ ហើយ។ យើងសូមស្នើដល់អង់គ្លេសប្រើប្រាស់នូវឥទ្ធិពលរបស់ខ្លួន និងកម្លាំងទំនាក់ទំនងការបរទេសដ៏ធំរបស់ខ្លួនរួមដៃជា មួយអាមេរិក ឆ្ពោះទៅរកកិច្ចព្រមព្រៀងជាទ្រង់ទ្រាយធំជាងនេះ»។
លោកWoody Johnson ចង់លើកឡើងពីកិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ រវាងប្រទេសមហាអំណាចអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតីអូបាម៉ា រួម ជាមួយ បារាំង អង់គ្លេស រុស្ស៊ី ចិន រួមជា មួយអាល្លឺម៉ង់និងអីុរ៉ង់ ។ ប្រធានាធិបតីត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀង បរមាណូអីុរ៉ង់ កាលពីខែឧសភា ឆ្នាំ ២០១៨ បើទោះបីរងការប្រឆាំងពីបណ្តាប្រទេសសម្ពន្ធមិត្តនៅអឺរ៉ុបក៏ដោយ។
នៅក្នុងសេចក្តីប្រកាស កាលពីសប្តាហ៍ កន្លងមក អង់គ្លេស បារាំង អាល្លឺម៉ង់ បានបញ្ជាក់ថា កិច្ចព្រមព្រៀងបរមាណូ អីុរ៉ង់ កាលពីឆ្នាំ២០១៥ នៅតែមានប្រសិទ្ធ ភាព ហើយប្រទេសទាំង៣បានបង្ហាញការខកចិត្ត ចំពោះទីក្រុងវ៉ាស៊ីនតោន ដែល ដាក់ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់ ។ អឺរ៉ុបបានខិតខំដើម្បីប្រឆាំងនឹងការដាក់ទណ្ឌ កម្ម របស់អាមេរិកទៅលើអីុរ៉ង់ ធ្វើឲ្យប៉ះ ពាល់យ៉ាងខ្លាំង ដល់បណ្តាក្រុមហ៊ុន អឺរ៉ុប ដែលកំពុងរកស៊ី នៅ ក្នុងទីក្រុងប្រទេស អីុរ៉ង់។
ប៉ុន្តែឯកអគ្គរដ្ឋទូតអាមេរិកនៅប្រទេសអង់គ្លេស បានអំពាវនាវដល់បណ្តា ក្រុមហ៊ុន អង់គ្លេស កាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអីុរ៉ង់ ។ លោក Woody Johnson បានបញ្ជាក់ថា « ប្រធានាធិបតី ត្រាំ បានបញ្ជាក់ថា បើទោះបីក្រុមហ៊ុនណាដែលកំពុងរកស៊ីជាមួយអីុរ៉ង់ អាចនឹង ទទួលរងនូវលទ្ធផលអាក្រក់ ។ នៅពេលនេះយើងចាំបាច់ត្រូវតែសាមគ្គី ដាក់គំនាប ទៅលើប្រទេសអីុរ៉ង់ បង្ខំឲ្យអីុរ៉ង់ ផ្លាស់ ប្តូរគោលជំហរ បញ្ចប់សកម្មភាពឃោរ ឃៅរបស់របស់ »។ ប៉ុន្តែប្រទេសជាច្រើនជុំវិញពិភពលោកបានសម្រេចបន្តបង្កើន ទំនាក់ទំនងរកស៊ីជាមួយអីុរ៉ង់ ដដែល បើទោះបីរងការគំរាមកំហែង ពីអាមេរិកក្តី ។
កន្លងមកថ្មីៗ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោកPeter Altmaier បាននិយាយថា សហរដ្ឋអាមេរិកមិនអាចដាក់បញ្ជា ឬកំណត់ច្បាប់ធ្វើពាណិជ្ជកម្មលើបណ្ដាប្រទេស ដទៃនោះទេ ហើយថាប្រទេសរបស់លោកគួរតែបង្ហាញពីជំហរម៉ឺងម៉ាត់ និងប្រឆាំងដាច់ខាតចំពោះទណ្ឌកម្មអាមេរិក តាមរយៈការបង្កើនការវិនិយោគនៅក្នុងប្រទេសអុីរ៉ង់។
លោក Peter Altmaier ធ្វើការកត់ សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅក្នុងស្រុកកាលពីចុងសប្ដាហ៍កន្លងទៅ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមិនអាចបណ្ដោយឱ្យសហរដ្ឋអាមេរិក ដាក់បញ្ជា ឬកំណត់ច្បាប់ធ្វើពាណិជ្ជកម្មលើបណ្ដា ប្រទេសដទៃបាននោះទេ…ដូច្នេះក្រុមហ៊ុនអាល្លឺម៉ង់អាចបន្តធ្វើពាណិជ្ជកម្ម និង វិនិយោគតាមដែលពួកគេចង់បាននៅក្នុងប្រទេសអុីរ៉ង់»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក កាលពីសប្ដាហ៍មុន ក៏បានព្រមានផងដែរថានឹងដាក់ទណ្ឌកម្មលើបណ្ដាប្រទេសទាំងឡាយណា ដែលបន្តធ្វើពាណិជ្ជកម្មជាមួយអុីរ៉ង់។ ប៉ុន្តែបើតាមលោក Peter Altmaier ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងអុីរ៉ង់ពីសំណាក់ សហរដ្ឋអាមេរិកគឺជាការធ្វេស ប្រហែស និងមិនខ្វាយខ្វល់ចំពោះគោល ជំហរនៃសម្ពន្ធមិត្តរបស់ខ្លួន។
ពាក់ព័ន្ធនឹងការប្រឈមមុខ រវាងអាមេ រិកនិងអីុរ៉ង់ នៅពេលនេះអីុរ៉ង់បានប្រកាស ថា នឹងមិនមានជំនួបណាមួយជាមួយភាគីអាមេរិកនោះទេ ដោយអាមេរិកពេលនេះ មិនគួរឲ្យទុកចិត្តឡើយ។ រដ្ឋមន្ត្រីការបរទេស អុីរ៉ង់ លោក Mohammad Javad Zarif បានអះអាងថា គ្មានឡើយជំនួបជាមួយក្រុមមន្ត្រីអាមេរិក រួមទាំងសមភាគីអាមេរិក របស់លោក គឺលោក ម៉ៃក៍ ប៉ុមប៉េអូ នៅឯ កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នាខែកញ្ញាខាង មុខនេះ។
លោក Zarif ធ្វើការកត់សម្គាល់បែបនេះ ក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងជំនួបជាមួយរដ្ឋ មន្ត្រីការបរទេស អាមេរិកលោក មៃក៍ ប៉ុម ប៉េអូ នៅអំឡុងពេលលោកចូលរួមកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ។
លោក Zarif បញ្ជាក់ដូច្នេះថា៖«គ្មានឡើយជំនួបជាមួយក្រុមមន្ត្រីអាមេរិក រួម ទាំងលោក ប៉ុមប៉េអូ នៅឯកិច្ចប្រជុំមហា សន្និបាតអង្គការសហប្រជាជាតិ ហើយ យើងក៏បានបញ្ជាក់គោលជំហរនេះជាច្រើនដងរួចហើយដែរ»។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការ បរទេសអុីរ៉ង់ លោក Mohammad Javad Zarif ប្រធានាធិបតីអុីរ៉ង់លោក ហាស្សាន់ រូហានី ក៏នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ នៅឯទីក្រុងញូវយ៉ក នាខែកញ្ញាខាងមុខ នេះដែរ។ ប៉ុន្តែលោកបញ្ជាក់ ថាលោក រូហានី គ្មានគម្រោងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើយ៕ ម៉ែវ សាធី