ខេត្តសៀមរាប ៖ សំឡេងទឹកហូររត់ប្រដេញគ្នាយ៉ាងរមិញ នាំឆ្ពោះទៅគ្របដណ្តបលើដីស្រែប្រឡាយចេញពីប្រព័ន្ធធារាសាស្រ្ត(ទំនប់ក្សាក) ធ្វើអោយប្រជាជនរស់នៅទីនោះ មិនជិនណាយនិងការចោលក្រសែភ្នែកគយគន់ និងសឹងតែដកជើងពុំរួចពីទេសភាពនៃទីជនបទមួយនេះ។
ទំនប់ក្សាក មានទីតាំងស្ថិតនៅក្នុងភូមិខ្វាវ ព្រះធាតុ ស្រោង និងភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ នេះបើតាមអ្នកភូមិរៀបរាប់ប្រាប់ ខណៈពួកគាត់កំពុងមកងូតទឹកកម្សាន្ត សាចដាក់គ្នាសើចសប្បាយយ៉ាងទ្រហឹងអឺងកងនោះ។
មន្ត្រីជំនាញខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាបបានអោយដឹងថា៖ ក្រោយពេលសាងសង់រួចនាចុងឆ្នាំ ២០១៧ ប្រព័ន្ធធារាសាស្ត្រមួយនេះ មិនត្រឹមក្លាយជាជាតំបន់ទេសចរណ៍កម្សាន្តប៉ុណ្ណោះទេ គឺមានលទ្ធភាពផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សារបស់ប្រជាកសិករចំនួន៦០៨ ហិកតា និងស្រែប្រាំងចំនួន១១៤ ហិកតាថែមទៀត។
លោកបន្តថា៖ ទន្ទឹមនឹងលទ្ធភាពស្រោចស្រព ប្រព័ន្ធធារាសាស្ត្រនេះ ក៏បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយ ដែលមានប្រជាពលរដ្ឋជិតឆ្ងាយ ទៅលេងកម្សាន្តលំហែរកាយ ដកដង្ហើមស្រូបយកខ្យល់ឱកាសបរិសុទ្ធទៀតផង ។
ទាំងនេះគឺដោយសារការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំជំរុញឲ្យមានប្រព័ន្ធធារាសាស្ត្រកាន់តែច្រើននៅជនបទ និងបានប្រែក្លាយជនបទជាអេកូទេសចរ ប្រកបដោយសក្តានុពលទាក់ទាញភ្ញៀវជាតិនិងអន្តរ ជាតិ មកកាន់ទីជនបទប្រយោជន៍លើកស្ទួយវិស័យជីវភាពប្រជាជននៅតំបន់នោះផងដែរ ៕ សុខ ខេមរា