ខេត្តតាកែវ ៖ យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្ត ដែលចុះប្រកាសផ្ទាល់ដោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ ពាក់ព័ន្ធការប្រើប្រាស់លើកំណាត់ផ្លូវលេខ២១ ដែលហៅថាផ្លូវវាងក្រុង នាព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះបញ្ជាក់ថា «ដោយយល់ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រកបអាជីវកម្មយានយន្តដឹកទំនិញគ្រប់ប្រភេទដោយឆ្លងកាត់ផ្លូវលេខ២១ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចផ្តល់ឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជីវករប្រើប្រាស់ផ្លូវខាងលើ ដោយមិនយកប្រាក់ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះតទៅ»។
ប្រជាពលរដ្ឋក៏ដូចជាអាជីវករយានយន្តដឹកទំនិញ បានសំដែងនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ហើយការសម្រេចឱ្យប្រើប្រាស់ផ្លូវខាងលើដោយមិនយកប្រាក់នេះគឺពិតជាបានចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ពួកគាត់បានមួយចំណែក។
ប្រជាពលរដ្ឋក៏បានគោរពជូនពរសម្តេចតេជោ ហ៊ុន សែន សូមទទួលបាននូវសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ជាពិសេសគឺបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចំរើនកាន់តែខ្លាំងឡើងបន្ថែមទៀត ៕