ខេត្តមណ្ឌលគិរី៖ បន្ទាប់ពីបែកធ្លាយពីសកម្មភាព ឧកញ៉ា សុឹង សំអុល ឧកញ៉ា តុប វីដា និងឧកញ៉ា ប៉ោ សំអឿន កេណ្ឌប្រមូលប្រជាជនចូលកាប់ឈើនៅព្រៃកុងៗ ដែនជម្រកភ្នំព្រេច ដោយប្រើមធ្យោបាយឡានបាកុងជាង២០០គ្រឿង(តាមពិតមិនមែនជាង២០០គ្រឿងទេ គឺជាង៣០០គ្រឿងឯណោះ) កាឡេថងជិត៥០០គ្រឿង ត្រាក់ទ័រជិត៥០គ្រឿង យ៉ាងដូចស្រមោចពេញព្រៃនោះ គេសង្កេតឃើញសមត្ថកិច្ចបានដុតដៃ ដុតជើងយកចិត្តទុកដាក់លើវិធានបង្ក្រាបដោយស្មារតីទទួលខុសត្រូវបំផុត។
ជាក់ស្តែងនៅវេលាម៉ោង៤ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ត្រូវបានគេលួចបង្ហើបអោយដឹងថា៖ មានសមត្ថកិច្ចជាច្រើននាក់ចុះប្រតិបត្តិការបង្ក្រាប។ ប៉ុន្តែប្រជាជនអះអាងថា៖ ឡានបាកុង ត្រាក់ទ័រ កាឡេថង ប្រមាណជិត៣០ភាគរយបានចាកចេញពីព្រៃ ហើយចំនួនច្រើនលើសលុបទៀតមិនទាន់ចេញរួច ក្នុងនោះមានទាំងឡានយីឌុប ឡានកាម៉ាស់ អាចប្រឈមនិងការបង្ក្រាបចាប់ដោយសមត្ថកិច្ចយកភាពជោគជ័យលើប្រតិបត្តិការនេះ ប្រសិនមានវិធានការដូចខាងក្រោម៖
ទី១-ត្រូវដាក់កម្លាំងចូលទៅដល់ជិតក្រុមហ៊ុន ដាយថាន់ បើឡានឈើឡើងចេញពីព្រៃកុងៗ ដែនជម្រកភ្នំព្រេច គឺមានតែផ្លូវតែមួយប៉ុណ្ណោះដែលកន្លងទៅក្រុមឧកញ៉ាទាំងនោះបានឈូលឆាយជាមួយ ក្រុមហ៊ុនក្លរី សម្រាប់ចរាចរណ៍ដឹកឈើចេញពីព្រៃ ហើយតំបន់នោះ ក៏មានស្នាក់ការរង របស់បរិស្ថានចំនួន៣ អាចចូលរួមសហការទប់ស្កាត់ តែមួយរយះនេះមន្ត្រីបរិស្ថាននេះតែម្តងបើកភ្លើងខៀវ និងបោះដៃអោយឡានចេញគេច ឬចូលអូសឈើ ក្រោមឥទ្ធិពលលោក ហាន សាខន នាយកដែនជម្រកភ្នំព្រេច។ ទីតាំងស្នាក់ការរងបរិស្ថានទាំងនោះរួមមាន ទី១-បរិស្ថានរងស្រែខ្ទង់ ។ ទី២-ស្នាក់រងខ្ទង់រង និងទី៣-ស្នាក់ការរង មួយទៀតជិតអូរគ្រៀក ដូច្នេះឈើឈ្មួញអាចអូសជញ្ជូននៅតំបន់អូរគ្រៀកផង មានដាក់ចូលទៅក្រុមហ៊ុនដាយថាន់ផង ។ ជាក់ស្តែងទី២-ត្រូវយកកម្លាំងទៅដាក់ទប់នៅ កន្លែងក្រុមហ៊ុនដាយណាមតុងមិន ចាស់ គឺឡានឈើរត់មិនរួចទេ គឺចេញមកគឺជាប់ បើមិនចេញមកអាចជាក់គាំងក្នុងព្រៃកុងៗ។ ដូច្នេះបើឈ្មួញហ៊ានឡើងមកតាមទីតាំងខាង សមត្ថកិច្ចអាចបង្ក្រាបបានទាំងអស់។ ករណីពិសេសមួយទៀត ទី៣-គឺសមត្ថកិច្ចអាចយកកម្លាំងទៅដាក់នៅ សំពោចស្រែរនាម ប៉ុន្តែទិសដៅត្រូវយកចូលទៅដល់ជិតក្រុមហ៊ុនដាយថាន និងក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ចាស់នៅអន្រ្ទងក៏មានប្រសិទ្ធភាព១០០ភាគរយ។
ដោយឡែកនៅកោះញ៉ែកមិនចាំបាច់ប្រើកម្លាំងទេ ដោយសារឡានទាំងនោះមិនអាចធ្វើដំណើរឆ្លងទៅកោះញ៉ែកបានទេ ព្រោះស្ថានភាពផ្លូវលំបាកបំផុត តែបើចង់បិទអោយមានប្រសិទ្ធភាពមួយទៀត គឺបិទកោះញ៉ែកដែរ តែកន្លែងក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ឡានឈើមិនអាចឆ្លងរួចដាច់ខាត នេះប្រសិនបើសមត្ថកិច្ចមានឆន្ទះបង្ក្រាប។
ប្រជាជននៅទីនោះបានរំលឹកថា៖ បើអោយខាងកម្លាំងយោធាប្រតិបត្តិការសឹករងមណ្ឌលគិរី គឺបង្ក្រាបចាប់បានឡានឈើនោះទាំងអស់ ខណះលោកផ្កាយ២ សាន្ត គឹមអឿន មេយោធាខេត្តក្តោបព័ត៍មានពីតំបន់នោះច្បាស់ដូចបាតដៃ និងមានឆន្ទះបង្ក្រាប ហើយជាទម្លាប់លោកមិនព្រមទទួលយកកញ្ចប់ពីអ្នករត់ការបទល្មើសឈើដាច់ខាតនោះ។
នេះជាប្រវត្តិសាស្ត្រហើយដែល ឧកញ៉ា សុឹង សំអុល ឧកញ៉ា តុប វីដា និងឧកញ៉ា ប៉ោ សំអឿន គឃ្លើននិងច្បាប់ ហ៊ានបំផ្លាញឈើលក្ខណះទ្រង់ទ្រាយធំ ស្របពេលប្រទេសគ្រប់គ្រងដោយច្បាប់ មិនតែប៉ុណ្ណោះមានស្ថាប័នសមត្ថកិច្ចខ្លះអត់ហ៊ានទទួលកញ្ចប់ទេ ទោះមានស្ថាប័នផ្សេងទៀតទទួលក៏ដោយ បន្ទាប់ពីពួកគាត់ឃើញពីសកម្មភាពយកឡានបាកុង ត្រាក់ទ័រ កាឡេថង សន្ធឹកសន្ធាប់ខ្មៅពេញព្រៃកុងៗ ខុសពីសព្វមួយដង ហើយខ្លាចមានបញ្ហាប៉ះពាល់និងផ្លូវច្បាប់។
ករណីនេះ ឧកញ៉ា សុឹង សំអុល ឧកញ៉ា តុប វីដា និងឧកញ៉ា ប៉ោ សំអឿន កំពុងរត់ការទប់ទល់សភាពការដ៏អាក្រក់នេះ ដោយព្រលឹងចុងសក់ស្លន់ស្លោរ ជ្រួលច្របល់ ប៉ុន្តែពួកគាត់អាចមានសង្ឃឹមខ្លះចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់ ក៏ដូចប្រតិបត្តិការបង្ក្រាបនេះ ព្រោះមានអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធទទួលកញ្ចប់ពីពួកគាត់ នឹងរកនីតិវិធី អោយទៅជាលោកសង្ឃនិមន្តបិណ្ឌបាត«ពស់ប្រឹង កង្កែបប្រឹង»រួចខ្លួនទាំងអស់គ្នា នេះបើអាចធ្វើទៅរួច៕ ដោយ៖ សិលា