ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្ដការលើកទឹកចិត្ដ និងគាំទ្រ ដល់កងកម្លាំង សមត្ថកិច្ច ទាំងអស់ដែលការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពក្នុងដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ថ្ងៃបោះឆ្នោត និងក្រោយការ បោះឆ្នោត ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅ ក្នុងកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារ ៣កើត ខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៤ សីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ និងបន្ដការលើកទឹកចិត្ដ ដល់កងកំលាំងសមត្ថកិច្ចរួមមានកងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានី ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងកម្លាំងនៃកងពលតូចលេខ៧០បានរួមគ្នា ជាមួយអាជ្ញាធរដែនដីខណ្ឌទាំង១២ ដែលបានខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញបានល្អប្រសើរជូនប្រជាពលរដ្ឋ កន្លងមក ។
លោក ម៉េត មាសភ័ក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក្រោយ នៃកិច្ចប្រជុំនោះ បានបញ្ជាក់ថា៖ សន្តិសុខគឺជាសេចក្តីត្រូវការរួមរបស់ ប្រជាពលរដ្ឋគ្រប់រូប មិនអាចខ្វះបាន អ្នកណាសុទ្ធតែត្រូវការសន្តិសុខទាំងអស់ ។ ពិសេសក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះទេ និងបាន ធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ដោយសារតែរដ្ឋបាលរាជធានីរក្សាបានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អ។អ្នកនាំពាក្យបន្តថា៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅបានបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ បន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ២៤ម៉ោង លើ២៤ម៉ោងមិនមែនតែការបោះឆ្នោតនោះទេក្រោយបោះឆ្នោតក៏នៅបន្តរក្សាការងារនេះ ជូនប្រជាពលរដ្ឋឱ្យបានល្អជាប្រចាំ។
ក្នុងនោះលោក ម៉េត មាសភ័ក្ដី បានបន្ដថា៖ក្នុងកិច្ចប្រជុំនេះលោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត នៅរាជធានីភ្នំពេញទាំងមូលមិនមាន អំពើហឹង្សាណាកើតឡើងនោះទេហើយគណបក្សនយោបាយ ទាំង២០ដែលធ្វើ សកម្មភាពនៅភ្នំពេញគឺមាន ភាពចាស់ទុំផ្នែកនយោបាយ គឺមិនបានប្រើពាក្យសំដី ដែលធ្វើឱ្យប៉ះពាល់ទៅដល់គណបក្សនិមួយៗនោះទេ ។ ទោះបីជាសន្តិសុខសណ្តាប់ធ្នាប់មានភាពរលូនយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ និងបន្ដ ណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១២ កម្លាំងនគរបាលស្នងដ្ឋាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ត្រូវតែបន្តពង្រឹកផ្នែកសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ឱ្យបានល្អប្រសើរជាប្រចាំ។ ហើយជាចាំបាច់ លោកអភិបាលខណ្ឌទាំង១២ ត្រូវធ្វើសេចក្តីរាយការ មកគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃផងដែរ ។
លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនោះ ដែរពាក់ព័ន្ធបញ្ហាការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈក្នុងរាជធានីភ្នំពេញលោកអភិបាលរាជធានីក៏បានឱ្យបន្តយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់ផ្លូវទាំង១១ខ្សែឱ្យម៉ឹងមាត់បន្ថែមទៀត ដាក់កងកម្លាំងនិងរថយន្តស្ទូចប្រចាំការដើម្បីស្ទូចរថយន្តណា ដែលមិនគោរពហើយ ចតអាណាធិបតេយ្យនៅតាមដងផ្លូវទាំង១១ខ្សែនោះ បន្ដទៀត ក្នុងគោលបំណង គឺជួយ សម្រួល និងរំដោះនៃការកកស្ទះចរាចរ នៅរាជធានីបានមួយកំរិតផងដែរ ៕
ដោយ៖ សំរិត