ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ ដោយសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាកម្លាំងក្រោមឱវ៉ាត និងបញ្ជាផ្ទល់ចុះបង្រ្កាបករណីចោរលួចលុយព្រះសង្ឃក្នុងវត្ត ក្នុងនោះកម្លាំងឃាត់ខ្លួនជនសង្ស័យមុខសញ្ញាចោរលួចយ៉ាងសកម្មតាមបណ្ដាខេត្តនានាម្នាក់ រួមទាំងវត្ថុតាងលុយ និងសម្ភារមធ្យោបាយធ្វើដំណើរផងដែរ។
ប្រតិបត្តិការបង្រ្កាបជនសង្ស័យជាមុខសញ្ញាចោរលួចយ៉ាងសកម្មខាងលើ ធ្វើឡើងនៅវេលាម៉ោង១ និង១៥នាទី រសៀលថ្ងៃអង្គារ៍ ៣កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅក្នុងបរិវេណ(វត្តបុប្ផាសុវណ្ណ) ត្រង់ចំណុចកុដិព្រះសង្ឃ ស្ថិតក្នុងភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចោរលួចត្រូវបានបង្រ្កាបឈ្មោះ ស៊ូ គឹមហ៊ុល ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ឈុន ស្រីពៅ អាយុ ២៧ឆ្នាំ មានកូនប្រុសចំនួន ២នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន មានទីលំភូមិ.ឃុំព្រែកមហាទេព ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង។
លោក អធិការនគរបាលបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងដកហូតនូវសម្ភារ ម៉ូតូចំនួន ១គ្រឿងម៉ាក ឃ្លីក ពណ៏ស គ្មានស្លាកលេខ ទូរស័ព្ទដៃចំនួន ២គ្រឿង និងវត្ថុតាងរួមមាន លុយខ្មែរចំនួន ២,៤៥,៤៥០០រៀល(ពីលានបួនសែន ប្រាំមឺុនបួនពាន់ប្រាំរយ) ហើយប្រតិបត្តិការណ៍បង្រ្កាបទាន់ពេលវេលានេះដោយមានកិច្ចសហការល្អ រវាងសមត្តកិច្ចនគរបាលយើង និងព្រះសង្ឃអាចារ្យគណៈកម្មាធិការវត្ត។
លោក អធិការបន្តទៀតថា ចំពោះជនសង្ស័យជាមុខសញ្ញាចោរលួចយ៉ាងសកម្មតាមបណ្ដាខេត្តនានា រួមទាំងសម្ភារ និងវត្ថុតាងបាននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បញ្ជាក់! បើយោងតាមសេចក្ដីកិច្ចសហការរាយការណ៍ពីសមត្តកិច្ចនគរបាលខេត្តបាត់ដំបង ជនសង្ស័យត្រូវបានបង្រ្កាបជាមុខសញ្ញាចោរលួចយ៉ាងសកម្មតាមបណ្ដាខេត្តនានា ទូរទាំងព្រះរាជ្ជាណាចក្រកម្ពុជា៕ ដោយ ប៊ឹមពិន