ព្រហើនមែន សមត្ថកិច្ចបង្ក្រាបបទល្មើសផ្អើលពេញខេត្តមណ្ឌលគិរី បែរជាមេច្រកប៉ុស្តិ៍៧ ណាំលៀ ឲ្យឈើឆ្លងទៅវៀតណាមយប់មិញជិត៣០គ្រឿង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រថយន្តឡង់គ្រីស័រកែច្នៃប្រមាណជិត៣០គ្រឿងត្រូវបានដឹកជញ្ជូនឈើល្មើសច្បាប់ ឆ្លងទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍៧ ណាំលៀ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ស្របពេលដែលសមត្ថកិច្ចជាច្រើនស្ថាប័ន បើកយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើ ផ្អើលពេញខេត្តមណ្ឌលគិរី ។

សកម្មភាពឆ្លងទៅប្រទេសវៀតណាម នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨​នេះ តាមច្រកទ្វេភាគប៉ុស្តិ៍៧ ណាំលៀ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត ព័ទ្ធបានចាប់ចំនួន១គ្រឿង ដោយឡែកពីរគ្រឿងទៀតបើករត់ចូលក្នុងចម្ការម្រេច ដូច្នេះរថយន្តដែលបានឆ្លងទៅដល់ទឹកដីវៀតណាម ត្រូវបានគេរាយការណ៍មកថា មានចំនួនជិត៣០គ្រឿង ។ ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក៏ដូចជាលោក ទៀង សៅរ៍រ័ត្នន៍ ស្នងការរងទទួលបន្ទុកកាន់កាប់ច្រកទ្វេភាគី​មិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ដោយទូរស័ព្ទចូលជាច្រើនលើកតែគ្មានអ្នកទទួល ។​ ប៉ុន្តែកន្លងទៅ លោកស្នងការ ទាំងលោកស្នងការរងទទួលបន្ទុក តែងអះអាងប្រាប់អង្គភាពនគរវត្ត​គឺមិនអនុញ្ញាតឲ្យចេញឈើទៅប្រទេសវៀតណាមឡើយ ទោះច្រកណាក៏ដោយ ។ ដោយឡែក លោក វុធ សារុំ នាយកបរិស្ថានណាំលៀ បានប្រាប់នគរវត្តតាមទូរស័ព្ទផងដែរថា ពិតជាមានករណី​លួចចេញឈើមែន ហើយឈើមួយចំនួនទៀត ក៏ត្រូវបានកម្លាំងរបស់លោក កំពុងព័ទ្ធចាប់ និងចាប់យកឈើជាច្រើនគំនរទៀត នារសៀលម៉ោង១ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។

គួររំលឹកផងដែរថា សកម្មភាពចរាចរណ៍ឈើឆ្លងទៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍៧ ណាំលៀ គេទទួលស្គាល់ថា មានតែលោកសំរិត ណយ ប្រធានប៉ុស្តិ៍នេះតែម្តង ដែលញៀននឹងការទទួលប្រយោជន៍ ហើយអនុញ្ញាឲ្យឈើឆ្លងកាត់ ម្តងៗដូចហែកឋិន មានទាំងពេលយប់ មានទាំងពេលទៀបភ្លឺ ហើយការចេញម្តងៗនេះ ក្នុងអំឡុងម៉ោង៨ទៅម៉ោង៩ព្រឹក រថយន្តឡង់គ្រីស័រកែច្នៃដែលបានដឹកឈើ ក៏ត្រឡប់មកវិញ ដូចឡានក្បួន នៅចំពោះក្រសែភ្នែកសមត្ថកិច្ចប្រចាំច្រកមួយនេះ ប៉ុន្តែជានិច្ចកាល ពួកគាត់តែងតែបញ្ជាក់ថា មិនមានបទល្មើសដឹកជញ្ជូនឈើនោះឡើយ ។

បញ្ហាទាំងអស់នេះ គួរណាស់តែលោកស្នងការនគរបាលខេត្ត សមត្ថកិច្ចជំនាញពាក់ព័ន្ធដទៃទៀត ពិសេស​លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត គួរទទួលខុសត្រូវ រាល់បទល្មើសដែលកើតមាន នៅក្នុងដែនដីដែលខ្លួនកាន់កាប់ ប៉ុន្តែពេលនេះ សមត្ថកិច្ចចុះបង្ក្រាបបទល្មើស​ព្រៃឈើយ៉ាងកក្រើកព្រៃ បែរជាមានសកម្មភាពឆ្លងឈើចេញទៅវៀតណាម នាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះទៀត ក្នុងនោះ ប្រភពអាចទុកចិត្តបាន បានលួចបង្ហើបថា ពីមុនឈើចេញតាមច្រកប៉ុស្តិ៍៧ ណាំលៀ ក្នុងមួយយប់ៗកន្លងទៅ តិចបំផុតចាប់ពី៧០ឡានឡង់គ្រីស័រកែច្នៃ ទៅ១៥០ ឬ២០០គ្រឿង ប៉ុន្តែយប់​ថ្ងៃទី១៤ ខែសីហា តួលេខពិតប្រាកដពីទឹកដីវៀតណាម ឈើបានឆ្លងទៅចំនួន២៨គ្រឿង ទើបខាងរដ្ឋបាលព្រៃឈើចុះបង្ក្រាប ចាប់បាន១គ្រឿង ដោយឡែក២គ្រឿងទៀតបើកគិចចូលចម្ការម្រេច ហើយគំនរឈើផ្សេងទៀត ខាងបរិស្ថានកំពុងយកកម្លាំងទៅចាប់យក ។

បើទោះជាពុំមាន​ការបញ្ជាក់អំពីជំនាញ ថា បច្ចុប្បន្ននេះ ត្រូវចាប់ឈើបានចំនួនប៉ុន្មានពិតប្រាកដក៏ដោយ ប៉ុន្តែយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ប្រភពនៅទីនោះបញ្ជាក់យ៉ាងដូច្នេះថា មេព្រៃចាប់បានឡានឡង់គ្រីស័រកែច្នៃ១គ្រឿង និងមនុស្សចំនួន២នាក់ នៅម្តុំអូរតាំកន ហើយជំនាញខាងបរិស្ថាន ក៏បន្តចេញប្រតិបត្តិការរុករកកន្លែងលាក់ឈើបន្តទៀត ៕ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print