រថយន្តបាកុងរបស់ឧកញ៉ាស៊ឹង សំអុល, តុប វីដា, ប៉ោ សំអឿន ចេញពីព្រៃកុងៗ ដល់ទីរួមស្រុកកោះញែក ម៉ោង៥ល្ងាចម្សិលមិញ (មានវីដេអូ)

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីបែកធ្លាយពីសកម្មភាពឧកញ៉ាស៊ឹង សំអុល, តុប វីដា និងប៉ោ សំអឿន កេណ្ឌប្រមូលប្រជាពលរដ្ឋ និងយករថយន្តបាកុង ត្រាក់ទ័រ កាឡេថងជាច្រើនគ្រឿងទៅអូស និងដឹកឈើ នៅព្រៃកុងៗ ដែនជម្រកសត្វភ្នំព្រេច ហើយសមត្ថកិច្ចបានចុះទៅបង្ក្រាប ស្រាប់តែមានអ្នកផ្តល់ដំណឹងដល់ឈ្មួញ ទើបគេឃើញរថយន្តបាកុង ត្រាក់ទ័រ និងកាឡេថង មួយចំនួនរត់ទៅជ្រកនៅក្នុងក្រុមហ៊ុនដាយថាន ។ ដោយឡែករថយន្តបាកុងខ្លះបានចាកចេញពីព្រៃមកដល់ទីរួមស្រុកកោះញែក ខេត្តមណ្ឌលគិរី ប្រហែលជាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ។

រថយន្តបាកុងទាំងនោះ ភាគច្រើនគឺជារបស់សមត្ថកិច្ច ប៉ុន្តែពួកគេបានជួលឲ្យឧកញ៉ាទាំងបីររូបខាងលើ ក្នុងនោះគេបានសង្ស័យផងដែរថា លោក ភោគ ចន្ធី ដែលជាសមត្ថកិច្ចនៅខេត្តមណ្ឌលគិរី អាចជាអ្នកផ្តល់ដំណឹងដល់ឈ្មួញពីផែនការបង្ក្រាប ដោយសារគាត់កន្លងទៅគឺជាអ្នករត់ការបទល្មើសព្រៃឈើតែម្តង នៅក្នុងខេត្តមណ្ឌលគិរី ជាមួយនឹងដៃជើងរបស់គាត់ជាច្រើននាក់ទៀត ។ ប៉ុន្តែពាក់ព័ន្ធករណីនេះ អង្គភាពនគរវត្ត មិនអាចសុំការបំភ្លឺបានទេពីលោក ភោគ ចន្ធី ពាក់ព័ន្ធនឹងការរិះគន់ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ដោយគ្មានលេខទូរស័ព្ទ ។

គួររំលឹកថា ផែនការបំផ្លាញព្រៃឈើដែលប្រព្រឹត្តឡើងដោយ ឧកញ៉ាស៊ឹង សំអុល, តុប វីដា, ប៉ោ សំអឿន ត្រូវបានបែកធ្លាយ ហើយកម្លាំងសមត្ថកិច្ចនៅខេត្តមណ្ឌលគិរី ព្រមទាំងអាជ្ញាធរផងដែរ ដែលបានទទួលកញ្ចប់ពីករណីរត់ការបទល្មើសឈើ មួយចំនួនកំពុងភ័យព្រួយ រសើបខ្នង គេងមិនលក់ បក់មិនល្ហើយ ស្លន់ស្លោរ បន្ទាប់ពីបទល្មើសទាំងនេះបែកធ្លាយ ក្លិនដូចបែកពាងប្រហុកនោះ ៕ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print