ខេត្តស្វាយរៀង៖ ជនសង្ស័យប្រដាប់ដោយកាំភ្លើង មានគ្នាពី៤ទៅ៥នាក់បានជិះរថយន្តមួយគ្រឿងចូលទៅបាញ់ប្លន់ផ្ទះអ្នកលក់ថ្នាំពេទ្យ បណ្តាលឲ្យកូនប្រុសម្ចាស់ទីតាំងលក់ថ្នាំពេទ្យម្នាក់រងរបួសធ្ងន់ ហើយក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនដោយសុវត្ថិភាព ។
ហេតុការណ៍នេះបានឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះលក់ថ្នាំពេទ្យឈ្មោះ ឈួរ សុមាលី ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ក្នុងហេតុការណ៍នេះ ក្រុមជនសង្ស័យបានបាញ់មួយគ្រាប់ត្រូវចំកូនប្រុសម្ចាស់ផ្ទះលក់ថ្នាំពេទ្យបណ្តាលឲ្យរងរបួសធ្ងន់ ។ ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលដោយប្លន់មិនបានសម្រេចនោះទេ ក៏ព្រោះតែសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្ទាក់ចាប់ក្រុមជនសង្ស័យដែលព្រហើនហ៊ានជិះរថយន្តចូលបាញ់ប្លន់បែបនេះ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ហើយនៅមិនយូរប៉ុន្មាន កម្លាំងប៉េអឹមបានចាប់ខ្លួនជនសង្ស័យបានម្នាក់ផងដែរ ៕ យឹម សុថាន