ភ្នំពេញ៖ យុវជន៤នាក់បានរងរបួសធ្ងន់ និងស្រាល ដោយសារតែយុវជន២នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចផ្លូវកែងមិនបង្អង់ល្បឿនបានជ្រុលបុកចំពីជំហៀងពេញទំហឹង ។
កាលពីវេលាម៉ោង៦នឹង៤០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ៣៣២ កែងនឹងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q-0120 ជិះឌុបគ្នាតាមបណ្តោយផ្លូវលេខ៣៣២ ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូហុងដាឌ្រីម សេ១១០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-5714 ជិះក្នុងល្បឿនយ៉ាងលឿន ទិសដៅពីត្បូងទៅជើង បានបុកចំពីជំហៀងពេញទំហឹង បណ្តាលឱ្យម៉ូតូមួយគ្រឿងទៀតប៉ើងរងរបួសធ្ងន់និងស្រាលទាំង៤នាក់ ចំណែកម៉ូតូរងការខូចខាតទាំងសងខាង ។ ប្រភពបន្តថា ភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានអ្នកដំណើរជួយសង្គ្រោះជាបណ្តោះអាសន្ន ទើបរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយមកសមត្ថកិច្ចបានសហការជាមួយជំនាញធ្វើការវាស់វែង យកម៉ូតដែលរងការខូចខាតទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕
ដោយ៖ ជីម ភារ៉ា