ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ថា ផ្ទាំងដីដ៏ធំមួយស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា តំបន់អណ្តូររ៉ែនោះបានបាក់មកបណ្តាលឲ្យមនុស្សយ៉ាងតិច៩០នាក់បាត់បង់ជីវិត ។
ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានរាយការណ៍ថា ជនរងគ្រោះជាច្រើននាក់បានកប់នៅពីក្រោមគំនរសម្ភារកម្ទេចកម្ទីរបាក់បែកគរចោលដោយក្រុមហ៊ុនរ៉ែ បានបាក់រលំស្ថិតនៅក្នុងរដ្ឋ កាជីន ។
ជនរងគ្រោះភាគច្រើនត្រូវគេដឹងថា ទៅកាន់ទីនោះដើម្បីស្វែងរកសម្ភារចាស់ៗដែលនៅមានតម្លៃយកទៅលក់ និងមួយចំនួនទៀតមានទីលំនៅជិតខាងគំនរសម្ភារៈចាស់ៗដែលក្រុមហ៊ុនរ៉ែធ្យូងថ្មនាំយកទៅបោះចោលនោះ ។
រដ្ឋកាជីន ជារដ្ឋដែលល្បីល្បាញខាងរ៉ែធ្យូងថ្មជាងគេបំផុតនៅក្នុងពិភពលោក ។ ហេតុការណ៍បាក់ដីនៅតំបន់ Hpakant ភាគខាងជើងមីយ៉ាន់ម៉ានេះបានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ហេតុការណ៍នេះក្រៅពីបង្កឲ្យមានអ្នកស្លាប់ ថែមទាំងបណ្តាលឲ្យមានអ្នកបាត់ខ្លួនច្រើនផ្សេងទៀត ។
ក្រុមជួយសង្គ្រោះទ្រង់ទ្រាយធំត្រូវបានធ្វើឡើងជាមួយកាកបាទក្រហមមីយ៉ាន់ម៉ា កម្លាំងទាហាន ប៉ូលិស និងក្រុមសហគមន៍នៅក្នុងតំបន់ផងដែរ ។ ពួកគេព្យាយាមជីកកកាយដើម្បីយកសាកសពជនរងគ្រោះចេញពីដី ។
ប្រភពព័ត៌មានពីកាសែតពន្លឺថ្មីមីយ៉ាន់ម៉ាបានផ្សព្វផ្សាយថា ជនរងគ្រោះភាគច្រើនបាត់បង់ជីវិតខណៈដែលកំពុងដេកលងលក់ក្នុងខ្ទមរបស់ពួកគេ អំឡុងពេលដែលហេតុការណ៍បាក់ដីកើតឡើងនោះ ។ មន្ត្រីទទួលខុសត្រូវក្នុងតំបន់ លោក Nilar Myint បានបញ្ជាក់ថា យើងបានឃើញជនរងគ្រោះបាត់បង់ជីវិតម្នាក់នៅនឹងភ្នែក ហើយគ្មាននរណាម្នាក់ដឹងថា តើជនរងគ្រោះប៉ុន្មាននាក់នៅទីនោះឡើយ ។ ជនរងគ្រោះម្នាក់ត្រូវសង្គ្រោះចេញពីគំនរបាក់បែក ប៉ុន្តែគេបានបាត់បង់ជីវិតទៅវិញនៅពេលបន្តិចក្រោយមក ។
ប្រតិបត្តិការជួយសង្គ្រោះមានការលំបាកលំបិនបំផុតដោយសារតែបញ្ហាអាកាសធាតុមិនល្អប្រសើរ ។ គេនៅមិនទាន់ដឹងឡើយពីមូលហេតុបណ្តាលឲ្យហេតុការណ៍កើតឡើង ។ ប្រព័ន្ធទំនាក់ទំនងនៅតាមផ្នែកខ្លះក្នុងរដ្ឋខាងលើនេះរបស់មីយ៉ាន់ម៉ាមិនល្អប្រសើរ ដោយមូលហេតុនេះហើយទើបលំបាកនៅក្នុងការបញ្ជាក់ប្រាប់ព័ត៌មានឲ្យបានជាក់លាក់នោះ ។
របាយការណ៍ Global Witness បានអះអាងថា តម្លៃឈូងថ្មនៅក្នុងរដ្ឋកាជីន មីយ៉ាន់ម៉ាក្នុងឆ្នាំ២០១៤ប៉ុណ្ណោះគឺមានរហូតដល់៣១ពាន់លានដុល្លារអាមេរិក ជិតពាក់កណ្តាលនៃ GDP មីយ៉ាន់ម៉ាទាំងមូលទៅហើយ ។ ប៉ុន្តែចំណូលទាំងនោះតិចតួចបំផុតធ្លាក់ចូលដល់ដៃពលរដ្ឋសាមញ្ញនោះ ។
ពលរដ្ឋរស់នៅក្នុងតំបន់អណ្តូងរ៉ែបានចោទប្រកាន់ឧស្សាហកម្មរ៉ែថា ជាអ្នករំលោភបំពាន់ដល់ការរស់នៅរបស់ពួកគាត់ ដូចជាការបង្កឲ្យខូចសុខភាព ការគ្មានប្រព័ន្ធសុវត្ថិភាពការងារត្រឹមត្រូវ និងការរឹបអូសយកដីរបស់ពួកគាត់ជាដើម ៕
ប្រែសម្រួល៖ ថាច់ យ៉ាត