នគរបាលខណ្ឌដូនពេញ បញ្ជូនខ្លួនចោរឆក់ម្នាក់ ទៅតុលាការ ក្រោយ​ឆក់កាបូបពីស្ត្រីម្នាក់ បណ្ដលឲ្យរបួសធ្ងន់រហូតដល់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ ចោរឆក់កាបូបពលរដ្ឋម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ បន្ទាប់ពីរូបគេនិងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាព​ឆក់កាបូបស្ពាយពីស្ត្រីម្នាក់ បណ្ដាលឲ្យដួលម៉ូតូ​ របួសធ្ងន់ក្រោយបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត្របាន១ថ្ងៃស្លាប់ ចំណែកជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ។ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

​យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងនៅព្រឹកថ្ងៃ​ពុធ​ ៣​រោច​ ខែស្រាព​ណ៌​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៨នេះថា ជនសង្ស័យខាងលើនេះ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ចំណែកឯបក្ខពួកម្នាក់ទៀតកំពុងស្វែងរកចាប់ខ្លួន ។

គួររំលឹកផងដែរថា ករណី​ឆក់កាបូបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចវិថីព្រះស៊ីសុវត្ថិកែងផ្លូវលេខ១៣០ ភូមិ២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បង្កឡើងដោយជនសង្ស័យមានគ្នា ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក ពណ៌ខ្មៅ ឆក់កាបូបស្ពាយពីស្ត្រីម្នាក់ បណ្ដាលដួលម៉ូតូរងរបួសធ្ងន់ បញ្ជូនដល់មន្ទីរពេទ្យ​បាន១ថ្ងៃ គឺនៅថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោង៥ល្ងាចបានស្លាប់។

ជនរងគ្រោះឈ្មោះ ស៊ិន ស្រី អាយុប្រហែល៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រីមានទីលំនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវ​បាន​ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត​។

រហូតមកដល់នៅថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ២០១៨ វេលាម៉ោង២រសៀស កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ និងកម្លាំង​នគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ  ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿន វីរះ ហៅ រក័្ស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារព្រៃសកាលឆ្នាំ២០១៦ ពីបទហិង្សាដោយចេតនា។

បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតនៅក្រោមការចោទប្រកាន់របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆក់កាបូបដោយហិង្សាមានស្ថានទំងន់ទោស ហើយរងចាំចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសនៅពេលក្រោយ ៕ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print