ហេង សុគន្ធបារម្ភរឿងគ្មានលុយរៀបចំបុណ្យ៧ថ្ងៃម្តាយ

ចែករំលែក៖

ភ្នំពេញ ៖ តារាសម្តែងជំនាន់ក្រោយ ហេង សុគន្ធ បានថ្លែងក្តីព្រួយបារម្ភនឹងការរៀបចំពិធីបុណ្យសព និងបុណ្យ៧ថ្ងៃម្តាយក្រោយតារារូបនេះបានចំណាយថវិកាជាច្រើនលើការព្យាបាលជំងឺម្តាយនៅមន្ទីរពេទ្យរួចមក។

    តារាសម្តែង ហេង សុគន្ធ កំពុងរងទុក្ខធំព្រោះតែម្តាយបង្កើតរបស់ខ្លួនបានសា្លប់បាត់បង់ជិវិតកាលពីថ្ងៃទី២៧ខែសីហានេះព្រោះតែជំងឺទឹកនោមផ្អែម និងបែកទងប្រម៉ាត់។ កាន់តែក្តុកក្តួលអួលដើមកអាណិតតារាសម្តែង ហេង សុគន្ធក្រោយពីទទួលដំណឹងថាលោកកំពុងប្រឈមនឹងការខ្វះខាតលុយកាក់ដើម្បីរៀបចំពិធីបុណ្យ បុណ្យ៧ថ្ងៃបន្តនៅចុងសប្តាហ៍នេះ។ តារារូបនេះថ្លែងដោយហូរទឹកភ្នែកថាម្តាយរបស់លោកបានជួបជំងឺនេះជាយូរមកហើយ ហើយកាន់តែធ្វើទុក្ខខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដោយសារជំងឺម្តាយលោកបានចំណាយប្រាក់សន្សំពីការធ្វើការងារខាងក្រៅ និងទ្រព្យមានតម្លៃនៅក្នុងខ្លួនអស់រលីងពីខ្លួន ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះជីវិតម្តាយបាននោះទេ។ លោកថាគ្រានៅរស់រានមានជីវិតម្តាយលោកប្រឹងប្រែងធ្វើការងារគ្រប់យ៉ាងដើម្បីចិញ្ចឹមលោក និងប្អូនៗប៉ុន្តែពេលនេះអស់ទីពឹងបាត់ទៅហើយ។ លោកថាការចំណាយបុណ្យសពប៉ុន្មានថ្ងៃនេះក៏ចំណាយច្រើនដែលលោកនៅមិនទាន់បានទូទាត់អស់នៅឡើយ ។ និយាយទាំងទឹកភ្នែកថាអត់ពីម្តាយទៅកាន់តែកម្សត់ ណាមួយជីវភាពខ្វះខាត ហើយនៅប្អូនៗក្នុងបន្ទុកដែលមិនទាន់អាចចិញ្ចឹមខ្លួនឯងរស់នៅឡើយតើឲ្យខ្លួនរំពឹងអ្វី។

    តារារូបនេះបញ្ជាក់ដែរថា​លោកគឺជាអ្នកសិល្បៈជំនាន់ក្រោយដែលមិនបានស្គាល់អ្នកសិល្បៈច្រើននោះទេ ហើយក៏ទស្សនិកជនមិនសូវជាស្គាល់ដែរ  អ្វីដែលលោករំពឹងគឺសប្បុរសជនដែលបានឃើញពីដំណឹងនេះមេត្តាជួយសង្គ្រោះ ស្រោចស្រង់ និងសម្រាលការលំបាកលោកនិងប្អូនៗមួយគ្រា មុនពេលដែលោក និងប្អូនៗអាចបន្តជិវិតមើលពន្លឺថ្ងៃ និងស្វែងរកការងារចិញ្ចឹមជីវិតទៅថ្ងៃមុខទៀត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print