ភ្នំពេញ៖ នគរបាលបានឃាត់ខ្លួនជនដៃដល់ម្នាក់ បន្ទាប់ពីចាក់ទៅលើអ្នកផឹកស៊ីជាមួយគ្នាបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស២នាក់កាលពីវេលា២០និង៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចបន្ទប់ជួលលេខ1713 ក្រុមទី17 ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រុមជនរងគ្រោះ៣នាក់ ទី១/ ឈ្មោះ ទូច សំអាង ភេទប្រុស អាយុ២៤ឆ្នាំមុខរបរ កម្មកររោងចក្រ មានស្រុកកំណើតភូមិ ស្រមោចហែរ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ(ស្លាប់)។ ទី២/ ឈ្មោះ ទូច សំអុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្រុកកំណើតភូមិ ស្រមោចហែរ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ(ស្នាក់នៅកន្លែងកើតហេតុ រងរបួសស្រាល)។ ទី៣/ ឈ្មោះហ៊ីង មករា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរ កម្មកររោងចក្រ ស្រុកកំណើតភូមិ ស្រមោចហែរ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ(ស្នាក់នៅកន្លែងកើតហេតុ រងរបួសស្រាល)។
ចំណែកជនបង្ក ឈ្មោះ មាស រិទ្ធី ហៅ មាស សុធី ភេទប្រុស អាយុ ៣០ឆ្នាំ មានស្រុកកំណើត ភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ សុភា មានកូន២នាក់ ស្នាក់នៅផ្ទះជួលលេខ 18 ក្រុម21 ភូមិទួលរកា1 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនល្មើសបានផឹកស៊ីជួបជុំគ្នានៅផ្ទះជួលកើតហេតុនោះ ហើយក៏មានការប៉ះសម្ដីគ្នា ដោយជនរងគ្រោះ ដែលមានគ្នាច្រើនបានឌឺដងដាក់ជនល្មើស ដែលមានតែម្នាក់ឯង។ ខណៈដែលជនល្មើសកំពុងចិតស្វាយ ដោយមានកាំបិតនៅនឹងដៃស្រាប់នោះ ក៏ផ្ទុះកំហឹងរហូតកាប់ស្លាប់ម្នាក់នៅនឹងកន្លែង និងរបួស២នាក់ ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅម៉ោង៩និង៤០នាទីនាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះសំណាក់ ម្លិះលាភ ទីតាំងលេខ 1709 ផ្លូវជាតិលេខ២ ក្រុមទី១៥ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅពេលនេះ ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងនៅប៉ុស្តិ៍ចាក់អង្រែក្រោមដើម្បីបញ្ជូន ទៅអធិការខណ្ឌមានជ័យចាត់ការបន្ត៕
ដោយ៖ ហេង សូរិយា