លោក អូស្មាន ហាស្សាន់ ៖ នៅតែបន្ដគាំទ្រជានិច្ច ចំពោះកីឡាករ ដែលខិតខំ ដណ្ដើម មេដាយមាស និងសំរិទ្ធ

ចែករំលែក៖

ភ្នំពេញ៖ វីរកីឡាករជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ជើងឯកផ្នែកម៉ូតូទឹក របស់សហព័ន្ធកិឡាម៉ូតូទឹកកម្ពុជា ក្នុងព្រឹត្តិការណ៍អាស៊ីហ្គេម លើកទី១៨ មុននឹងបានចូលខ្លួនបំបែកឯតទគ្គកម្មជាប្រវត្តិសាស្រ្តជូនមាតុភូមិកម្ពុជា ជាមួយនឹងមេដាយមាស និងសំរឹទ្ធ នាឆ្នាំ២០១៨​ នេះ កីឡាករ លោក សាលី អ៊ូមើត គឺជាម្ចាស់ពានមេដាយមាស​ ដល់ទៅ​ ៣ឆ្នាំ​ ជាប់គ្នារបស់ក្លឹប​ Flamingo Jet Ski ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកជើងឯកលំដាប់ពិភពលោក នៅឆ្នាំ ២០១១,​ ២០១២ និង​ ២០១៣ ដែលមហាព្រឹត្តិការណ៍នេះធ្វើឡើងនៅសហរដ្ឋអាមេរិក ដែលមានកីឡាករ ជម្រើសជាតិនៃបណ្តាប្រទេសជាង ៦០នៅលើសកលលោកចូលរួម។

នេះជាការលើកឡើងដោយផ្ទាល់របស់ លោក សាលី អូមើត ក្នុងឱកាសដែលលោក ជាមួយនឹងថ្នាក់ដឹកនាំ ស្ថាបនិក សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ សុំការគាំទ្រពីថ្នាក់ដឹកនាំ នៃអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា ដែលដឹកនាំដោយ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា​ កាលពីថ្ងៃព្រហស្បតិ៏ ១០រោច ខែស្រាពណ៍ ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៦ ខែកញ្ញា​ ឆ្នាំ​២០១៨ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា ។

កីឡាករ លោក សាលី អ៊ូមើត បានបន្តថា ៖ ខ្លួនកំពុងរៀបចំខ្លួន ត្រៀមចេញទៅប្រកួតដណ្តើមពានមេដាយមាសរបស់ខ្លួនមកវិញ ក្នុងនាមកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជាបន្ទាប់ពីអាកខានមិនបានប្រកួតដល់ទៅ៤ឆ្នាំជាប់ៗគ្នា ពីឆ្នាំ២០១៤ ដល់២០១៧ ក្នុងនាមក្លឹប​ Flamingo Jet Ski ដោយសារតែមានបញ្ហារបួសស្មា ហើយការត្រៀមខ្លួននេះដើម្បីបំបែកឯកត្តទកម្មជាប្រវត្តិសាស្រ្តមួយទៀតរបស់កម្ពុជាអោយទទួលបានមេដាយមាសលើកីឡាម៉ូតូទឹកលំដាប់ពិភពលោក។

លោកអូស្មាន ហាស្សាន់ បានលើកឡើងថា ៖ ក្នុងនាមជាស្ថាបនិក ក៏ដូចជាទីប្រឹក្សាជាន់ខ្ពស់ របស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងកោត សរសើរចំពោះលទ្ធផលជោគជ័យជាប្រវត្តិសាស្រ្ត ដែលកើតឡើងក្រោមកិច្ចខិតខំប្រឹងប្រែង ប្រកបដោយភាពអត់ធ្មត់ខ្ពស់របស់វីរកីឡាករជម្រើសជាតិកម្ពុជាយើង​ ជាមួយនឹងក្របខណ្ឌបច្ចេកទេសជំនាញពិតប្រាកដ​ និងយ៉ាងម៉ត់ចត់ ដែលមានសក្តានុពលក្នុងកម្រិតពិភពលោក។

បន្ទាប់ពីថ្លែងអំណរគុណដល់ប្រធានសហព័ន្ធកីឡាម៉ូទឹកកម្ពុជា លោក ណុះ ស្លេះ ដែលជាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា​ លោក អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ លោក Karl Heinrich Knauf ជាម្ចាស់ឃ្លឹប Flamingo Jet Ski ដែលបានរ៉ាប់រង ស្ទើរតែទាំងស្រុងដល់សហព័ន្ធ សម្រាប់ព្រឹត្តិការណ៍ Asian Games លើកទី១៨ នេះ ទាំងថវិកា និងបច្ចេកទេស ជាពិសេស គឺការផ្តល់ជូនគ្រូបង្វឹកប្រចាំក្លឹបរបស់ខ្លួនលំដាប់ពិភពលោក គឺលោក Talakuran Chris ជាអ្នកបណ្តុះ បណ្តាលដល់វីរកីឡាករជម្រើសជាតិកម្ពុជាយើង រហូតបានទទួលជោគជ័យជាប្រវត្តិសាស្រ្ត។

មានប្រសាសន៍ទៅកាន់ម្ចាស់មេដាយមាស និងសំរឹទ្ធព្រមទាំងស្ថាបនិកសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ពីភាពជោគជ័យដ៏ត្រចះត្រចង់មកដល់ថ្ងៃនេះ គឺដោយសារតែការផ្តល់នូវកម្លាំងចិត្ត និងស្មារតីជ្រោមជ្រែង យ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ដែលរងចាំទទួលស្វាគមន៍ដោយភាពកក់ក្តៅដល់ការអញ្ជើញនិវត្តរបស់វីរកីឡាករ កីឡាការនី នៅឯវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី ០៣ កញ្ញា ២០១៨ម្សិលមិញ ជាមួយនឹងអនុសាសន៍ផ្តល់កម្លាំងចិត្ត និងផ្តល់រង្វាន់លើកទឹកចិត្តយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print