ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទតំបន់​ពាមបាង ក្រោមភ្នែកលោក ហួន ផល

ចែករំលែក៖

ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា នៅក្នុងរដូវបិទនេសាទនេះបទល្មើសប្រើឧបករណ៍ខុសច្បាប់ប្រភេទរបាំងសាច់អួនក្រឡាញឹក និងរបាំងលូស្បៃមុងកំពុងកើតឡើងយ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា ការដែលបទល្មើសនេសាទប្រើឧបករណ៍នេសាទកើតឡើងយ៉ាងពេញបន្ទុក គឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតដែលគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទម។ ក្នុងនោះលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង និងបក្ខពួកកំពុងសប្បាយប្រមូលលុយពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

តាមសេចក្ដីរាយការណ៍ពីប្រជានេសាទនៅឃុំពាមបាង បានឲ្យដឹងទៀតថា បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់រាលដាលកាន់តែខ្លាំង ធ្វើឲ្យធនធានមច្ឆជាតិកំពុងប្រឈមនឹងសេចក្ដីវិនាសចៀសមិនផុតឡើយ។ ហេតុនេះហើយ ទើបប្រជានេសាទអំពាវនាវឲ្យ រដ្ឋបាលជលផល ចាត់វិធានការទប់ស្កាត់បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប នៃស្រុកស្ទោង ខេត្តកំពង់ធំ ជាបន្ទាន់។ ដោយហេតុថាបច្ចុប្បន្នលោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដែលកំពុងរាលដាលយ៉ាងអនាធិបតេយ្យនៅក្នុងស្រុកស្ទោង នោះទេ។

តាមការអះអាងរបស់ប្រជានេសាទក្នុងឃុំពាមបាង បានឲ្យដឹងទៀតថា កន្លងមកមានសមត្ថកិច្ចចម្រុះចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងមូលដ្ឋានពួកគាត់ជាបន្តបន្ទាប់ ក៏ប៉ុន្តែសមត្ថកិច្ចចម្រុះបង្ក្រាបតែបទល្មើសតូចតាចប៉ុណ្ណោះ ហើយបទល្មើសទ្រង់ទ្រាយធំនៅតែកើតឡើងយ៉ាងពេញបន្ទុក។ អាចនិយាយបានថា ការបង្ក្រាបរបស់សមត្ថកិច្ចចម្រុះនាពេលកន្លងមកបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ ព្រោះក្រោយពេលសមត្ថកិច្ចចម្រុះចេញផុតគឺក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបន្តធ្វើសកម្មភាពឡើងវិញយ៉ាងគឃ្លើនដដែល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print