ពលរដ្ឋជុំវិញពិភពលោកប្រឈមនឹងការបាត់បង់ការងារធ្វើកាន់តែច្រើន ដោយសារតែគ្រឿងម៉ាស៊ីនកើនឡើងខ្ពស់

ចែករំលែក៖

កំណើននៃម៉ាស៊ីនស្វ័យប្រវត្តិ នៅក្នុង វិស័យឧស្សាហកម្ម និងកសិកម្មបានធ្វើឲ្យ ពលរដ្ឋជាច្រើន នៅជុំវិញពិភពលោក អត់ការងាធ្វើ ។ ផ្ទុយទៅវិញ ម៉ាស៊ីនស្វ័យប្រវត្តិបានផ្តល់ផលចំណេញឲ្យតែបុគ្គល ម្ចាស់ក្រុមហ៊ុនសហគ្រាសតែប៉ុណ្ណោះ ។

ដោយឡែកនៅក្នុងតំបន់អាស៊ានវិញ តាមរបាយការណ៍សិក្សាថ្មី មួយបង្ហាញ ឲ្យឃើញថា ពលរដ្ឋជាង ៦,៦លាននាក់ បាត់បង់ការងារធ្វើដោយកំណើនម៉ាស៊ីនស្វ័យប្រវត្តិ។ នៅក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោក ដែលកំពុងប្រព្រឹត្តទៅ ក្នុងប្រទេសវៀតណាម នាយករដ្ឋមន្ត្រី វៀតណាម ក៏បានទទួលស្គាល់ដែរថា កម្មកររោងចក្រកាត់ដេរ ជាងពាក់កណ្តាល អាចនឹងត្រូវបាត់បង់ការងារធ្វើ នៅក្នុងអំ ឡុងពេល១០ឆ្នាំខាងមុខនេះ។

នាយករដ្ឋមន្ត្រីវៀតណាម NguyênXuânPhuc បានគូស បញ្ជាក់ថា ការរីកចម្រើនបច្ចេកវិជ្ជានិងសេដ្ឋកិច្ចឌីជីថល គឺជាសក្តានុពលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ អាស៊ាន ហើយវិស័យនេះ នឹងកាន់តែរីក ចម្រើន ដល់ទៅ៤ដង ក្នុងវង្វង់ទឹកប្រាក់ ២០០ពាន់លានដុល្លារ នៅឆ្នាំ២០២៥។

ទន្ទឹមនឹងកំណើនបច្ចេកវិជ្ជាដែលនាំឲ្យមានកំណើនសេដ្ឋកិច្ចដែរនោះ ថ្នាក់ដឹក នាំវៀតណាម ដែលក្នុងនាមជាសហប្រធាននៃវេទិកាសេដ្ឋកិច្ចពិភពលោក បានលើក បង្ហាញពីគុណវិបត្តិដែរ ថាវិស័យរោងចក្រកាត់ដេរដែលជាប្រភពនៃកំណើនសេដ្ឋ កិច្ចរបស់វៀតណាម ក៏នឹងត្រូវប្រឈម ចំពោះការបាត់បង់ការងារធ្វើ គឺប្រមាណ ជា៥៦ភាគរយឯណោះ។ នាយករដ្ឋមន្ត្រីវៀតណាមថ្លែងបែបនេះ គឺយោងតាម របាយការណ៍សិក្សារបស់អង្គការពលកម្មអន្តរជាតិ។

របាយការណ៍នេះ គឺស្រដៀងគ្នាទៅ នឹងការសន្និដ្ឋានរបស់វិទ្យាស្ថាន Verisk Maplecroftដែលមានមូលដ្ឋាននៅអង់ គ្លេស ចេញផ្សាយកាលពីកក្កដាកន្លងទៅ។ ការបាត់បង់ការងារក្នុងផ្នែករោងចក្រកាត់ដេរនឹងកើតមាននៅប្រទេស៥ ក្នុងតំបន់ អាស៊ីអាគ្នេយ៍។ នោះគឺវៀតណាម កម្ពុជា ថៃ ឥណ្ឌូនេស៊ី និងហ្វ៊ីលីពីន។ កម្មករនៅ កម្ពុជានិងវៀតណាម អាចនឹងរងគ្រោះខ្លាំង ដោយសារប្រទេសពីរនេះពឹងផ្នែកច្រើន ទៅលើវិស័យកាត់ដេរ។ អ្នកដែលត្រូវរង គ្រោះខ្លាំងជាងគេគឺស្ត្រីភេទដែលកំពុង តែមានចំនួនច្រើន ក្នុងវិស័យកាត់ដេរ។

ចំណែក ក្រុមហ៊ុនបច្ចេកវិជ្ជា Cisco និងវិទ្យាស្ថាន Oxformក៏បានធ្វើការសិក្សាមួយថ្មីដែរ ដោយបញ្ជាក់ថា នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ការងារសិប្បកម្ម ឬការងារដោយប្រើកម្លាំងមនុស្សក្នុងរោងចក្រ ប្រមាណជា ៦លាន៦សែន នឹងត្រូវបាត់ បង់ នៅរវាង១០ឆ្នាំខាងមុខ។

ប្រឈមមុខនឹងបញ្ហានេះ អ្នកជំនាញបានដាស់តឿនថ្នាក់ដឹកនាំប្រទេសនៅ អាស៊ីអាគ្នេយ៍ ឲ្យឆាប់អប់រំពលរដ្ឋខ្លួនពី បច្ចេកវិជ្ជា។ រដ្ឋសមាជិកអាស៊ាន ត្រូវគិត គូរដោយប្រុងប្រយ័ត្នចំពោះកម្មកររបស់ ខ្លួន ហើយបើសិនជាគ្មានចំណាត់ការត្រឹមត្រូវនោះទេ ច្បាស់ជាប្រទេសនោះ រត់មិនទាន់ការប្រកួតប្រជែកផ្នែកសេដ្ឋកិច្ចឡើយ។

តាមការសន្និដ្ឋានរបស់អ្នកជំនាញមកពីវិទ្យាស្ថាន Verisk Maplecroftដែល មានឯក ទេសខាងសិក្សាហានិភ័យ និង មានមូលដ្ឋាននៅអង់គ្លេស បានបញ្ជាក់ថា វឌ្ឍនភាពយ៉ាងច្រើនសម្បើមនៃម៉ាស៊ីនស្វ័យប្រវត្តិនៅក្នុងផ្នែកផលិតកម្ម ដែលអាច ជំនួសកម្លាំងមនុស្ស គឺបានធ្វើឲ្យមនុស្ស បាត់បង់ការងារ។ ដើម្បីបានការងារ ចិញ្ចឹម ជីវិត មនុស្សត្រូវស្វែងរកកិច្ចការ បើទោះបី ជាការងារនោះ គ្មានលក្ខខណ្ឌការងារល្អ ឬការងារលំបាក ដូចជាទាសករក៏ដោយ ក៏មនុស្សសុខចិត្តព្រមទទួលយកធ្វើដែរ។

តាមប្រភពដដែល ការងារដែលរងផល ប៉ះពាល់មុនដំបូងគេ គឺក្នុងវិស័យកាត់ដេរសម្លៀកបំពាក់វាយនភណ្ឌនិងស្បែកជើង។ រយៈពេល២០ឆ្នាំខាងមុខ ក្នុង ចំណោមកម្មកររោងចក្រកាត់ដេរ ១៣៥ លាននាក់ មានកម្មករ ប្រមាណ ជាជិត៧០ លាននាក់ អាចនឹងត្រូវបាត់បង់ការងារធ្វើ ដោយសារតែផ្នែកផ្សេងៗនៃដំណើរការ ផលិតកម្ម ត្រូវជំនួសដោយម៉ាស៊ីនគ្រឿង ចក្រស្វ័យប្រវត្តិ។ ការបាត់បង់ ការងារក្នុង រោងចក្រនេះ គឺប្រឈមមុខនឹងកើតមាន នៅប្រទេស៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ នោះគឺកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី និងហ្វ៊ីលីពីន។

ការសិក្សាបានសង្កត់ធ្ងន់ថា កម្មករនៅ កម្ពុជានិងវៀតណាម អាចនឹងរងគ្រោះខ្លាំង ដោយសារប្រទេសទាំងពីរនេះ ពឹងផ្នែក ច្រើនទៅលើវិស័យកាត់ដេរ។ ពីព្រោះថា ការងាររោងចក្រនេះ អាចពី៧០ទៅ៨០ ភាគរយ អាចនឹងត្រូវជំនួសដោយម៉ាស៊ីនស្វ័យប្រវត្តិ។ នៅពេលនោះ កម្មកររោង ចក្រភាគច្រើនដែលជាស្ត្រីអាចនឹងបាត់ បង់ការងារ។ នៅវៀតណាម អាចនឹងមាន ស្ត្រីជាង២លាន៦សែននាក់ ត្រូវឈប់ពី ការងាររោងចក្រ ហើយនៅកម្ពុជា ស្រីខ្មែរ ៦០ម៉ឺននាក់ ប្រឈមមុខនឹងការបាត់បង់ការងារកាត់ដេរ ហើយពួកគេទាំងនោះ អាចនឹងធ្លាក់នៅក្នុងស្ថានភាពលំបាករកការងារធ្វើ ឬអាចត្រូវគេបង្ខំឲ្យធ្វើការទម្រង់ដូចទាសភាព។ ទាំងនេះ គឺជាក្តីបារម្ភរបស់អ្នកសរសេររបាយការណ៍។

គួរបញ្ជាក់ដែរថា ក្រៅពីវិស័យកាត់ដេរ វិស័យផ្សេងៗ គឺមានផ្នែកកសិកម្ម នេសាទ អាជីវកម្មព្រៃឈើ ផ្នែកសិប្បកម្ម សំណង់ ផ្នែកចែកចាយសេវាកម្ម និងសេវាបដិ សណ្ឋារកិច្ចជាដើម អាចនឹងរងផលប៉ះ ពាល់បាត់បង់ការងារ ជាបន្តបន្ទាប់ ដោយសារកំណើនម៉ាស៊ីនស្វ័យប្រវត្តិ៕ ម៉ែវសាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print