ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៧នាក់ទៀតត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកចាប់ឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពមកពីក្រោយហើយធាក់ម៉ូតូជនរងគ្រោះហើយវាយប្លន់យកម៉ូតូម៉ាកឡេត មិនបានសម្រេចហើយបក្ខពួក៦នាក់ទៀតជិះរត់គេចខ្លួនបាត់ ។
ហេតុការណ៍វាយប្លន់នេះកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីយប់ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ២៧១ ក្រុម៣៤ ភូមិ៤ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ អិុន វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មុនរបរជាសិស្ស ស្នាក់នៅម្តុំសង្តាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ យ៉ុង ម៉េត ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាយោធាកងពលតូចលេខ៧០ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវ៥៥ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមការរៀបរាប់របស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូមួយគ្រឿងម៉ាកឡេត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1FF-0168 ឌុបមិត្តភក្តិម្នាក់ទៀតទើបតែចេញមកពីភ្លឹបមួយកន្លែង ហើយត្រលប់ទៅផ្ទះធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើង ស្រាប់តែលិចមុខជនសង្ស័យមួយក្រុមមានគ្នា៧នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយខ្សែក្រវាត់គ្រប់ដៃមកពីក្រោយក៏ធាត់ម៉ូតូជនរងគ្រោះពីក្រោយបណ្ដោលឱ្យដួល ខ្លួននិងមិត្តភ័ក្របានតដៃជាមួយជនសង្ស័យវិញដែរ តែពេលដែលកំពុងប្រតាយប្រតប់ជាមួយជនសង្ស័យជនរងគ្រោះដែលជាយោធានោះបានដកកាំភ្លឺងពីចង្កេះដោយឃើញដូច្នេះក្រុមជនសង្ស័យក៏នាំគ្នាឡើងជិះម៉ូតូខ្លួនគេចខ្លួនបាត់ ។ ចំណែកជនសង្ស័យម្នាក់ដែលឡើងជិះម៉ូតូមិនទាន់នោះត្រូវជនរងគ្រោះដេញចាប់បានប្រគល់សមត្ថកិច្ចតែម្ដង ។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលទំនប់ទឹក ដើម្បីកំណត់មុខសញ្ញាជនសង្ស័យដែលរត់គេចខ្លួនរួចស្រាវជ្រាវចាប់យកមកចាត់ការតាមនិតិវិធីច្បាប់ ។ ចំណែកជនសង្ស័យម្នាក់ដែលចាប់បានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
...
ដោយ៖ ស រស្មី