លិខិតមិត្តអ្នកអាន ៖ រឿងពស់កេងកង​ត្រូវបាន «អាប់ដេត»

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋម្នាក់​មិនដឹងថា តើ​ការ​«អាប់ដេត» រឿងពស់កេងកង​ឲ្យទៅជា​«កូនពស់កេងកង» មានភាពត្រឹមត្រូវ​និងស្របច្បាប់កម្រិតណានោះទេ ។ ខ្ញុំបាទមិនដឹងថា តើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់យ៉ាងណាចំពោះ​ការអាប់ដេត​នេះ តើវាជាភាពត្រឹមត្រូវ​ ឬមួយក៏មិនត្រឹមត្រូវ។ ករណីនេះ គួរតែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបកស្រាយឲ្យប្រជាពលរដ្ឋខ្មែរបានដឹងផង ប្រសិនបើការអាប់ដេតនេះ វា​«ត្រឹមត្រូវ» ។

មិនយូរទេ ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយនឹងចាក់ផ្សាយរឿង​«កូនពស់កេងកង» ដើម្បី​អ្វីដែលគេអះអាងថា ជាការខិតខំ​ថែរក្សាតម្លៃវប្បធម៌ អរិយធម៌ខ្មែរ ជាពិសេស​ការអភិរក្សស្នាដៃដូនតា ។ បច្ចុប្បន្ននេះ ស្ថានីយទូរទស្សន៍មួយនោះ​កំពុង​ផ្សព្វផ្សាយ​យ៉ាងគគ្រឹកគគ្រេង​ពីការដែល​ត្រូវចាក់បញ្ចាំង​រឿង​«កូនពស់កេងកង» នៅក្នុងពេលឆាប់ៗ ។ គេមិនដឹងថា តើ​រវាងរឿង«​ពស់កេងកង» នឹង​«កូនពស់កេងកង» មានចំណុចខុសគ្នា​យ៉ាងណាខ្លះនោះទេ ។ ប៉ុន្តែថា ប្រសិនបើវាជារឿងពីរដាច់ដោយឡែកពីគ្នា ក៏មិនគួរមាន​ចំណងជើង​របៀប​ «អាប់ដេត» យ៉ាងនេះដែរ។ ផ្ទុយទៅវិញ បើវាជារឿងថ្មី ក៏គួរតែមានចំណងជើងថ្មី ។

យ៉ាងណាក៏ដោយ ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ ដែលមានចំណេះដឹងតិចតួចលើវិស័យ​សិល្បៈ ជាពិសេស​ចំពោះ​បញ្ហាខ្សែភាពយន្ត​នៅតែទទូចចង់ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបកស្រាយពីភាពខុសគ្នារវាងរឿង «ពស់កេងកង» នឹង «កូនពស់កេងកង» ។ ប្រសិនបើ​រឿង «កូនពស់កេងកង» ជាការអាប់ដេត​ចេញពីរឿងពស់កេងកងនោះ ខ្ញុំបាទ​យល់ថា វាមិនគួរ​បើឲ្យកើតមានឡើយ ។ ឬមួយក៏​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់ថា ការអាប់ដេតនេះ មិនប៉ះពាល់ដល់តម្លៃ និងស្នាដៃ​បុព្វបុរសខ្មែរទេនោះ ដូច្នេះ គួរតែ​ជំរុញ​ឲ្យបណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់​នាំគ្នា «អាប់ដេត» ស្នាដៃអក្សរសិល្ប៍​បុព្វបុរសខ្មែរ​ ដែលបានបន្សល់ទុកនោះឡើងវិញ ។ នេះគ្រាន់តែជាចម្ងល់តូចមួយរបស់ខ្ញុំបាទ ក៏ដូចជាប្រជាពលរដ្ឋ​មួយចំនួន ដែលមានការយល់ដឹងតិចតួច​លើវិស័យភាពយន្ត និងអក្សរសិល្ប៍៕ ប្រជាពលរដ្ឋម្នាក់

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print