សម្តេចក្រឡាហោមស្តីបន្ទោសលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មិនបង្ក្រាបបទល្មើសព្រៃឈើ…អាចជ្រុះតំណែង បើគឃ្លើន

ចែករំលែក៖

 ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្តីបន្ទោស អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង មិនបង្ក្រាបបទល្មើសព្រៃឈើ ដោយបណ្តែតបណ្តោយឲ្យក្រុមឈ្មួញឧក្រិដ្ឋជន នាំអនុផលព្រៃឈើទៅលក់នៅប្រទេសជិតខាងដោយរលូន។

សម្តេចក្រឡាហោម ស ខង មានប្រសាសន៍លើកឡើងខាងលើនេះ នៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តបន្ត កាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។

សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។ សកម្មភាពកាប់ឈើ ត្រូវបានក្រសួងបរិស្ថាន ថតរូបភាពពីលើអាកាស បន្ថែមលើសេចក្តីរាយការណ៍។

សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា បើសិនលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅមិនបង្ក្រាបបទល្មើសព្រៃឈើនោះទេ ប្រាកដជាមានបញ្ហាជាក់ជាមិនខាន។

ក្រុមឈ្មួញ ដែលធ្លាប់រកស៊ីឈើ ក្នុងខេត្តមណ្ឌលគិរី បាននិយាយថា ការជួញដូរ និងដឹកជញ្ជូនឈើ យកទៅលក់នៅប្រទេស វៀតណាម ពួកគេត្រូវរត់ការបើកផ្លូវជាមុនសិន ទើបអាចដឹកឈើទាំងនោះ ឆ្លងដែនបាន។ ពួកគេថា មានមន្ត្រីជាច្រើន ដែលតម្រូវឲ្យពួកគេ រត់ការបង់ផ្លូវ រួមមាន៖ នគរបាលការពារព្រំដែន, នគរបាលសេដ្ឋកិច្ចខេត្ត, នគរបាលសេដ្ឋកិច្ចក្រសួង, នគរបាលប៉ុស្តិ៍រដ្ឋបាល, នគរបាលវរៈព្រំដែន,  មន្ត្រីយោធា (យោធាខេត្តយោធាព្រំដែន យោធាវរៈ យោធាស៊ើបការណ៍ យោធាអគ្គ) មន្ត្រីបរិស្ថាន (មន្ត្រីបរិស្ថានខេត្ត មន្ត្រីបរិស្ថានឧទ្យានុរក្ស មន្ត្រីបរិស្ថានស្រុក មន្ត្រីបរិស្ថានដែនជម្រក) មន្ត្រីមេព្រៃ (មន្ត្រីមេព្រៃ ខណ្ឌរដ្ឋបាលព្រៃឈើ មន្ត្រីមេព្រៃផ្នែករដ្ឋបាលព្រៃឈើ មន្ត្រីមេព្រៃសង្កាត់រដ្ឋព្រៃឈើ) មន្ត្រីសាលាស្រុក សហគមន៍ គយ កាសែត-ទូរទស្សន៍ មួយចំនួន…។

ប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី បានអះអាងថា តំបន់អូរហ៊ុច នៅតែជាចំណុចដ៏រសើបបំផុត សម្រាប់ការជួញដូរឈើ ចេញទៅក្រៅប្រទេស។ តំបន់ អូរហ៊ុច មានទីតាំងនៅស្រុកអូររាំង និងតំបន់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានព្រំប្រទល់ជាប់ព្រំដែនប្រទេសវៀតណាម។

កាលពីពេលកន្លងមក ទីកន្លែងតំបន់ អូរហ៊ុច បានកើតករណីជួញដូរបទល្មើសឈើប្រណិតជាច្រើនករណី រហូតដល់ជាប់ពាក់ព័ន្ធជាមួយមន្ត្រីតូចធំ នៅក្នុងខេត្តមណ្ឌលគិរី ដូចសម្លកំពឹស។ មិនតែប៉ុណ្ណោះ អូរហ៊ុច ក៏ជាកន្លែងកកើតបទល្មើសព្រៃឈើមិនចេះរីងស្ងួតផងដែរ រហូតដល់ក្រុមអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ ហ៊ានសម្លាប់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថានឲ្យបាត់បង់ជីវិតចំនួន ២នាក់កាលពីពេលថ្មីៗកន្លងទៅនេះ។

ទោះបីចំណុចដ៏រសើបខាងលើ មានបទល្មើសព្រៃឈើ ដែលកន្លងមកធ្លាប់មានការបង្ក្រាប របស់គណៈកម្មការថ្នាក់ជាតិម្ដងមកហើយក្តី។ ប៉ុន្តែពេលនេះ នៅតែមានបទល្មើសព្រៃឈើ កើតមានជាដដែល។

បច្ចុប្បន្ន ក្រុមឈ្មួញបានប្រើរូបភាព របៀបក្រពើបណ្តែតទឹក ( ឈើដាក់បណ្តែត ក្រោមទូក ) ពេលខ្លះ ឈ្មួញ យកឈើទម្លាក់ចូលក្នុងអូរ ហើយចងជាមួយប្ញស្សី ធ្វើជាក្បូន ដោយមានទូករបស់ឈ្មួញវៀតណាម ចាំសណ្តោងឆ្លងទៅប្រទេសវៀតណាម ដោយរលូន និងពុំមានការរំខានដល់មន្ត្រីជំនាញកម្ពុជា ដែលឈរជើង នៅចំណុចទាំងនោះឡើយ។

ប្រភពឲ្យដឹងថា បទឈ្មើសព្រៃឈើ ដែលគេកំពុងលួចធ្វើសកម្មភាពទាំងនោះ រួមមាន នៅចំណុច បាយហន ចំណុចថ្មបីដុំ ចំណុចអូរកិល ចំណុចក្បាលអូរកិល និងអន្លួងស្រួយ។ ទីតាំងទាំង ៥ ចំណុចខាងលើ គ្រប់គ្រងដោយលោក យ៉ាត សុជា ដែលជាមនុស្សជំនិត របស់លោក ឡេង សុភាន់ មេបញ្ជាការវរៈ៦២១។

អ្នកពាក់ព័ន្ធករណីជួញដូរឈើឆ្លងដែន នៅខេត្តមណ្ឌលគិរី ទៅក្រៅប្រទេស នៅចំណុចខាងលើនេះ ត្រូវបានឲ្យ ដឹងថា ជាប់ពាក់ព័ន្ធ និងមេវរៈការពារព្រំដែនគោកលេខ ៦២១ ឈ្មោះ ឡេង សោភ័ណ- លោក សា ផល្លា និងលោក យ៉ាត សុខជា ដែលសុទ្ធសឹងជាមន្ដ្រីនគបាលឈរជើងនៅទីនោះ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបន្តថា បច្ចុប្បន្ន ឈ្មួញឈើទាំងនោះ មានក្បូនចំនួន ៥០ និងទូកចំនួន ១០ ហើយក្នុងទូក ១ គ្រឿង អូសបាន ៣ ក្បូន។

ដោយឡែក ខាងលោក ឌិន ប៊ុនធឿន នាយកដែនជម្រកសត្វព្រៃកែវសីមា បានទទួលស្គាល់ថា ពិតជាមានករណីជនល្មើស លួចប្រព្រឹត្តបទល្មើសព្រៃឈើ នៅចំណុចខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ពិតប្រាកដមែន។

លោកបន្តថា តំបន់ព្រំដែន គឺពិបាកក្នុងការធ្វើការបង្ក្រាបបទល្មើសព្រៃឈើខ្លាំងណាស់ ព្រោះនៅជិតព្រំដែនប្រទេសទាំងពីរកម្ពុជា-វៀតណាម ហើយថា កាលពីពេលថ្មីៗនេះ ក្រុមការងារ របស់លោកក៏ធ្លាប់បានចុះទៅដល់ចំណុចខាងលើនោះដែរ ហើយក៏បានប្រទះឃើញមានមនុស្សមួយក្រុមប្រដាប់ដោយម៉ាស៊ីនអារឈើ តែសមត្ថកិច្ចឃាត់មិនបាននោះទេ ពីព្រោះ ក្រុមនោះ ដឹងខ្លួនមុន រួចនាំគ្នាលោតចូលទឹកអូរ ដែលជាតំបន់ស រវាងដីខ្មែរនៅម្ខាង និងដីវៀតណាមម្ខាង។

ប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកកោះញែក ស្រុកអូររាំង ស្រុកកែវសីមា និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់អំពើពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី និងលោក អ៊ុ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ជាបន្ទាន់។

ដោយហេតុថា បច្ចុប្បន្នឈ្មួញច្រើននាក់ នៅតែអាចកាប់ឈើ អារច្រៀកឈើ កែច្នៃឈើ និងដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមយ៉ាងពេញបន្ទុក ដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដែលគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។

ទន្ទឹមនឹងនេះ ឈ្មួញខ្លះ អាចបង្កើតរោងសិប្បកម្មកែច្នៃឈើខុសច្បាប់រាប់សិបកន្លែង នៅក្នុងស្រុកកោះញែក និងស្រុកពេជ្រាដា ដែលជាហេតុធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងខេត្តមណ្ឌលគិរី កំពុងប្រឈមនឹងសេចក្ដីវិនាស។

ប្រភពពីមន្ត្រីក្នុងមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការដែលឈ្មួញឈ្មោះ យាយម៉ាប់ អាចបើកសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញែក គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី។

ប្រភពបានឲ្យដឹងទៀតថា ការដែលលោក អ៊ុ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ហ៊ានឃុបឃិតឲ្យឈ្មួញឈ្មោះ យាយម៉ាប់ និងឈ្មួញដទៃទៀតបើករោងសិប្បកម្មកែច្នៃឈើខុសច្បាប់នៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងនៅក្នុងឃុំពូជ្រៅ ស្រុកពេជ្រាដា គឺដោយសារមានការសម្របសម្រួលពីសំណាក់លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ដែលល្បីល្បាញខាងពុករលួយ។

ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សុង ឃាង ទេនោះគឺលោក អ៊ុ វណ្ណសុភគ៌ និងមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកកោះញែក ស្រុកកែវសីមា និងស្រុកពេជ្រាដា មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ពួកគេនោះទេ។

ប្រភពដែលស្និទ្ធនឹងលោក អ៊ុ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ននេះ ឈ្មួញឈ្មោះ យាយម៉ាប់ បានបើករោងសិប្បកម្មកែច្នៃឈើ ជាច្រើនកន្លែង នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញែក។ ការដែលយាយម៉ាប់ អាចបើករោងសិប្បកម្មកែច្នៃឈើច្រើនកន្លែងក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច គឺដោយសារមានលោក អ៊ុ វណ្ណសុភគ៌ និងលោក សុង ឃាង ជាខ្នងបង្អែកយ៉ាងរឹងមាំ ចាំជួយបិទបាំង និងជួយការពារគ្រប់ពេលវេលា។

ជាងនេះទៅទៀត នៅក្នុងទឹកដីឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក៏មានរោងសិប្បកម្មកែច្នៃឈើជាច្រើនកន្លែងរបស់ឈ្មួញឈ្មោះ យាយម៉ាប់ ផងដែរព្រោះឈ្មួញម្នាក់នេះជាប្រភពចំណូលដ៏សំខាន់របស់លោក អ៊ុ វណ្ណសុភគ៌ និងលោក សុង ឃាង ជាច្រើនឆ្នាំកន្លងមកហើយ។

ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក អ៊ុ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី គឺជាមេខ្លោងដ៏ធំទាក់ទងទៅនឹងបទល្មើសព្រៃឈើ ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មិនអាចសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។

ដោយឡែក លោក អ៊ុ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី  ក៏មិនអាចទាក់បាននៅឡើយដែរ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print