ខេត្តកោះកុង ៖ ក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយពលករនេសាទកម្ពុជា១ម៉ឺននាក់ ដែល រស់នៅខេត្តត្រាត ប្រទេសថៃ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានស្នើសុំទៅភាគីថៃថាដូច្នេះថា «បើពលកររស់នៅក្នុងប្រទេសថៃមានបញ្ហាអ្វីមួយ សូមឱ្យភាគីថៃជួយសម្របសម្រួលដល់ពលករខ្មែរផង និងសូមឱ្យភាគីថៃផ្តល់មកភាគីកម្ពុជាជាបន្ទាន់ ដើម្បីភាគីទាំងទ្វេធ្វើការដោះស្រាយជាមួយគ្នា» ។
ចំពោះកិច្ចពិភាក្សាក៏ដូចជាការស្នើសុំរវាងភាគីកម្ពុជានិងភាគីថៃ លោកស្រីជម្រាបថា លទ្ធផលទទួលបានវេជ្ជមាន ខណៈរាល់បញ្ហាផ្សេងៗត្រូវបានដោះស្រាយគ្នាបានដោយរលូន មិនមានអ្វីរាំងស្ទះគឺទទួលបានលទ្ធផលល្អ។
ព្រមជាមួយគ្នានោះលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងទាំងមន្ត្រីក្រោមឱវាទបានជួប ពិភាក្សាជាមួយភាគីថៃ ព្រមទាំងបានចុះសួរសុខទុក្ខពលករនេសាទកម្ពុជា ដែលរស់នៅខេត្តត្រាត ប្រទេសថៃ ។
កិច្ចសហការល្អ រវាងកម្ពុជា-និងថៃ ក្រោមការណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាក្រសួងមហាផ្ទៃ ដើម្បីជួបសំណេះសំណាលជាមួយពលករទូកនេសាទ ដែលមករកការងារ និងរស់នៅខេត្តត្រាត ដូចជា ចុះទូកធ្វើនេសាទជាដើម។
លោកស្រី ជូ ប៊ុនអេង បានថ្លែងបន្តទៀតថា ពលករនេសាទកម្ពុជាដែលប្រកបរបរចុះនេសាទនៅខេត្តត្រាតមាន ចំនួន១ម៉ឺននាក់ ហើយពលករទាំងអស់នោះមករស់នៅ ធ្វើនេសាទ គឺមានឯកសារស្របច្បាប់ត្រឹមត្រូវទាំងអស់ មានតែមួយចំនួនតូច ដែលគ្មានឯកសារស្របច្បាប់ ។ ចំពោះពលករនេសាទមួយចំនួនតូច ក្រុមការងារនឹង ជម្រុញឱ្យពួកគាត់ធ្វើឯកសារ ដើម្បីរស់នៅប្រទេសថៃ មានភាពងាយស្រួល ៕ NKD