ភ្នំពេញ៖ ទីតាំងហាងកាហ្វេមួយកន្លែង ដែលលួចបើកល្បែងស៊ីសង ភ្នាល់ជល់មាន់តាមOnline ត្រូវអាជ្ញាធរខណ្ឌមានជ័យ ឆ្មក់បង្រ្កាបជាក់ស្តែងឃាត់ខ្លួនអ្នកលេង បានចំនួន២៤នាក់ យកទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ រួចឲ្យក្រុមគ្រួសារមកធានាយកត្រលប់ទៅផ្ទះវិញ។
ប្រតិបត្តិការណ៍ខាងលើនេះ នៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះគ្មានលេខ ក្រុមទី៣ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យបានទទួលបណ្ដឹងពីប្រជាពលរដ្ឋរស់នៅជិតខាងបានរាយការណ៍ថា មានទីតាំងហាងកាហ្វេមួយកន្លែង លួចបើកល្បែងស៊ីសង ភ្នាល់ជល់មាន់តាមOnline ហើយមានមនុស្សប្លែកមុខចេញចូលស្រែកហ៊ោកញ្ជ្រៀវបង្កសំលេងរំខាន ដល់ការរស់នៅរបស់ពួកគាត់ ទើបកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះបង្រ្កាបនិងឃាត់ខ្លួនអ្នកលេង បានចំនួន២៤នាក់ យកទៅអបរំណែនាំ និង ធ្វើកិច្ចសន្យាបញ្ឈប់ រួចឲ្យក្រុមគ្រួសារមកធានា ត្រលប់ទៅផ្ទះវិញ។វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ទូរទស្សន៍ចំនួន២ គ្រឿង និងម៉ូតូចំនួន៨គ្រឿង ។
បច្ចុប្បន្ន ក្រុមអ្នកញៀនល្បែងភ្នាល់ជល់មាន់ខាងលើនេះត្រូវមន្រ្តីកងរាជអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនយក មកអប់រំ និងធ្វើកិច្ចសន្យាហើយ ឲ្យត្រលប់ទៅផ្ទះវិញរៀងៗខ្លួនវិញ ។ចំណែកម្ចាស់ទីតាំងសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាមិនឲ្យមានការលួចបើកលេងទៀតទេ ហើយប្រសិនមិនស្តាប់អាជ្ញាធរ បើមានលើក្រោយសមត្ថកិច្ចនឹងចាត់ការតាមច្បាប់ ៕ ស តារា
...