គណៈកម្មការផ្សារអូរឬស្សី រៀបចំកម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តព្រះពុទ្ធមានបុណ្យ

ចែករំលែក៖

ភ្នំពេញ ​៖​ ​នារសៀលថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ គណកម្មការផ្សារអូរឬស្សី ព្រមទាំងអាជីវករទាំងអស់ និងពុទ្ធបរិស័ទជិតឆ្ងាយ បាន​រៀបចំកម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅវត្ត​ព្រះពុទ្ធមានបុណ្យ ដើម្បីធ្វើបទនមស្ការព្រះរតនៈត្រៃសមាទានសីល និងនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសំដែងធម៌ទេសនា។

លុះព្រឹកឡើងថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ថ្ងៃខែឆ្នាំដដែល វេលាម៉ោង៦ព្រឹក ប្រគេនយាគូ ព្រះសង្ឃ និងវេលាម៉ោង៩ព្រឹករាប់បាត្រវេចង្ហាន់បិណ្ឌបាត ប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺជា​បុណ្យប្រពៃណី​របស់​ដូនតា ​និង​បុព្វបុរស​ខ្មែរ​យើង ដែល​តែង​គោរព​ប្រតិបត្តិធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​ទី​អារាម និង​វេរ​ឧទ្ទិសដល់​វិញ្ញាណ​ក្ខ័​ន្ធ​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាងមុខ​អោយទទួល​បាន​សេចក្តីសុខ​។ហើយពិធីបុណ្យភ្ជុំបិណ្ឌនេះគឺចាប់ផ្តើមពី​ថ្ងៃ​ទី១​រោចដល់១៥រោច ដែល​​ប្រជាពលរដ្ឋ​តាម​ភូមិ​បាន​ចែកវេន​គ្នា​កាន់បិណ្ឌ​ចំនួន​១៤​ថ្ងៃជា​បន្ត​បន្ទា​ប៉ និង​ធ្វើបុណ្យ​រួមគ្នា​នៅ​ថ្ងៃទី​១៥ រោច​ដែលជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​និង​ជា​ថ្ងៃ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ​។​

​ជំនឿ​ពី​បុរាណ​និយាយថា​៖ នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ទាំង​១៥​ថ្ងៃនេះ បើសិនជា​យើង​មិនបាន​ទៅធ្វើ​បុណ្យ ឧទ្ទិស​កុសល​ជូន​ដល់​ញាតិសណ្តាន​ដែល​បាន​ស្លាប់​នៅក្នុង​វត្ត​ណាមួយ​ទេ ហើយ​កាលណា​អ្នក​ស្លាប់ទៅ​ដើររក ពុំ​ឃើញ​គ្រប់​៧​វត្ត​នោះ ញាតិសន្តាន​នោះគេ នឹងដាក់​បណ្តាសារ​អោយ​ហិនហោចខ្លោចផ្សារ​និង វិនាស​ជា​មិន ខាន​។ ប៉ុន្តែ​បើ​រកឃើញ​កូនចៅ​ញាតិ និង សណ្តាន​បាន​ទៅ​វត្ត​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​ហើយ ពួកគេ​តែង​អោយ​ពរជ័យ អោយ​រកស៊ី​កើតមាន​បាន​ត្រជាក់ត្រជុំ មាន​សិរី​សួស្តី មិនខានឡើយ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print