ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ គណកម្មការផ្សារអូរឬស្សី ព្រមទាំងអាជីវករទាំងអស់ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំកម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅវត្តព្រះពុទ្ធមានបុណ្យ ដើម្បីធ្វើបទនមស្ការព្រះរតនៈត្រៃសមាទានសីល និងនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសំដែងធម៌ទេសនា។
លុះព្រឹកឡើងថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ថ្ងៃខែឆ្នាំដដែល វេលាម៉ោង៦ព្រឹក ប្រគេនយាគូ ព្រះសង្ឃ និងវេលាម៉ោង៩ព្រឹករាប់បាត្រវេចង្ហាន់បិណ្ឌបាត ប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
ពិធីបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យប្រពៃណីរបស់ដូនតា និងបុព្វបុរសខ្មែរយើង ដែលតែងគោរពប្រតិបត្តិធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាម និងវេរឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបុព្វការីជនដែលបានចែកឋានទៅលោកខាងមុខអោយទទួលបានសេចក្តីសុខ។ហើយពិធីបុណ្យភ្ជុំបិណ្ឌនេះគឺចាប់ផ្តើមពីថ្ងៃទី១រោចដល់១៥រោច ដែលប្រជាពលរដ្ឋតាមភូមិបានចែកវេនគ្នាកាន់បិណ្ឌចំនួន១៤ថ្ងៃជាបន្តបន្ទាប៉ និងធ្វើបុណ្យរួមគ្នានៅថ្ងៃទី១៥ រោចដែលជាថ្ងៃភ្ជុំបិណ្ឌធំនិងជាថ្ងៃបញ្ចប់បុណ្យភ្ជុំបិណ្ឌ។
ជំនឿពីបុរាណនិយាយថា៖ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌទាំង១៥ថ្ងៃនេះ បើសិនជាយើងមិនបានទៅធ្វើបុណ្យ ឧទ្ទិសកុសលជូនដល់ញាតិសណ្តានដែលបានស្លាប់នៅក្នុងវត្តណាមួយទេ ហើយកាលណាអ្នកស្លាប់ទៅដើររក ពុំឃើញគ្រប់៧វត្តនោះ ញាតិសន្តាននោះគេ នឹងដាក់បណ្តាសារអោយហិនហោចខ្លោចផ្សារនិង វិនាសជាមិន ខាន។ ប៉ុន្តែបើរកឃើញកូនចៅញាតិ និង សណ្តានបានទៅវត្តធ្វើបុណ្យភ្ជុំបិណ្ឌហើយ ពួកគេតែងអោយពរជ័យ អោយរកស៊ីកើតមានបានត្រជាក់ត្រជុំ មានសិរីសួស្តី មិនខានឡើយ៕