ខេត្តបាត់ដំបង ៖ ក្នុងស្ថានភាពយប់ងងិត គ្មានញាតិបងប្អូនជួយ បានកើតឡើងលើស្ត្រីម្នាក់ ដែលពរពោះរៀប នឹងសម្រាលកូនកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ តែជាភ័ព្វ សំណាងបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង និងកម្លាំងប្រជាការពារ ដែលចុះបំពេញ ភារកិច្ចល្បាត ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បានប្រទះឃើញជួយអន្តរាគមន៍ រហូតទទួលជោគ ជ័យសុវត្ថិភាពទាំងម្តាយ និងកូន។
នគរបាលបានឲ្យដឹងថា នៅមុនកើតហេតុ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងតែងចុះល្បាត ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមបទបញ្ជា ក៏បានប្រទះឃើញស្រ្តីម្នាក់ ដែលគាត់មានអការៈ ឈឺពោះរៀបនឹងសម្រាលកូនតាមដងផ្លូវសាធារណៈ ទាំងយប់ងងិត ថែមទាំងគ្មានញាតិ និងបងប្អូនឡើយ ។
នគរបាលបន្តថា ក្នុងស្ថានភាពបែបនេះកម្លាំងនគរបាលរួមជាមួយកងប្រជាការពារបានរាយការណ៍ទៅមន្រ្តីប្រចាំ ការនៅមណ្ឌលសុខភាពឃុំត្រាង ស្រុកកំរៀង ចុះមកដល់ទីកន្លែង ដើម្បីជួយសម្រួលដល់ការសម្រាលរបស់ស្ត្រី ខាងលើ រហូតទទួលបានលទ្ធផលល្អ ទាំងម្តាយនិងកូន ប្រកបដោយសុវត្ថិភាព ។ នគរបាលថា ក្រោយសម្រាល កូនរួច កម្លាំងបានដឹកនាំពួកគាត់ទៅកាន់មណ្ឌលសុខភាពត្រាង ក្នុងពេលនោះផងដែរ ។
ស្រ្តីរូបនោះមានឈ្មោះស៊ូ សម្បត្តិ អាយុ២៩ឆ្នាំ មានទីលំនៅភូមិភ្នំ១០០ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង៕ NKD