ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥លោកនាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបាន ជួបពិភាក្សាការងារជាមួយលោកដាំង វូ សឺន ប្រធានគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ទាក់ទងផែនការសហប្រតិបត្តិការឆ្នាំ២០១៦ លើវិស័យអក្សរបំភ័ន្តអក្ខរៈ (អក្សរសម្ងាត់) ។
តាមការបញ្ជាក់អោយដឹងពីមន្ត្រីអះអាងថាៈ កិច្ចប្រជុំ ពិភាក្សាការងារ នេះ គឺមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ដោយលើកឡើងពីកិច្ចប្រជុំផែនការ សហប្រតិបត្តិការឆ្នាំ២០១៦ រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងការពារជាតិវៀតណាម គឺក្នុងគោលបំណងបន្តអភិវឌ្ឍន៍ និងលើកកម្ពស់ ប្រសិទ្ធភាពសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកក្នុងវិស័យអក្សរសម្ងាត់របស់ប្រទេសទាំងពីរ លើវិស័យអក្សរបំភ័ន្តអក្ខរៈ (អក្សរសម្ងាត់) ។
ក្នុងជំនួបនាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា គណៈប្រតិភូក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណចំពោះលោកដាំង វូ សឺន និងសហការី នៃគណៈអក្សរសម្ងាត់ររដ្ឋាភិបាល នៃក្រសួងការពារជាតិវៀតណាម ដែលបានទទួលស្វាគមន៍ គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា យ៉ាងកក់ក្តៅ និងមនោសញ្ចេតនាសិ្នទ្ធស្នាល ។
នាយឧត្តមសេនីយ៍បានបន្តថាៈ តាមនាមគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា សូមសំដែងនូវក្តីសោមនុស្ស និងអរគុណចំពោះគណៈអក្សរសម្ងាត់រដ្ឋាភិបាល នៃក្រសួងការពារជាតិវៀតណាម ដែលបានផ្តល់កិត្តិយសអញ្ជើញគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា មកបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ជំនួសមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាលោកក៏ សូមចូលរួមអរអរសាទរចំពោះសមិទ្ធផល និងជោគជ័យដែលបក្ស និងរដ្ឋាភិបាលវៀតណាម ទទួលបានក្នុងការកិច្ចដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ នាឆ្នាំកន្លងមក និងជាពិសេសជោគជ័យប្រកបដោយស្នាដៃ ក្នុងការបំពេញកាតព្វកិច្ចដើម្បីបុព្វហេតុ មាតុភូមិ និងប្រជាជន ៕
ដោយ៖ សុខ ខេមរា