ភ្នំពេញ៖ អ្នកចម្រៀងជើងចាស់សំនៀងពិរោះរណ្តំ លោកយិន សារិនបានត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេលកាល់ម៉ែត្រជាបន្ទាន់បន្ទាប់ពីជំងឺធ្វើទុក្ខជាទម្ងន់មិនអាចសម្រាក់នៅគេហដ្ឋានបាន។ លោកបានបញ្ជូនចូលមន្ទីរពេទ្យកាល់ម៉ែត្រចាប់តាំងពីថ្ងៃទី២១វិច្ឆិកាឆ្នាំ២០១៥មកម្ល៉េះរហូតមកទល់ពេលនេះអាការៈជំងឺរបស់លោកនៅមិនទាន់ប្រសើរខ្លាំងប៉ុន្មានឡើយទេ ។
លោកពង្ស សុភាព ជាកូនច្បងរបស់លោកយិន សារិនបានបញ្ជាក់កាលពីយប់ថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០១៥នាមន្ទីរពេទ្យកាល់ម៉ែត្រថាឪពុករបស់លោកបានធ្លាក់ខ្លួនឈឺជំងឺទឹកនោមផ្អែមអស់រយៈពេល២០ឆ្នាំមកហើយដែលមកទល់ពេលនេះគាត់មានអាការៈកម្រិតធ្ងន់ជាតិស្ករឡើងចុះហើយការបញ្ជូនគាត់មកមន្ទីរពេទ្យនេះដោយសារតែគាត់ដួលបាក់ឆ្អឹងក៍ជើងផ្នែកខាងស្តាំហើយអាការៈប្រែប្រួលប្លែកទើបកូនចៅមិនអាចរក្សាទុកនៅផ្ទះបានមានតែមកពេទ្យព្យាបាលប៉ុណ្ណោះ ។
លោកបន្តថាកន្លងមកគាត់ចុះជាតិស្ករខ្លាំងក៍សន្លប់ម្តងដែរកាលនៅពេទ្យធំរយៈពេលមួយខែមុនក្រោយមកបានធូរបន្តិចទើបតែពេលនេះហក់ឡើងវិញទើបត្រូវមកពេទ្យ។លោកបន្តថាជំងឺរបស់ឪពុកលោកពេទ្យបញ្ជាក់ថាដល់កម្រិតត្រូវលាងឈាមដោយលោកគ្រូពេទ្យមិនបានបញ្ជាក់ថាត្រូវលាងឈាមប៉ុន្មានថ្ងៃម្តងនោះទេគ្រាន់តែត្រូវតម្រូវលាងឈាម។លោកបន្តថានៅពេលឡើងកម្តៅម្តងៗឪពុកលោកមានអាការៈ វង្វេងម្តងៗ ។
លោកបន្តដែរថាមិនទាន់មានអ្នកមកសាកសួរសុខទុក្ខលោកច្រើននៅឡើយទេព្រោះតែមិនដឹងដំណឹងនេះទើបតែយប់ថ្ងៃទី២១នេះមានសមាជិកសមាគមសិល្បករខ្មែរមានព្រះតេជគុណ នីសុវណ្ណមុនីរ៉េតគង់នៅវត្តនាគវ័នកុដលេខ២៤បានមកសួរសុខទុក្ខនិងចាងហ្វាងផលិតកម្មចក្កវាឡព្រមទាំងអ្នកនាងស៊ុនណារីម៉ូនីកាបានមកសួរនាំផ្តល់ការលើកទឹកចិត្តនិងបានជួយជាថវិកាតាមទឹកចិត្តខ្លះដែរ ។
ទោះបីជាយ៉ាងណាលោកនៅមិនទាន់កំណត់ពេលថាសម្រាកព្យាបាលដល់ពេលណាទេអាស្រ័យលើស្ថានភាពជំងឺព្រោះថាអាការៈនៅតែតាមដានបើទោះជាត្រូវបង់ថ្លៃការសម្រាកព្យាបាលថ្នាំផ្សេងមានការកើនឡើងក៍យើងមិនអាចចោលគាត់បាននោះទេមានតែការចំណាយមើលថែរគាត់ព្រោះនេះជាអ្នកមានគុណដែលជាភារៈតបស្នង។ យ៉ាងណាលោកក៍សូមអំពាវនាវដល់មហាជនក៍ដូចជាមន្ត្រីគ្រប់លំដាប់ថ្នាក់ជួយគិតគូចំពោះលោកឪពុកយិន សារិនផងព្រោះគាត់ជាអ្នកចម្រៀងមានការទទួលស្គាល់ហើយធ្លាប់ច្រៀងចម្រៀងមួយចំនួនដែលនិយាយពីការអភិវឌ្ឍន៍ជាតិផងដែរ ។
លោករំពឹងថាប្រិយមិត្តទាំងអស់ក៍ដូចជាសិល្បករនានាពេលទទួលដំណឹងនេះនិងមកសួរសុខទុក្ខជាក់ជាមិនខាន។តំណាងឲ្យក្រុមគ្រួសារលោកក៍សូមថ្លែងអំណរគុណព្រះតេជគុណនីសុវណ្ណមុនីរ៉េតអ្នកស្រីថុងស៊ីវទៀងអ្នកនាងស៊ុនណារីម៉ូនីកាដែលបានចំណាយពេលមកសួរសុខទុក្ខលោកឪពុកលោកជាការផ្តល់កម្លាំងចិត្ត ។
គួរបញ្ជាក់ដែរថា កន្លងមកប្រជាពលរដ្ឋខ្មែរជាច្រើនសុទ្ធតែធ្លាប់បានស្តាប់បទចម្រៀងរបស់លោកយិន សារិនតាមរយៈបទចម្រៀងអប់រំបែបសង្គមមួយចំនួនដូចជាបទ”ទំនួញផ្លូវលំ””ជីវិតក្មេងវត្ត””ជីវិតអ្នកចម្ការវាសនាអ្នកស្រែ””ទឹកចិត្តមេទាហាន””អនិច្ចាស្ពានដែក””ស្រណោះខ្លួនស្រី””ម្លប់ដូង” ”កូនប្រុសហ៊ុនកំសត់ប្រវត្តិវិទ្យាល័យ” និងបទចម្រៀងជាច្រើនទៀត។ លោក យិន សារិន បច្ចុប្បន្ន មាន អាយុ ៦៦ឆ្នាំ លោកមានភរិយាឈ្មោះ យ៉ាវ ភឿន មានកូនក្នុង៤នាក់ ប្រុស៣ ស្រី១ ។
លោកបានបាត់មុខពីសិល្បៈអស់មួយរយៈដោយសារសុខភាពពិសេសជំងឺទឹកនោមផ្អែមដែលធ្វើឲ្យតារាចម្រៀងមានសំឡេងពិរោះបែបមនោសញ្ចេតនារូបនេះនៅឆ្ងាយពីទស្សនិកជនអស់ជាយូមកហើយ។ កាលពីអំឡុងឆ្នាំ២០១៣លោកក៏ធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់ម្តងដែរហើយក៏ទទួលបានការឧត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ សម្រាប់មើលជំងឺផងដែរ ៕
ដោយ៖ វឌ្ឍនា