សាឌីអារ៉ាប៊ី ប្រតិកម្មជាលើកដំបូងក្រោយការចោទប្រកាន់ពីអុីរ៉ង់ជាប់ពាក់ព័ន្ធការបាញ់ប្រហារ

ចែករំលែក៖


ជាច្រើនថ្ងៃកន្លងមក ប្រទេសតំបន់អារ៉ាប់ពិសេសគឺសាឌីអារ៉ាប៊ី ដែលជាសត្រូវធំបំផុតរបស់អុីរ៉ង់បានរក្សាភាពស្ងៀមស្ងាត់​ ដោយមិនតបតអ្វីទៅលើការចោទប្រកាន់ពីអុីរ៉ង់ ថាជាប់ពាក់ព័ន្ធការបាញ់ប្រហារ​កាលពីថ្ងៃទី​២២ខែកញ្ញាកន្លងមក។  ដោយមិនអាចរក្សាការអត់ធ្មត់បានទៀតប្រទេសអារ៉ាប៊ីសាអូឌីត​បានចេញមុខទាត់ចោល ការចោទប្រកាន់​នានា​របស់​ប្រទេសអ៊ីរ៉ង់ថា ទីក្រុងរីយ៉ាដជា​អ្នកស្ថិតពីក្រោយអំពើភេរវកម្ម នៃការបាញ់រះដោយ​ក្រុមភេរវករទៅ​លើក្បួនព្យុហយាត្រា​យោធាអ៊ីរ៉ង់ នៅក្នុងទីក្រុង​អាវ៉ាស ភាគខាងលិច​ប្រទេស ដែលបានផ្តាច់ជីវិតមនុស្ស ២៥នាក់ និងជាង​៦០នាក់រងរបួស។ ការទាត់ចោល​​ខាងលើនេះ ធ្វើឡើងដោយ​ក្រសួងការបរទេស​​អារ៉ាប៊ីសាអូឌីត ដើម្បីបង្ហាញទៅកាន់​ពិភពលោកថា រាជាណាចក្រនេះ​សូមទាត់ចោល​ទាំងស្រុង​ចំពោះការចោទ​ប្រកាន់ដោយគ្មាន​មូលដ្ឋាន ពីសំណាក់ក្រុមមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ដែលថា អារ៉ាប៊ីសាអូឌីត​បានគាំទ្រដល់ក្រុមសកម្មប្រយុទ្ធ ដែលបានបង្ក​ការវាយប្រហារទៅលើ​ប្រទេសអ៊ីរ៉ង់កាលពី​ចុងសប្តាហ៍មុននោះ។ ទីក្រុងរីយ៉ាដ​បានសង្កត់ធ្ងន់ទៀតថា «នយោបាយ​​ការបរទេស​របស់យើងគឺច្បាស់លាស់ ដោយមិនលូកដៃ​ចូលកិច្ចការផ្ទៃក្នុង នៃប្រទេស​ណាមួយនោះ​ឡើយ»។ គួរបញ្ជាក់ថា អំពើភេរវកម្ម​​ដ៏គួរឲ្យភ្ញាក់ផ្អើល​មួយ​ បានផ្ទុះឡើងនៅទីក្រុង​អាវ៉ាស នៃភាគខាងលិច​ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍​សប្តាហ៍មុននេះ នៅក្នុងក្បួនព្យុះហយាត្រា​យោធា​ដ៏ធំមួយ ដើម្បីរំលឹកខួបនៃការផ្ទុះ​សង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ឆ្នាំ១៩៨០-១៩៨៨ ដោយក្នុងនោះ​ក៏មានការអញ្ជើញចូលរួម​ពីប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី និងមន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់ជាច្រើនរូបទៀត​ផងដែរ។  ការបាញ់រះបាន​​កើតមានឡើងរយៈពេល ១០នាទី ដោយក្នុង​​ចំណោមខ្មាន់​​កាំភ្លើង ០៤នាក់ មាន​០២នាក់ត្រូវបាន​បាញ់សម្លាប់ និង០២នាក់ចាប់ខ្លួន ខណៈអាជ្ញាធរ​អ៊ីរ៉ង់នាដើម​សប្តាហ៍នេះ ទើបតែបាន​ចាប់ខ្លួន​ជនសង្ស័យ​បន្ថែម ដែលមានជាប់ពាក់ព័ន្ធ​នឹងអំពើភេរវកម្ម​ខាងលើ៕ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print