ព័ត៌មានជាតិ, ព័ត៌មានថ្មី លោក ឃួង ស្រេងជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ច ត្រូវបន្ដចុះពិនិត្យ ទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ និង បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ ចែករំលែក៖ភ្នំពេញ៖ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវបន្ដចុះល្បាត ត្រួត ពិនិត្យទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់ បញ្ហាគ្រឿង ញៀននិង បង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ។លោកឃួង ស្រេង បានជំរុញបែបនេះ ក្នុងពិធី ជួបសំណេះ សំណាលជាមួយមន្ត្រីរាជការ ចំណុះរដ្ឋបាលខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ កាលពីរសៀលថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៨ ។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ មន្ត្រីរបស់យើងជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះត្រូវមើលពួកគាត់អោយបានគ្រប់ជ្រុងជ្រោយ ។ ជាក់ស្តែងដូចជាផ្ទះសំបែងជាដើម នៅខណ្ឌដូនពេញនេះមានសំណង់ចាស់ ៗច្រើនដូច្នេះ ក្នុងនាមយើងជាអាណាព្យាបាលត្រូវតែយកចិត្តទុកដាក់ចំពោះការរស់នៅរបស់ពួកគាត់ ដោយត្រូវរកមន្ត្រីជំនាញមកវាយតំលៃថាតើពួកគាត់អាចរស់នៅបន្តទៀតបានឬទេ។ លោក ឃួង ស្រេង បានបន្តថា៖ គោលបំណងដែលលោក មកជួបបងប្អូនមន្ត្រីរបស់ខណ្ឌដូនពេញនៅពេលនេះ គឺដើម្បីសួរសុខទុក្ខមន្ត្រីរបស់យើងធ្វើការងារបានអ្វីខ្លះ ហើយនៅខ្វះចំណុចណាខ្លះដើម្បីបំពេញបន្ថែមធ្វើយ៉ាងណាបំរើប្រជា ពលរដ្ឋអោយរិតតែល្អប្រសើរឡើងថែមទៀត។ លោកឃួង ស្រេង ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខណ្ឌដូនពេញ រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែល បានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ រួមនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបាលល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន។ លោកបញ្ជាក់ថា៖ នៅលើពិភពលោកមិនមានប្រទេសណាធ្លាក់ដល់ចំណុចសូន្យដូច ប្រទេសកម្ពុជាយើងនោះទេ។តែដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើងបានធ្វើអោយប្រទសដ៏សែនអាក្រក់មួយនេះ បានងើបខ្លួនជាបណ្តើរៗ រហូតមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ។យុវជនត្រូវសិក្សារៀនសូត្រពីមនុស្សចាស់ រកចំណុចល្អៗពីមនុស្សចាស់ ដើម្បីយកមកអនុវត្តការងារអោយបានល្អប្រសើរ ។ តាមគំនិតរបស់លោកគឺបណ្តុះបណ្តាលយុវជន និងមើលថែមនុស្សចាស់ ។យុវជន និងមនុស្សចាស់ ត្រូវតែដើរទន្ទឹមគ្នា មានន័យថា បើអត់មនុស្សចាស់ ក្មេងក៏គ្មានឱកាសដែរ។មនុស្សចាស់ជាអ្នកតម្រង់ទិសអោយក្មេង ទើបក្មេងអាចដើរខ្លួនឯង។ ទន្ទឹមនឹងភាពល្អប្រសើរហើយនោះ ខណ្ឌដូនពេញក៏មានបញ្ហាប្រឈម ដែលត្រូវអនុវត្តបន្តដែរ ក្នុងនោះមានបញ្ហាសណ្តាប់ធា្នប់មិនទាន់រៀបចំបានល្អប្រសើរនូវឡើយប្រជាពលរដ្ឋមិនទាន់គោរពច្បាប់ចរាចរ បញ្ហាគ្រឿងញៀននៅតែកើតមាន ការចុះកិច្ចសន្យាជាមួយក្លឹបកំសាន្តនានាក៏នៅមិនទាន់បានគ្រប់ជ្រុងជ្រោយជាដើម។ លោក ឃួង ស្រេង ក៏បានជំរុញឲ្យរដ្ឋបាលខណ្ឌដូនពេញដោះស្រាយ នូវការរៀបចំសណ្តាប់ សំណង់គ្មានច្បាប់ ការសង់រោងបិទផ្លូវសាធារណៈ ពិនិត្យអាវុធជាតិផ្ទុះ គ្រឿងស្រវឹងអោយបានល្អបន្ថែម និងមិនអោយមានរុឺម៉កដឹកធ្យូងចូលក្រុង។ ត្រូវពង្រឹងការអនុវត្តច្បាប់ គ្រប់គ្រងជនបរទេស និងសមាគមន៍មួយចំនួនដែលមាននិន្នាការប្រឆាំង ។ លោកបញ្ជាក់ថា ៖នៅភ្នំពេញមានកន្លែងសប្បាយភាព ២៦៤២ ទីតាំង ក្នុងនោះសម្រាប់ខណ្ឌដូនពេញមានចំនួន ៥៨៥ទីតាំង ហើយក្នុងចំនួននេះ រដ្ឋបាលខណ្ឌដូនពេញទើបតែចុះពិនិត្យនិងធ្វើកិច្ចសន្យាបានតែជាង១០០ទីតាំងប៉ុណ្ណោះ។ ត្រូវណែនាំអោយម្ចាស់ក្លឹបកំសាន្តទាំងអស់បំពេញបែបបទច្បាប់អោយបានត្រឹមត្រូវ ពិសេស ការដាក់ស្លាកយីហោត្រូវតែដាក់អក្សរខ្មែរអោយបានធំៗនិងនៅពីលើអក្សរបរទេស ដោយទុករយៈពេលអោយចំនួន២សប្តាហ៍ បើមិនដូច្នេះទេ យើងចាត់វិធានការភ្លាម ។ លោក ក៏បានជំរុញឲ្យមានការបង្ការទប់ស្កាត់បទល្មើស លួច ឆក់ ប្លន់គ្រប់ប្រភេទ រួមទាំងបង្ការទប់ស្កាត់គ្រោះអគ្គីភ័យដើម្បីការពារសន្តិសុខ និសុវត្ថិភាពជូនអ្នកចូលហូបចុក និងប្រជាពលរដ្ឋទូទៅ ព្រោះសន្តិសុខនេះជាតម្រូវការចាំបាច់និងចង់បានរបស់មនុស្សគ្រប់គ្នាមិនថា អ្នកមាន និងអ្នកក្រនោះទេ ៕ ដោយ៖ សំរិត ចែករំលែក៖