ភ្នំពេញ៖ យុវជនបីនាក់ក្នុងចំនោមមិត្តភ័ក្តជិត២០នាក់បានរងរបួសធ្ងន់ខណះដែលត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នាបួននាក់ប្រដាប់ដោយអាវុធខ្លីពីរដើមធ្វើសកម្មភាពបាញ់រះទៅលើក្រុមជនរងគ្រោះប្លន់យកម៉ូតូពីរគ្រឿងហើយក្រុមជនសង្ស័យយកម៉ូតូជិះរត់គេចខ្លួនបាត់ស្រមោល ។
ដែលហេតុការណ៍បាញ់ប្លន់ដ៏គួរអោយភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង២នឹង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្បែរនឹងបុរីភ្នំមាស តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពត៌មានពីជនរងគ្រោះម្នាក់ឈ្មោះ ផាន ភ័ស្ត អាយុ២៦ឆ្នាំ ដែលបានរត់គេចខ្លួនផុតជីវិតពីការបាញ់ប្រហារនេះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេជាមួយនឹងមិត្តភក្ត្រជាច្រើននាក់ទៀត មានគ្នាប្រមាណជិត២០នាក់ បាននាំគ្នាមកដើរលេងនៅក្នុងពិធីបុណ្យអំទូកនៅក្នុងរាជធានីភ្នំពេញ ហើយក៏បាននាំគ្នាជិះម៉ូតូដើរលេង ។ ពេលវេលាម៉ោងកើតហេតុយប់កាន់តែជ្រៅពួកគេបាននាំគ្នាជិះម៉ូតូបំណងត្រឡប់ទៅស្រុកកំណើតឯខេត្តកណ្តាលវិញ ប៉ុន្តែពេលមកដល់ក៏ស្រាប់តែមានជនសង្ស័យ មួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ជិះមកក្បែរពីក្រោយបានដកកាំភ្លើងខ្លី២ដើមបាញ់រះមកលើពួកគេតែម្តង ពេលពួកគេទាំងអស់គ្នាមានការភ័យស្លន់ស្លោរពេកក៏មានអ្នកខ្លះជិះម៉ូតូរត់ និងខ្លះទៀតផ្តួលម៉ូតូចោលរត់យកតែរួចខ្លួន ។
ប្រភពបន្តថា បន្ទាប់ពីបាញ់មិត្តភក្ត្រគេឱ្យរបួសហើយ ក្រុមចោរទាំងនោះមិនអស់ចិត្តបាននាំគ្នាដេញបាញ់ពួកគេបំរុងសម្លាប់ចោលតែម្តង តែត្រូវពួកគេព្យាយាមរត់គេចខ្លួនចូលកន្លែងងងឹត ទើបក្រុមចោរមិនដេញតាមទៀត ហើយបានលើកយកម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាក MSX និងមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤ ហើយជិះគេចខ្លួនអស់តែម្តងទៅ ។
ក្រោយមកជនរងគ្រោះដែលរងរបួសទាំង៣នាក់ ត្រូវបានមិត្តភក្ត្រដឹកយកទៅសង្គ្រោះនៅមនទីរពេទ្យ រួចទើបទៅដាក់ពាក្យបណ្តឹងនៅពេលក្រោយ ៕
ដោយ៖ ភារ៉ា ដង្កោ