ភ្នំពេញ ៖ លោកស្រីកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋ សភា ព្រឹទ្ធសភា និងអធិការកិច្ច បានអគុណមហាមិត្ដចិន ដែលបានជួយអភិវឌ្ឍន៏កម្ពុជាឲនយមានការីកចម្រើន លើគ្រប់វិស័យ រហូតដល់សព្វថ្ងៃ ហើយកម្ពុជាក៏នូវតែបន្ដត្រូវការមហាមិត្ដចិន ជួយកិច្ចការងារជាច្រើនទៀត លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈលោកស្រី បានអនុញាតិឱ្យ លោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិន បញ្ចប់អាណត្ដិប្រចាំកម្ពុជា ចូលជួបជម្រាប់លា និងសំដែងការគួរសម នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធិ ស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៨ ។
លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានឱ្យដឹងថា៖ តាមរយៈនៃជំនួបនេះ លោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាចប់អាណត្តិ បានជំរាបជូនលោកស្រីឧបនាយករដ្ឋមន្ត្រីថា ៖ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ លោកបានធ្វើកិច្ចការងារជាច្រើន ពិសេស ជួយសម្របសម្រួលក្នុងដំណើរទស្សនកិច្ច លោក ប្រធានាធិបតីចិន Xi Jinping, លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង មកកាន់ កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសចិនផងដែរ។
លោក មន្ត្រីការទូតរូបនេះ បានជំរាបជូនលោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ថា៖ មុននេះ លោកត្រូវបានសម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យចូលសម្តេចជួបថ្លែងអំណរគុណ និងជំរាបលាផងដែរ ។
លោក ស្យុង ព័រ ក៏បានជម្រាបជូនលោកស្រី កិត្ដិសង្គហបណ្ឌិតថា ក្នុងរយៈពេល ២ឆ្នាំមកនេះ គឺបានយកចិត្តទុកដាក់ខ្លាំងនៅក្នុងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច នយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងកិច្ចសហប្រតិបត្តិការជាច្រើនទៀត ដែលក្នុងនោះ ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងចិន-កម្ពុជា ដល់ចំណុចថ្មីមួយទៀត ។
លោកស្រីកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ លោក ស្យុង ព័រ និងមន្ត្រីការទូតរបស់ចិនទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងចិន បានរីកចម្រើនដល់កម្រិតខ្លាំងឡើងថែមទៀត ។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានបន្តថា៖ ទំនាក់ទំនងរវាងប្រទេសយើងទាំង២បានឈានដល់ចំណុចទី១ គឺកិច្ច សហប្រតិបត្តិការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ហើយថ្មីៗនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមានប្រសាសន៍ ថា កម្ពុជា-ចិន គឺជាមិត្តដែកថែប ដែលកសាងឡើង ដោយភាពស្មោះត្រង់រវាង មិត្តនិងមិត្ត ។
ជាមួយនេះដែរ លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានជំរាបជូនឯកអគ្គរដ្ឋទូតចិនថា៖ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រិទ្ធសភា និងអធិការកិច្ច បានអនុវត្តយ៉ាងល្អប្រសើរ ទៅនឹងអនុស្សារណៈដែលបានចុះហត្ថលេខារួចហើយជាមួយអធិការកិច្ចចិនកន្លងមក ហើយនៅពេលខាងមុខដ៏ខ្លីនេះ ក្រសួងត្រៀមរៀបចំទទួលប្រតិភូអធិការកិច្ចរបស់ប្រទេសចិន ដែលមកទស្សនកិច្ចនៅកម្ពុជា ហើយទស្សនកិច្ចនេះ លោកស្រីឧបនាយករដ្ឋមន្ត្រីយល់ឃើញថា នឹងនាំមកនូវកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត លើវិស័យអធិការកិច្ចរវាងប្រទេសទាំងពីរ ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរ គុណ ជូនចំពោះប្រជាជនរដ្ឋាភិបាលចិនផងដែរ ដែលតែងតែគាំទ្រកម្ពុជារហូតមក និងសូមជូនពរឲ្យឯ,ឧ បានទទួលជោគជ័យ នៃបេសកកម្មថ្មីថែមទៀត។
សូមបញ្ជាក់ថា៖ លោកស្យុង ព័រ ត្រូវបាន រដ្ឋាភិបាលចិន ជ្រើសតាំងឲ្យមកបំពេញ បេសកកម្មកាទូតនៅកម្ពុជា កាលពីអំឡុងឆ្នាំ២០១៦ ហើយមកដល់ពេលនេះ មានរយៈពេល ២ឆ្នាំហើយ ដែលលោក ត្រូវបានបញ្ចប់អាណត្តិ កាទូតនេះ ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ឯកអគ្គរដ្ឋទូតថ្មី ដែលនឹងត្រូវមកបន្ដបេសកកម្មកាទូតនេះ ក្រសួងការបរទេសកម្ពុជា មិនទាន់បាន បញ្ជាក់នៅឡើយ ៕ ដោយ៖សំរិត