សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីប៊ុលហ្ការី

ចែករំលែក៖

អាមេរិក៖ នៅថ្ងៃទី ២៨ កញ្ញាដដែលនេះ បន្ទាប់ពីបានអញ្ជើញជួបជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់រួចហើយនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី ។

នៅក្នុងជំនួបពិភាក្សាគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសប៊ុលហ្ការី កាលពីអតីតកាលដែលបានដើរតួនាទីក្នុងការជួយដល់ប្រទេសកម្ពុជា នៅពេលដែលកម្ពុជាបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបន្តវត្តមានចូលរួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើង ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរាបជូនសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការីថា នៅឆ្នាំ២០១៩ ខាងមុខ កម្ពុជានឹងរៀបចំបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅប៊ុលហ្ការីជាថ្មីឡើងវិញ បន្ទាប់ពីបានបិទមួយរយៈដោយស្ថានភាពនយោបាយរបស់ប្រទេសប៊ុលហ្ការី។

ឯកឧត្តមនាយករដ្ឋមន្រ្តី ប៊ុលហ្ការី ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ក្នុងការបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្ការី។ ទន្ទឹមនឹងនេះដែរ គឺជាឱកាសដែលសម្តេចនឹងបានអញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវការនៅប៊ុលហ្ការីផងដែរ។

ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានជំរាបជូនភាគីប៊ុលហ្ការី អំពីគោលបំណងនៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងប្រទេសកម្ពុជានាឆ្នាំ២០២០ ដែលក្នុងនោះបណ្តាប្រទេសអាស៊ានក៏បានឯកភាពរួចហើយ រួមទាំងប្រទេសនៅអឺរ៉ុបមួយចំនួនផងដែរ។ ឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្ការីបានឯកភាពចំពោះសំណើររបស់ សម្តេចតេជោ និងបានចាត់ទុកថានេះ គឺជាឱកាសដើម្បីរូបលោកបានអញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវការនៅកម្ពុជាផងដែរនាពេលខាងមុខនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print