ខេត្តកំពង់ចាម ៖ រថយន្តមួយគ្រឿងត្រូវបានគេអះអាងថា បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលបុកអ្នកជិះម៉ូតូកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយបានរតគេចពីការទទួលខុសត្រូវ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចភូមិអណ្តូងច្រុះ ឃុំ អំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
នគរបាលចរាចរស្រុកកំពង់សៀមឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត ម៉ូតូ ។ រថយន្តម៉ាក ហាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ 3A 5742 (បើកបរមិនស្គាល់ឈ្មោះ ភូមិ ឃុំ មិនស្គាល់) បើកបរពីលិចទៅកើត បានបុកជាមួយម៉ូតូម៉ាក ហុងដា (វ៉េវ) ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1C 8103 បើកបរដោយឈ្មោះ ស្រ៊ន់ សាវឿន ភេទ ស្រី អាយុ 58ឆ្នាំ មានទីលំនៅ ភូមិទី7 ក្រុងកំពង់ចាម ខេត្តកំពង់ចាម (មានមួកសុវត្ថិភាព) ដោយបានជ្រុលមកបុកគូទរថយន្តម៉ាក តូយូតាហាយលែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2N 9895 បើកបរដោយឈ្មោះ ហ៊ាង សុភា ភេទប្រុស អាយុ 41 ឆ្នាំ នៅភូមិច្រាំងចំរេះ១ ខណ្ឌ ឬស្សីកែវ ភ្នំពេញ បើកបរពីលិច ទៅកើត បណ្តាលអោយ(ស្លាប់)មនុស្សស្រី 1នាក់ នៅនឹងកន្លែងកើតហេតុ ។
ចំណែកវត្ថុតាងជំនាញបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។ខូចខាតម៉ូតូកំរិតស្រាល រថយន្តកំរិតស្រាល។ ចំណែកសព បានប្រគល់អោយគ្រួសារសព។ អ្នកបើកបររថយន្តម៉ាកហាន់ដាយទុករថយន្តចោល រត់គេចខ្លួនបាត់។ មូលហេតុ រថយន្តម៉ាកហាន់ដាយប្រើប្រាស់ល្បឿនលឿន។ ករណីនេះជំនាញកំពុងស្រាវជ្រាវ ៕ វណ្ណៈ